បច្ចេកទេសដាំដុះដំណាំស្វាយចន្ទី ដើម្បីទទួលបានជោគជ័យ នៅស្រុកតំបែរ
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
851

បច្ចេកទេសដាំដុះដំណាំស្វាយចន្ទី ដើម្បីទទួលបានជោគជ័យ
ស្វាយចន្ទី ជាប្រភេទដំណាំឧស្សាហកម្ម មានរយៈពេលយូរ។ ការដាំដុះលើផ្ទៃដីទូលាយ ដូច្នេះទាមទារការរៀបចំដីតាមលក្ខណៈបច្ចេកទេសឲ្យបានម៉ត់ចត់ ទើបអាចទទួលបាន ទិន្នផលច្រើន។ ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទី ៨ ៧៩០ហិកតា ស្មើនឹង ៣,៣៨%នៃផ្ទៃដីដាំដុះស្វាយចន្ទី នៅទូទាំងប្រទេស(២៥៨ ៩៨៣ហិកតា)។ ទំហំផ្ទៃដីដាំស្វាយចន្ទីនិងផ្ទៃដីដាំកៅស៊ូ មានទំនាក់ទំនងគ្នាជិតស្និទ្ធ ព្រោះថាផ្ទៃដីនេះតែងប្រែប្រួល ដោយសារកសិករ ពេលស្វាយចន្ទី បានតម្លៃល្អ កាប់កៅស៊ូ ដាំស្វាយចន្ទី ឬ ពេលកៅស៊ូមានតម្លៃល្អ កាប់ស្វាយចន្ទី ដាំកៅស៊ូ។ តែយ៉ាងណា សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មិនលើកទឹកចិត្តការធ្វើរបៀបនេះនោះទេ ព្រោះដំណាំទាំងពីរប្រភេទនេះ ជាដំណាំរយៈពេលវែង។ ហេតុនេះ ក្នុងគោលបំណងឲ្យការដាំស្វាយចន្ទី ទទួលបានជោគជ័យ កសិកររកបានចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ លោក ង៉ែត សំបឿន(ទូរស័ព្ទលេខ ០៩៦ ៥៥៥ ៤១ ៩១, ០៨៨ ៥៣ ៥១ ៣៣៣) អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សូមបង្ហាញជូននូវបច្ចេកទេសពីដំណើរការដាំស្វាយចន្ទី ដូចតទៅ ៖                                                   
១-ការរៀបចំដី ៖ ត្រូវភ្ជួរដីឲ្យបានជម្រៅ ២០-៣០ស.ម ភ្ជួរឲ្យបាន ២-៣ដង ដើម្បីឲ្យដីផុសល្អ ដោយធ្វើការហាលដីឲ្យស្ងួតល្អមុនដាក់ដាំកូនស្វាយចន្ទី ដើម្បីកាត់បន្ថយស្មៅដុះ និងបំផ្លាញជម្រកសត្វល្អិតចង្រៃ។                                                                     
២-ការជ្រើសរើសពូជ ៖ ត្រូវជ្រើសរើសសុទ្ធល្អ មានប្រភពច្បាស់លាស់ ធន់នឹងជំងឺ សត្វល្អិត ផ្តល់ទិន្នផលខ្ពល់ និងមានតម្រូវការទីផ្សារ ដូចជា ប្រភេទពូជ M1 M23 SAN1 H9.....ដោយប្រើប្រាស់ពូជផ្សាំដោយតត្រួយ។ កូនស្វាយចន្ទី ដែលអាចយកទៅដាំបាន បន្ទាប់ពីតត្រួយរួចរយៈពេល ៧៥ថ្ងៃទៅ៩០ថ្ងៃ ឬ កូនស្វាយចន្ទី ដែលមានត្រួយចាស់១ ឬ ២ឆ័ត្រ។
៣-រដូវការដាំដុះ ៖ ស្វាយចន្ទី ត្រូវធ្វើការដាំដុះចាប់ពីខែឧសភាដល់ខែសីហា នៅពេលមាន ភ្លៀងធ្លាក់ជោគជាំ។ កូនស្វាយចន្ទី អាចងាប់ក្រោយពីដាំរួច ប្រសិនបើគ្មាន​ភ្លៀងធ្លាក់រយៈ ពេល ២-៤សប្តាហ៍។                                                                                                            
៤- គម្លាតដើម ៖ ដើម្បីទទួលបានទិន្នផលខ្ពស់ ការដាំស្វាយចន្ទី ត្រូវគិតពីគម្លាតដាំពីដើមមួយទៅដើមមួយ ធ្វើយ៉ាងណាឲ្យដើមស្វាយចន្ទីទទួលបានពន្លឺគ្រប់គ្រាន់ ដែលអាចកាត់បន្ថយជំងឺ និងសត្វល្អិត ងាយស្រួលក្នុងការប្រើប្រាស់ជី ការបាញ់ថ្នាំ និងការប្រមូលផល។ ស្វាយចន្ទី ផ្សាំ អាចចាប់ផ្តើមប្រមូលផលដំបូងក្នុងរយៈពេល ១៨ខែ បន្ទាប់ពីដាំ។ និងដើម្បីរក្សាគម្លាតពេលមានអាយុ ១០ឆ្នាំ ឡើង ឲ្យបានចាប់ពី ១៤ ម៉ែត្រការ៉េយ៉ាងតិច(ត្រង់នេះ មិនយល់ សុំពន្យល់)។ គម្លាតដើមស្វាយចន្ទី គួរដាំ ៖
ក.ដីប្រភេទលេខ១ ជាដីមានជីជាតិល្អ គម្លាតក្នុងជួរនិងរង ៧មX ៧ម ដែលមានចំនួនដើម ១៨០-១៩០ដើម/ហិកតា
ខ.ដីប្រភេទលេខ២និងលេខ៣ ជាដីមិនសូវមានជីជាតិ ធ្វើឲ្យកូនចន្ទីមានការលូតលាស់យឺត  ហេតុនេះគម្លាតក្នុងជួរនិងក្នុងរង ៨មX ៨ម ហើយថែមភ្នែកក្រូច(គ្រាប់អាប៉ោង)(មើលរូប) ចំនួន ១ដើមទៀត ដែលចំនួនដើម ២៧០ -២៨០ដើម/ហិកតា។                                                                                                                       
៥- រណ្តៅនិងប្រើប្រាស់ជីទ្រាប់បាត ៖​​ រណ្តៅគួរមានទំហំនិងជម្រៅ ០,៤មX០,៤មX០,៤ម ឬ ធំជាងនេះតាមលទ្ធភាព ហើយដាក់ជីទ្រាប់បាត ប្រភេទជីលាមកសត្វ R ជីកំប៉ុស្តិ៍កាន់តែ ប្រសើរ និងជីNPK (15-15-15 ឬ 20-20-15) ឬ ជីអ៊ុយរ៉េ (ជីស)ចំនួន ១ស្លាបព្រាបាយ/រណ្តៅ រួចជ្រុំឲ្យសព្វ រង់ចាំមានភ្លៀងធ្លាក់មក ១-២មេធំ ទើបដាំ។ 
៦-បច្ចេកទេសដាំ ត្រូវយកឡាម ឬ កាបិតមុត ឆូតយកបាតថង់ចេញ ហើយវះយកថង់កូនស្វាយចន្ទីចេញ(កុំហែកនឹងដៃ) និង កាត់ឬសខ្វៀនចេញ ឬ កាត់ឬសចាក់ចេញក្រៅថង់ ចោលមុននឹងដាំ។ ដីក្នុងថង់ផ្នែកខាងលើ របស់កូនស្វាយចន្ទី ត្រូវដាក់ឲ្យស្មើនឹងដីមុខលើរណ្តៅ ហើយយកដីមុខលើលប់រណ្តៅ ដោយសង្កត់ឲ្យបានណែនល្អ។ បន្ទាប់ពីដាំរួច ប្រសិនបើមាន ដើមសណ្តែក ល្ង ស្លឹកឈើក្រៀម ឬ ចំប៉ើង គ្របពីលើជាការប្រសើរ។
ដោយឡែកលោក អ៊ុត ធារ៉ា ម្ចាស់កសិដ្ឋាន ស្រីអូន(ទូរស័ព្ទលេខ 088 46 63 093 , 096 999 25 26) ផ្សាំតត្រួយនិងលក់កូនស្វាយចន្ទី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានប្រកបមុខរបរបំបៅកូនស្វាយចន្ទីនិងកូនកៅស៊ូ(តត្រួយ)អស់រយៈពេល ៧ឆ្នាំមកហើយ បានបង្ហាញបទពិសោធន៍និងគន្លឹះ ក្នុងការដាំស្វាយឲ្យទទួលបានជោគជ័យ។ លោក អ៊ុត ធារ៉ា បានរៀបរាប់ថា ក្នុងមួយរដូវកាល គាត់អាចលក់កូនស្វាយចន្ទីចន្លោះពី ៥០ ០០០ដើម ទៅ ៦០ ០០០ដើម ក្នុងតម្លៃមធ្យម ១ ៨០០រៀល/ដើម ដែលអតិថិជនហើយភាគច្រើន មកពីខេត្ត ក្រចេះ ស្ទឹងត្រែង មណញឌលគីរី និងខេត្តរតនគីរី។ ដាំស្វាយចន្ទី ដើម្បីទទួលបានជោគជ័យ យើងត្រូវដឹងនិងអនុវត្តតាមបច្ចេកទេសមួយចំនួនដូចជា ៖
ក-ត្រូវជ្រើសរើសពូជឲ្យសមស្របទៅតាមមជ្ឍដ្ឋានដី។ ដីទួល មិនជាំទឹក មានអំណោយផលសម្រាប់ការដាំស្វាយចន្ទី។  
ខ-ដី ត្រូវភ្ជួររាស់ហាលឲ្យបានល្អ មុនពេលដាំកូនស្វាយចន្ទី
-ដីសមស្របចាប់ផ្តើមដាំដុះ ត្រូវមានសំណើមជម្រៅមធ្យម ០,៥ម៉ែត្រ
គ-ការដាំដុះ ត្រូវជីករណ្តៅមានគម្លាតដើមកូនស្វាយចន្ទីមួយទៅមួយ ពី ៨ម៉ែត្រទៅ១០ម៉ែត្រ អាស្រ័យលើប្រភេទពូជ(គម្លាតកាន់តែធំ ផ្លែកាន់តែល្អ)
ឃ-ការដាំសក្វាយចន្ទី ក៏ត្រូវប្រើជីទ្រាប់បាតផងដែរ។ ក្នុងមួយឆ្នាំ យើងគួរប្រើប្រាស់ជី ២ដង គឺដើមរដូវភ្លៀង និងចុងរដូវភ្លៀង
ង-កូនស្វាយចន្ទីនៅតូច តែងតែប្រឈមបញ្ហាមួយចំនួនដូចជា ដង្កូវស៊ីត្រួយ ដង្កូវមូលស្លឹក និងប្រព័ន្ធឬស ដែលត្រូវប្រុងប្រយ័ត្ន។ ករណីឃើញវត្តមានទាំងនេះ ត្រូវប្រញាប់ប្រញាល់ប្រើថ្នាំកម្ចាត់និងព្យាបាលជាបន្ទាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter