ជាការគិតគូរយកចិត្តទុកដាក់ ឬ ជាភ័ព្វសំណាង
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
373

ជាការគិតគូរយកចិត្តទុកដាក់ ឬ ជាភ័ព្វសំណាង
ប្រាកដណាស់ ជាការគិតគូរយកចិត្តទុកដាក់ចេញពីក្រអៅបេះដូងរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឆ្លើយតបនឹងសំណូមពរនិងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងការផ្តួចផ្តើមកែលម្អនិងស្តារឡើងវិញប្រព័ន្ធប្រឡាយប្រវែងជាង ៧គ.ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយយកទឹកពី ព្រែកកំពង់រាំង បឹងយាយស(បឹងជីធាង) បឹងពុតព្រៃ បឹងកណ្តេរ សម្រាប់ស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ១ ៥០០ហិកតា។ នេះក៏ជាភ័ព្វសំណាង របស់បងប្អូនប្រជាកសិករ ៨៥០គ្រួសារ ដែលមានផ្ទៃដីធ្វើស្រែជុំវិញតំបន់នោះ លែងបារម្ភខ្វះទឹកសម្រាប់ស្រោចស្រពស្រូវឲ្យបាន ២ដង/ឆ្នាំ ព្រមទាំងអាចបង្កើនការដាំដុះដល់ ៣ដង/ឆ្នាំ នៅផ្នែកមួយចំនួនផងដែរ។
កសិករ ចាន់ ម៉ាប់ ជាសមាជិកបណ្ដុំអាជីវកម្មស្រូវពូជ មានដី ១០ហិកតា បានរៀបរាប់ថា ពីមុន ធ្វើស្រែលើកទី១ មានទឹកពេញលេញ ហើយលើកទី២ ប្រឈមខ្វះទឹក។ តែឥឡូវអាចធ្វើស្រែបាន ២ដងពេញលេញតែម្តង ហើយអាចបានម្តងទៀត បើយើងកាត់បន្ថយផ្ទៃដីដាំដុះនៅលើកទី៣នេះ។ ការធ្វើស្រែក្នុងភូមិសាស្ត្រនេះ អាចទទួលទិន្នផលជាមធ្យមពី ៣-៦តោន/ហិកតា អាស្រ័យលើការអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសនិងការយកចិត្តទុកដាក់ថែទាំរបស់កសិករម្នាក់ៗ។ ក្រោយបញ្ចប់ការរៀបចំប្រឡាយនេះ សង្ឃឹមថា អាចធ្វើបានបាន ២-៣ដង/ឆ្នាំ។ នៅពេលនេះ គាត់ បានដាំលើកទី៣ លើផ្ទៃដី ៧ហិកតា ប្រើពូជស្រូវ OM ៥១៥៤ ដែលគ្រោងប្រមូលផលនៅខែសីហាខាងមុខ ដោយសង្ឃឹមថានឹងទទួលបានទិន្នផលប្រមាណ ៦តោន/ហិកតា។ ការដាំដុះលើទី៣នាពេលនេះ មានប្រមាណ ៧ហិកតាប៉ុណ្ណោះ។ ការធ្វើស្រែនៅភូមិសាស្ត្រនេះលើកទី១ នៅអំឡុងខែតុលា លើកទី២ អំឡុងខែកុម្ភៈ និងលើកទី៣ អំឡុងខែឧសភា។
កសិករ ចាន់ ម៉ាប់ បានសំណូមពរឲ្យមន្ទីរ ជួយបង្រៀនបន្ថែមពីបច្ចេកទេសដាំដុះដំណាំស្រូវ ការផលិតពូជស្រូវដោយខ្លួនឯង បច្ចេកទេសប្រើប្រាស់ថ្នាំ ការដាក់ជី និងការរៀបចំដី។
កសិករ ចាន់ ម៉ាប់ បានរៀបរាប់ទៀតថា គាត់មានក្តីសប្បាយរីករាយណាស់ចំពោះប្រព័ន្ធប្រឡាយនេះ ក៏មិនខុសពីប្រជាពលរដ្ឋឯទៀត គឺពួកគាត់សប្បាយរីករាយត្រេកអរយ៉ាងក្រៃលែង ហើយពួកគាត់តែងតែសរសើរជាប់ជានិច្ច នូវឧត្តមគតិដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានកសាងសមិទ្ធិផលដ៏ធំធេងនេះ និងការខិតខំប្រឹងប្រែងជួយបម្រើប្រជាពលរដ្ឋ។
ចូលរួមគាំទ្រគម្រោងដ៏ធំធេងនិងការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសម្របសម្រួលរៀបចំបណ្តុំអាជីវកម្មស្រូវពូជ ១បណ្តុំ មានកសិករចូលរួម ៣៩នាក់(គ្រួសារ) ដែលនឹងទទួលបានការបណ្តុះបណ្តាលនិងទុនសហវិនិយោគ ដើម្បីដំណើរការផលិតស្រូវពូជលើផ្ទៃដី ៨០ហិកតា។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានពិគ្រោះនិងណែនាំតម្រង់ទិសពីបច្ចេកទេសនិងយន្តការអនុវត្តមួយចំនួនដូចជា ៖ 
-ត្រូវអនុវត្តឲ្យបានតាមបច្ចេកទេសផលិតកម្មស្រូវ ដោយធ្វើការរៀបចំដីស្រែឲ្យបានរាបស្មើ ហើយភ្លឺស្រែរឹងមាំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទឹក ស្មៅចង្រៃ និងសារធាតុចិញ្ចឹម(ជី) ដែល នឹងធ្វើឲ្យកសិករបាន ចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងធ្វើឲ្យស្រូវទទួលបាន ទិន្នផលខ្ពស់                                
-ត្រូវតែចុះពិនិត្យស្រែជាប្រចាំ ដោយពិនិត្យលើការលូតលាស់របស់ស្រូវ វត្តមានសត្វល្អិត ចង្រៃ ជំងឺ ស្ថានភាពទឹក និងការប្រើប្រាស់ជីឲ្យបានត្រឹមត្រូវទៅតាមដំណាក់កាលលូតលាស់ របស់ស្រូវ
-ត្រូវថែទាំប្រឡាយជើងក្អែបឲ្យបានល្អ 
-ត្រូវជីកប្រឡាយតូចជុំវិញស្រែ ដើម្បីជាប្រយោជន៍រក្សាទឹក ការពារកណ្តុរ ដាក់ត្រីចិញ្ចឹម(បានត្រី ហើយត្រីស៊ីសត្វល្អិតចង្រៃ ព្រមទាំងផ្តល់លាមកជាជី)
-ត្រូវប្រើតួនាទីរបស់បណ្តុំអាជីវកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ពង្រីកឥទ្ធិពលចាប់យកទីផ្សារ និងទាញប្រយោជន៍ជាច្រើនទៀតសម្រាប់កសិករ។
ចំពោះសំណូមពររបស់កសិករ មន្ទីរ នឹងចាត់មន្ត្រីជំនាញបន្តបណ្តុះបណ្តាលនិងតាមដានណែនាំជាប្រចាំ ក្នុងទិសដៅយកតំបន់នេះ ជាកន្លែងផលិតស្រូវពូជ សម្រាប់កសិករក្នុងតំបន់នេះផង ក៏ដូចជាសម្រាប់ចែកចាយទៅតំបន់ផ្សេងៗទៀត។
បារាយណ៍, រសៀលថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២១

ចំនួនអ្នកចូលទស្សនា
Flag Counter