ចុះសួរសុខទុក្ខនិងពិនិត្យការចិញ្ចឹមមាន់ស្រែ របស់កសិករ គ្រី សុទ្ធធឿន នៅស្រុកតំបែរ
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
176

ក្រៅពីម្ចាស់ មិនអាចអនុញ្ញាតឲ្យចូលទៅក្នុងទីនោះបានទេ
រសៀលថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះសួរសុខទុក្ខនិងពិនិត្យការចិញ្ចឹមមាន់ស្រែ របស់កសិករ គ្រី សុទ្ធធឿន (ទូរស័ព្ទលេខ 097 66 80 936) ស្ថិតនៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានចិញ្ចឹមមាន់ស្រែចំនួន ៣៥០ក្បាល ក្នុងនោះមានមេបាចំនួន ១០០ក្បាល អាចផ្ដល់ស៊ុត ៣០-៤០ស៊ុត/ថ្ងៃ និងមាន់សាច់ទម្ងន់ ១គ.ក្រ ទៅ ១.២គ.ក្រ ចំនួន ២០០ក្បាល។ មាន់សាច់ អាចលក់បានតម្លៃ ១៦ ០០០រៀល/គ.ក្រ។ កន្លងមកកសិករ សុទ្ធធឿន បានទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ពីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងការចុះពិនិត្យណែនាំជាប្រចាំ។ ពិនិត្យជារួមការចិញ្ចឹមរបស់គាត់ អនុវត្តបានល្អប្រសើរលើការចាក់វ៉ាក់សាំងនិងថែបំប៉នសុខភាពសត្វ ធ្វើឲ្យសត្វមាន់របស់គាត់ មិនសូវប្រឈមជំងឺរាតត្បាត ហើយធំធាត់ល្អ តែខ្វះដើមទុកក្នុងការរៀបចំទ្រុងឲ្យបានសមរម្យ។  ពិនិត្យឃើញស្ថានភាពបែបនេះ គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ អនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រថវិកាពីប្រជាជនជប៉ុន បានផ្តល់ទ្រុងចិញ្ចឹមមាន់ភ្ញាស់យកកូនមួយខ្នង ទំហំ ៤ម៉ែត្រx១២ម៉ែត្រ សង់អំពីដែកប្រក់សង្ក័សី ព្រមទាំងទូភ្ញាស់មួយគ្រឿង និងសម្ភារមួយចំនួនទៀត។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានធ្វើការណែនាំដល់កសិករមួយចំនួនដូចជា ៖
-ត្រូវរៀបចំទ្រុងឲ្យមានបរិស្ថានល្អសម្រាប់មាន់រស់នៅ ដោយចាក់ដីបំពេញកន្លែងដែលមានទឹកដក់ និងកាត់មែកឈើដែលទោលមកលើរោងចិញ្ចឹមមាន់ឲ្យបានស្រឡះ
-ត្រូវសម្រាំងមេបាពូជ ដែលមានសុខភាពល្អ មិនជាន់ឈាម ជើងពណ៌លឿង ឬ ខ្មៅ ពេញនិយមលើទីផ្សារ និងជាមេបា មានការលូតលាស់លឿននិងធន់នឹងជំងឺ
-មិនត្រូវចិញ្ចឹមមាន់ព្រលែងទេ ដែលអាចបង្កឲ្យសត្វងាយប្រឈមនឹងជំងឺផ្សេងៗ។ ត្រូវហ៊ុំព័ន្ធសំណាញ់ ឬ ធ្វើរបងជុំវិញបរិវេណទ្រុងមាន់ ដើម្បីទប់ស្កាត់សត្វដែលមាន ជំងឺចូលមកក្បែរ
-ត្រូវបន្តធ្វើវ៉ាក់សាំងឲ្យបានត្រឹមត្រូវ គ្រប់មាន់ តាមអាយុរបស់មាន់ និងធ្វើការទម្លាក់ព្រូន សត្វល្អិត ដើម្បីធានាសុខភាពសត្វ និងសុវត្ថិភាពដល់អ្នកបរិភោគផងដែរ
-បាញ់ថ្នាំរម្ងាប់មេរោគ នៅជុំវិញរោងចិញ្ចឹមមាន់ទាំងខាងក្នុង និងខាងក្រៅឲ្យបានជាប្រចាំ 
-ចំពោះអ្នកមកទិញមាន់ ទោះអ្នកភូមិ ឬ ឈ្មួញកណ្តាល  ឬ កសិករ ដែលមកទិញកូនមាន់យកទៅចិញ្ចឹមបន្ត មិនត្រូវអនុញ្ញាតឲ្យចូលទៅក្នុងកន្លែងចិញ្ចឹមមាន់នោះទេ ដែលអ្នកទាំងនោះ អាចក្លាយជាភ្នាក់ងារនាំមេរោគផ្សេងៗ បណ្ដាលឲ្យមាន់ឈឺបាន។ គឺក្រៅពីម្ចាស់ មិនអាចអនុញ្ញាតឲ្យចូលទៅទីនោះបានទេ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter