ចុះពិនិត្យ តាមដាន និងណែនាំ បច្ចេកទេសសម្រាប់ធ្វើអនុវត្តបង្ហាញផលិតកម្មពូជស្រូវ នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
72
ធ្វើដោយខ្លួនឯង ដឹងច្បាស់ពីគុណភាពនិងផលិតភាព
ព្រឹកថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះពិនិត្យ តាមដាន និងណែនាំ បច្ចេកទេសសម្រាប់ធ្វើអនុវត្តបង្ហាញផលិតកម្មពូជស្រូវ លើប្រភេទពូជស្រូវ ផ្កាមាលតី ផ្ការំដួល នៅភូមិចន្លោងនិងភូមិសំស្មែរ ឃុំដំរិល ស្រុកអូររាំងឪ ដែលកសិករចូលរួម ៥នាក់ ក្នុងនោះស្រី ២នាក់ ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមផែនការសកម្មភាព គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) នឹង ផ្តល់ការបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព និងកសិកម្មវៃឆ្លាត ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ លើដំណាំស្រូវ ចំនួន ៣៤វគ្គ ដែលមានកសិករ ដាំដុះដំណាំស្រូវចូលរួមចំនួន ១ ០២០នាក់ និងត្រូវធ្វើបង្ហាញផលិតកម្មពូជស្រូវ (ពូជសុទ្ធ គ្រឹះ) ចំនួន ២២បង្ហាញ/គ្រួសារ ស្មើនឹងផ្ទៃដី ១២,៩០ហិកតា លើប្រភេទពូជស្រូវ ផ្កាមាលតី ផ្ការំដួល និងខា១៦ នៅក្នុងស្រុកពញាក្រែក ស្រុកក្រូចឆ្មារ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ការបណ្តុះបណ្តាល ផ្សារភ្ជាប់ជាមួយការធ្វើបង្ហាញនេះ ដើម្បីឲ្យកសិករទទួលបាននូវការយល់ ដឹងពីបច្ចេកទេសពង្រីកប្រព័ន្ធផលិតកម្មស្រូវក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ បង្ហាញ ពូជល្អសម្រាប់ការដាំដុះ ឆ្លើយតបតម្រូវការទីផ្សារ និងមានលទ្ធភាពផ្គត់ផ្គង់ពូជស្រូវប្រកប ដោយគុណភាពនិងនិរន្តរភាព ក្នុងតំបន់។
ជាការក្រើនរំឮក លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាព កសិកម្ម(ទូរស័ព្ទ ០៨៨ ៥៣ ៥១ ៣៣៣) ណែនាំដល់កសិករអនុវត្តធ្វើបង្ហាញមួយចំនួន ដូចជា ៖
-ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស " ផលិតកម្មពូជស្រូវ "
-រៀបចំថ្នាលសំណាប ដែលមានទីតាំងនៅក្បែរប្រភពទឹក មានពន្លឺថ្ងៃគ្រប់គ្រាន់ និងងាយ ស្រួលគ្រប់គ្រង
-ស្ទូងសំណាបដែលមានអាយុកាលពី ២៥-៣៥ថ្ងៃ ក្នុង ១គុម្ព ១-៣ដើម -ស្រែសម្រាប់ផលិតកម្មពូជស្រូវ ត្រូវភ្ជួររាស់និងពង្រាបដីឲ្យបានស្មើល្អ ដើម្បី ងាយស្រួលក្នុង ការគ្រប់គ្រងទឹក ស្មៅចង្រៃ និងសារធាតុចិញ្ចឹម(ជី)
-ត្រូវតែចុះពិនិត្យស្រែជាប្រចាំ ដោយពិនិត្យលើការលូតលាស់របស់ស្រូវ វត្តមានសត្វល្អិត ចង្រៃ ជំងឺ ស្ថានភាពទឹក និងកាត់ពូជលាយ នៅដំណាក់កាលបែកគុម្ព។
***គ្រាប់ពូជស្រូវ " សុទ្ធគ្រឹះ " ជាពូជដែលអាចធ្វើការដាំដុះ ជាពូជស្រូវបានចំនួន ២-៣លើក(ជំនាន់)ទៀត សម្រាប់ផលិតកម្មដំណាំស្រូវ។
ឱកាសនោះ ខ្ញុំ កោតសរសើរចំពោះការចូលរួមអនុវត្តគម្រោងផលិតកម្មពូជស្រូវនេះ ព្រោះបើ កសិករធម្មតា មិនអាចធ្វើបាននោះទេ គឺវាត្រូវការអត់ធ្មត់ ព្យាយាម ពេលវេលា តែវាបានផ្តល់ ផលចំណេញប្រសើរជាងស្រូវចំណី ព្រមទាំងធ្វើឲ្យកសិករក្នុងតំបន់មានពូជសម្រាប់ដាំដុះ ដោយខ្លួនឯង។ អ្វីដែលធ្វើដោយខ្លួនឯង នឹងអាចឲ្យយើងដឹងពីគុណភាព សមត្ថភាព និង ផលិតភាពរបស់គ្រាប់ពូជ។ មិនតែប៉ុណ្ណោះ នឹងធ្វើឲ្យកសិករក្នុងតំបន់របស់យើង បាន ចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបានពូជល្អប្រើ។ ជាការផ្តាំផ្ញើ គឺការរៀបចំភ្លឺស្រែ ឲ្យរឹងមាំ និងត្រៀមប្រភពទឹកអន្តរាគមន៍ ករណីខ្វះទឹកជាយថាហេតុ។
សូមេម្រាបជូនថា ការផលិតពូជនេះ នឹងចាប់ផ្តើមនៅចុងខែកក្កដា នេះ បន្ទាប់ពីប្រមូលផល ស្រូវបង្កើនរដូវរួចរាល់។ ក្នុងភូមិសាស្ត្រឃុំដំរិល មានដាំស្រូវបង្កើនរដូវចំនួន ១ ៩០០ហិកតា ដែលមកដល់ពេលនេះ ស្រូវឈានដល់ដំណាក់កាលទុំ ដែលគ្រោងច្រូតកាត់ក្នុងរយៈពេល មួយសប្តាហ៍ខាងមុខនេះ៕
ចំនួនអ្នកចូលទស្សនា
Flag Counter