ការប្តូរទម្លាប់ដាំដុះបន្លែ ជាជម្រើសរបស់កសិករ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
107

ការប្តូរទម្លាប់ដាំដុះបន្លែ ជាជម្រើសរបស់កសិករ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ
បន្ទាប់ពីចុះពិនិត្យពីខ្សែច្រវាក់ផលិតកម្មនិងការធ្វើបង្ហាញ " ផលិតកម្មពូជស្រូវ "  ដែលគាំទ្រ ដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) នាព្រឹកថ្ងៃអង្គារ ទី៦ ខែ កក្កដា ឆ្នាំ២០២១ ដដែល លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី បន្តចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់( ៣៦ម៉ែត្រ x ១០ម៉ែត្រ) របស់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មផលិតបន្លែ ៣គ្រួសារ នៅឃុំទួលសូភីនិងឃុំគងជ័យ ស្រុកអូររាំងឪ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) រួមមាន ៖
១-កសិករ យ៉ុង ប៉ុន (ទូរស័ព្ទលេខ 071 23 25 085)  កំពុងប្រមូលផលស្ពៃក្រញាញ់  បាន បរិមាណ ចំនួន ៥០០គីឡូក្រាម លក់ដុំបានតម្លែ ២ ០០០រៀល/គ.ក្រ លក់ រាយ ៣ ០០០រៀល/គ.ក្រ ស្ថិតនៅភូមិដូនទេស ឃុំទួលសូភី ស្រុកអូររាំងឪ។
២-កសិករ ស៊ុប អាត (ទូរស័ព្ទលេខ 097 63 24 669) កំពុងដាំដុះស្ពៃក្រញាញ់និងគ្រោងប្រមូលផលលើផ្ទៃដី ២ ០០០ម៉ែត្រការ៉េ អាចប្រមូលផលបានចន្លោះពី ១០០គ.ក្រ ទៅ ១២០គ.ក្រ/ថ្ងៃ ស្ថិតនៅភូមិដូនទេស ឃុំទួលសូភី ស្រុកអូររាំងឪ។
៣-កសិករ ទី គា កំពុងចាប់ផ្ដើុមប្រមូលផលស្ពៃក្រញាញ់ ក្នុងបរិមាណចន្លោះពី ៣០០គ.ក្រ ទៅ ៤០០គ .ក្រ ស្ថិតនៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឪ។
កសិករទាំង ៣ បានបង្ហាញនូវចំណាប់អារម្មណ៍ថាការដាំដុះក្នុងផ្ទះសំណាញ់ ដូចជាងាយ ជាងដាំខាងក្រៅ ជាពិសេស ការពារសត្វល្អិតចង្រៃនិងទប់ស្កាត់ការខូចខាតដោយសារ ទឹកភ្លៀង។ ដោយឡែកការប្រើប្រាស់ទឹកតាមប្រព័ន្ធតំណក់នៅមិនទាន់ទុកចិត្ត ព្រោះការដាំដុះកន្លងមក គាត់បានប្រើទឹកច្រើនណាស់។ ចំពោះទីផ្សារ មិនជាបញ្ហានោះទេ ទោះបីផ្សារអូររាំងឪ ត្រូវបិទដោយសារកូវីដ ១៩ ទោះអាចដាក់លក់នៅមុខចម្ការ ឬ តាមលំនៅដ្ឋានបាន។ អ្នកទិញ បានមកទិញឃើញដាំក្នុងផ្ទះសំណាញ់ មានការចាប់អារម្មណ៍ ហើយទទួលស្គាល់សុវត្ថិភាពសម្រាប់ទិញទៅបរិភោគ ហើយបានត្រឡប់មកទិញជាញឹកញាប់។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរនិងមន្រ្តីជំនាញ បានធ្វើការណែនាំនិងជំរុញឲ្យកសិករអនុវត្តតាមបទដ្ឋាន បច្ចេកទេសកសិកម្មថ្មីនេះ ដែលអ្នកបច្ចេកទេសបានផ្តល់ជូនកន្លងមក។ វាមានការប្រែប្រួល ខុសពីទម្លាប់កន្លងមកខ្លះ តែវាមិនប៉ះពាល់ដល់ដំណើរការលូតលាស់របស់បន្លែនោះទេ តែវា ថែមទាំង អាចឲ្យយើងសន្សំសំចៃប្រាក់ចំណាយទៅលើការដាំដុះនោះថែមទៀត ដូចជា កាត់បន្ថយការប្រើទឹកនិងទប់ស្កាត់សត្វល្អិតចង្រៃ។ ចំពោះមុខ កសិករត្រូវ ៖
-ត្រូវភ្ជួររាស់ ហាលដី ឲ្យបានល្អ បន្ទាប់ពីប្រមូលផលរួច
-ធ្វើការសម្អាតស្មៅ កម្ទេចកម្ទីបន្លែ ក្នុងផ្ទះសំណាញ់ឲ្យបានស្អាត ចៀសវាងរលួយ កកើតផ្សិត
-ប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ ដើម្បីសន្សំសំចៃទឹក ងាយស្រួលដាក់ជីបំប៉ន និងកាត់ បន្ថយពពួកផ្សិត
-ត្រូវប្រុងប្រយ័ត្ន ទ្វារចេញចូលក្នុងផ្ទះសំណាញ់ ត្រូវរៀបចំឲ្យបានជិតល្អនិងជើងរៀងសាច់ សំណាញ់ ត្រូវជីកកប់ឲ្យបានជ្រៅ ដើម្បីកុំឲ្យសត្វល្អិតចូលបាននិងទប់ទល់កម្លាំងខ្យល់
-ត្រូវរៀបចំផែនការដាំដុះក្នុងផ្ទះសំណាញ់ម្តងៗ ដើម្បីឲ្យការប្រមូលផលឆ្លើយតបតម្រូវការ ទីផ្សារប្រចាំថ្ងៃ និងមាននិរន្តរភាព បានគ្រប់រដូវកាល មិនថារដូវវស្សា ឬ រដូវប្រាំង។
សូមជម្រាបជូនថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ផ្ទះសំណាញ់ ១៥ខ្នងដល់កសិករដាំបន្លែក្នុងខេត្តត្បូងឃ្មុំ នៅឆ្នាំ២០២១នេះ ដើម្បីធ្វើបង្ហាញពីបច្ចេកទេសកសិកម្មថ្មី ក្នុងការដាំដុះបន្លែ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដែលប្រព័ន្ធបច្ចេកទេសនេះ នឹងអាចឲ្យកសិករដាំបន្លែបានពេញមួយឆ្នាំ មិនថារដូវភ្លៀង ឬ រដូវប្រាំង វាសន្សំសំចៃទឹក ជី កាត់បន្ថយកម្លាំងពលកម្ម និងទប់ស្កាត់បាននូវសត្វល្អិតចង្រៃថែមទៀត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter