ល្ពៅឆ្នាំនេះ តម្លៃល្អប្រសើរជាងឆ្នាំមុន
តាប៉ាវ ពងទឹក, ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១
ក្នុងចម្ងាយផ្លូវប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងសួង ខេត្តត្បូងឃ្មុំ ធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូ កាត់ចម្ការកៅស៊ូជប់ ត្រពាំងឬស្សី រកាពរប្រាំ យើងនឹងដល់ផ្សារតាប៉ាវ ពងទឹក។ ចូលតាមខ្លោងទ្វារចម្ការកៅស៊ូ តាប៉ាវ ដែលមានដើមកៅស៊ូដុះអមសងខាងប្រមាណ មួយគីឡូម៉ែត្រ យើងនឹងពិនិត្យឃើញនៅសងខាងផ្លូវចម្ការត្រសក់ ត្រឡាច និងចម្ការល្ពៅ ដែលបងប្អូនប្រជាកសិករកំពុងមមាញឹកកាត់ ជញ្ជូន ដាក់រថយន្ត រឺម៉ក យកទៅលក់កន្លែងផ្សេងៗគ្នា។ មកដល់មុខសាលាបឋមសិក្សា តាប៉ាវ នៅសងខាងផ្លូវ ចម្ការល្ពៅ លាយជាមួយត្រប់វែងនិងត្រឡាច ការប្រមាណជាង ២៤ហិកតា កំពុងធ្វើការប្រមូលផល។ សម្បុរស មាឌមាំ ទឹកមុខរាក់ទាក់ អាយុប្រមាណ ៥០ឆ្នាំ បងស្រី ស៊ីម មុំ (ទូរស័ព្ទលេខ 097 377 7252) ដែលជាម្ចាស់ចម្ការ បានរៀបរាប់មកកាន់ក្រុមការងារដោយទឹកមុខរីករាយស្រស់ស្រាយថា គាត់បានជួលដីពីក្រុមហ៊ុនចម្ការកៅស៊ូប្រមាណជាង ២៤ហិកតា ពីក្រុមហ៊ុនចម្ការកៅស៊ូ តាប៉ាវ បន្ទាប់ពីក្រុមហ៊ុនធ្វើការកាប់ដើមកៅស៊ូចាស់ ដើម្បីដាំថ្មី។ គាត់បានដាំល្ពៅ ត្រឡាច លើដីនេះជាលើកទី២ហើយ ដែលលើកទី១ ដាំនៅដើមមេសា ហើយនៅលើកទី២ ដាំនៅខែសីហា។ ការដាំលើកទី១នេះ ដំណាំល្ពៅ ត្រឡាច បានជួបបញ្ហាខ្វះទឹកភ្លៀងពីពាក់កណ្តាលខែមិថុនា ដល់ដើមខែកក្កដា ធ្វើឲ្យខូចដើមមួយចំនួន ហើយផ្លែល្ពៅ មានទំហំតូចៗ រូបមិនសូវល្អ តែតម្លៃល្អប្រសើរជាងឆ្នាំមុន បើធៀបពេលវេលាដូចគ្នា។ ទិន្នផលល្ពៅ នាពេលនេះ អាចទទួលបានទិន្នផលប្រមាណ ៦តោន/ហិកតាប៉ុណ្ណោះ។ ក្រៅពីដាំខ្លួនឯងក្នុងភូមិសាស្ត្រនេះ គាត់មានកសិករដៃគូ ៥ ទៅ ៦នាក់ថែមទៀត លើផ្ទៃដីប្រមាណ ២០ហិកតា ដោយគាត់បានផ្តល់ពូជ ហើយប្រមូលទិញវិញ។ ឆ្នាំនេះ ល្ពៅ ត្រូវបានលក់ក្នុងប្រទេសនិងនាំចេញទៅប្រទេសវៀតណាម ដែលលក់បានតម្លៃល្ពៅលេខ១ បាន ១ ២០០រៀល/គ.ក្រ លេខ២ បាន ៨០០រៀល/គ.ក្រ និងលេខ៣ បាន ៤០០-៥០០រៀល/គ.ក្រ។ គាត់អាចមានល្ពៅ ត្រឡាច លក់មួយឆ្នាំពេញ ដោយសារគាត់មានកសិករដៃគូនៅខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន គាត់កំពុងប្រមូលផលផ្លែល្ពៅប្រមាណ ១០០តោន លក់នៅទីផ្សារក្នុងស្រុកផង និងយកទៅវៀតណាម ថៃ អាស្រ័យតាមការបញ្ជាទិញ។
លោកស្រី ស៊ីម មុំ បានបន្តរៀបរាប់ទៀតថា នៅជុំវិញចំការល្ពៅ បានដាំដុះត្រប់វែងដែលមានផ្ទៃដីសរុបប្រមាណ ១ហិកតា ដែលអាចទទួលបានទិន្នផលជាមធ្យម ៣០០-៤០០គ.ក្រ/ថ្ងៃ អាចប្រមូលផលនៅរយៈពេល ៥ថ្ងៃទៀត ស្ថិតនៅភូមិតាប៉ាវពងទឹក ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ការដាំត្រប់នេះ ក្នុងគោលបំណងទប់ស្កាត់សត្វល្អិតចង្រៃនិងដកគម្លាតល្ពៅពីម្លប់កៅស៊ូ។