នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតំបែរ បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត សសយក និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ -19 នៅស្រុកតំបែរ។
តាមសេចក្តីរាយការណ៍ពីលោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរថា ស្រុកតំបែរ មានទីតាំងចាក់វ៉ាក់សាំងចំនួន ៣កន្លែង គឺនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាពឃុំសេដា និងមណ្ឌលសុខភាពឃុំទឹកជ្រៅ។
ការចាក់វ៉ាក់សាំងនេះ អនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងសម្រេចបាន ៤ ៦៦៨នាក់ លើផែនការគ្រោងប្រជាពលរដ្ឋប្រមាណ ៦ម៉ឺននាក់។ ក្រៅពីការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាគណបក្ស ចុះមូលដ្ឋានស្រុកតំបែរ បានជំហរជួយឧបត្ថម្ភគាំទ្រទាំងកម្លាំងចិត្ត សម្ភារៈ បរិក្ខាពេទ្យ ព្រមទាំងថវិកា ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។ ក្នុងនោះរដ្ឋបាលខត្ត ក្រុមការងារផ្សេងៗទៀត ក៏បានមកសួរសុខទុក្ខនិងពាំនាំសម្ភារៈ ថវិកា មកប្រគល់ជូនជាបន្តបន្ទាប់ ធ្វើឲ្យរដ្ឋបាលស្រុក ក្រុមគ្រូពេទ្យ មានមូលដ្ឋានកាន់តែរឹងមាំអនុវត្តតាមផែនការដាក់របស់រាជរដ្ឋាភិបាល។ ទោះយ៉ាងណា មកដល់ពេលនេះ ក្នុងស្រុកតំបែរ មានប្រជាពលរដ្ឋវិជ្ជមានកូវីដ ១៩ ចំនួន ១០៣នាក់ ជាសះស្បើយ ២២នាក់ និងស្លាប់ម្នាក់។
មានប្រសាសន៍ក្នុងដំណើរចុះសួរសុខទុក្ខទាំង ៣ទីតាំងនេះ លោកជំទាវ នី ចាន់ធីតា បានថ្លែងអំណរគុណដល់រដ្ឋបាលស្រុក ឃុំ ក្រុមគ្រូពេទ្យ ប្អូនៗយុវជនស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងក្នុងការសម្របសម្រួលផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ទាំងថ្ងៃទាំងយប់ ទាំងបងប្អូនរស់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋាននិងបងប្អូនចំណាកស្រុកវិលត្រឡប់មកវិញ។ ចំពោះមុខបងប្អូនប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យ និងក្រុមក្រុមការងារ លោកជំទាវ បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តហើយថា នឹងប្រឹងប្រែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដ៏កាចសាហាវ ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នានៅទូទាំងប្រទេស។ ក្នុងនោះរដ្ឋបាលខេត្ត ក៏បានប្រឹងប្រែងស្នើសុំវ៉ាក់សាំងឲ្យបានច្រើនសម្រាប់ខេត្តត្បូងឃ្មុំ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋយើងនិងបានអំពាវនាវកៀងគរ ការឧបត្ថម្ភពីសប្បុរសជន គាំទ្រដំណើរទប់ស្កាត់និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ លោកជំទាវ ក៏បានលើកឡើងការថ្លែងអំណរគុណនូវទឹកចិត្តនិងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារចុះជួយស្រុកតំបែរ ដែលបានផ្តល់ការគាំទ្រជាច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុកតំបែរនេះ។ ដូច្នេះសូមបងប្អូន ដែលបានមកចាក់ហើយលើកទី១ ត្រូវមកចាក់លើកទី២ តាមការណែនាំរបស់គ្រូពេទ្យ ហើយត្រឡប់ទៅវិញជម្រាបបងប្អូនដែលមិនទាន់បានចាក់ ឲ្យមានមកចាក់ឲ្យបានគ្រប់គ្នា កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ដែលថាយ៉ាងនេះ យ៉ាងនោះជាដាច់ខាត។ នេះជាយុទ្ធនាការធំណាស់ ដើម្បីសេចក្តីសុខសាន្តរបស់បងប្អូនយើងនិងកំណើនសេដ្ឋកិច្ចជាតិ ក្រោមដំបូលសុខសន្តិភាពនិងស្ថេរភាពនយោបាយនាឱកាសនេះ។
ក្នុងដំណើរបេសកកម្មនេះ លោកជំទាវ បាននាំយកថវិកា សម្ភារៈ និង គ្រឿងឧបភោគ បរិភោគ គិតសរុបជាថវិកា ២ ៥០០ ០០០រៀល ប្រគល់ជូនដល់ទីតាំងចាក់វ៉ាក់សាំងទាំងបីកន្លែង នៅស្រុកតំបែរ ដើម្បីចាត់ចែងបន្តតាមតម្រូវការជាក់ស្តែង។