ការប្រមូលផលដំណាំកៅស៊ូ និងប្រមូលទិញ នៅស្រុកតំបែរ
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
96

ញញឹមស្រស់ហ្មង ពូ !!!
សេដា, ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១
" មិនឲ្យសប្បាយចិត្ត ម្តេចបាន បើឆ្នាំនេះតម្លៃកៅស៊ូល្អប្រសើរជាងឆ្នាំកន្លងមក " នេះជាសំដី ព្រមគ្នារបស់បង បែន ខុន និង បង លី ហាល់លីម ដែលកំពុងថ្លឹងជ័រកៅស៊ូលក់ទៅឲ្យអ្នក ប្រមូលទិញ នៅភូមិសែនចំរើន ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បង បែន ខុន មានកៅស៊ូ ដាំលើផ្ទៃដី ៩ហិកតា កំពុងប្រមូលផលបានមធ្យម ១៣០គ.ក្រ/២ថ្ងៃ និងបង លី ហាល់លីម ដាំកៅស៊ូលើផ្ទៃដី ២១ហិកតា  កំពុងប្រមូលផលបានមធ្យម ៣៥០គ.ក្រ/២ថ្ងៃ ដែលការ ប្រមូលផលតាមប្លុក វិលជុំ ស្ថិតនៅភូមិសែនចំរើន ឃុំសេដា ស្រុកតំបែរ។
បងប្រុសទាំង ២រូប ព្រមទាំងអ្នកប្រមូលទិញ បានរៀបរាប់ថា ឆ្នាំនេះ តម្លៃជ័រកៅស៊ូខ្ពស់ជាងឆ្នាំកន្លងទៅ។ គិតពេលវេលាដូចគ្នា តម្លៃជ័រកៅស៊ូ ខ្ពស់ជាងឆ្នាំមុនចន្លោះពី ៥០០រៀល ទៅ ៧០០រៀល/គ.ក្រ។ ដោយឡែកថ្ងៃនេះ តម្លៃកៅស៊ូជ័រកក ប្រមូលទិញតាមភូមិ តម្លៃ ២ ៥៥០រៀល/គ.ក្រ។
ត្បូងឃ្មុំ ជាខេត្តថ្មី តែជាទឹកដីចាស់(ខេត្តកំពង់ចាម) ដែលមានប្រវត្តិដាំកៅស៊ូ ជាងមួយសតវត្សមកហើយ ហើយមានវិសាលភាពដាំដុះលើផ្ទៃដីច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា(២០២០)។ នៅឆ្នាំ២០២០ ខេត្តត្បូងឃ្មុំ ដាំដុះកៅស៊ូលើផ្ទៃដី ៨៣ ៨៤៣ហិកតា នៅ ពេលដែលនៅទូទាំងប្រទេសមានដាំដុះលើផ្ទៃដី ៤០៤ ១៦០ហិកតា។ នៅឆ្នាំ២០០៧ រាជ រដ្ឋាភិបាល បានធ្វើការកែទម្រង់ក្នុងការគ្រប់គ្រងចម្ការកៅស៊ូ ហើយបានកំណត់ថា កៅស៊ូ ជា " មាស ស "។ ចាប់ពីឆ្នាំ២០០៧ មក ចម្ការកៅស៊ូ ត្រូវបានបែងចែកជា ៣ប្រភេទ គឺ ចម្ការកៅស៊ូរដ្ឋ(ប្រគល់ឲ្យក្រុមហ៊ុនឯកជន ធ្វើអវិនិយោគ) ចម្ការកៅស៊ូគ្រួសារ និងចម្ការកៅស៊ូវិនិយោគលើដីសម្បទានដីសេដ្ឋកិច្ច។ នៅខេត្តត្បូងឃ្មុំ គឺមានចម្ការកៅស៊ូ ៣ប្រភេទនេះ ដែលចម្ការកៅស៊ូរដ្ឋ មានផ្ទៃដី ៣២ ៣០៦ហិកតា ចម្ការកៅស៊ូគ្រួសារ៥០ ៧០៧ហិកតា និងចម្ការកៅស៊ូវិនិយោគលើដីសម្បទានដីសេដ្ឋកិច្ច ៨៣០ហិកតា។ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ កៅស៊ូដែលអាចចៀរជ័របានមាន ៦២ ៨០១ហិកតា ក្នុងនោះ ចម្ការកៅស៊ូរដ្ឋមានផ្ទៃដី ២៥ ៦៣៩ហិកតា ចម្ការកៅស៊ូគ្រួសារ ៣៧ ០៥២ហិកតា និងចម្ការកៅស៊ូវិនិយោគលើដីសម្បទានដីសេដ្ឋកិច្ច ១១០ហិកតា និងកៅស៊ូកំពុងថែទាំ ២១ ០៤២ហិកតា ក្នុងនោះ ចម្ការកៅស៊ូរដ្ឋមានផ្ទៃដី ៦ ៦៦៧ហិកតា ចម្ការកៅស៊ូគ្រួសារ ១៣ ៦៥៥ហិកតា និងចម្ការកៅស៊ូវិនិយោគលើដីសម្បទានដីសេដ្ឋកិច្ច ៧២០ហិកតា។ ទិន្នផលជាមធ្យម ១ ១២៧គ.ក្រ(ជ័រស្ងួត) ក្នុងមួយហិកតា។ តាមការតាមដាននិងវាយតម្លៃ កៅស៊ូរដ្ឋ  និងកៅស៊ូវិនិយោគលើដីសម្បទានដីសេដ្ឋកិច្ច ទទួលបានទិន្នផលល្អប្រសើរជាង កៅស៊ូគ្រួសារ ដោយសារបច្ចេកទេសដាំដុះនិងថែទាំ បានល្អប្រសើរជាងកៅស៊ូគ្រួសារ។
លោក យឹង សុកគង់ ប្រធានការិយាល័យកៅស៊ូ ( ទូរស័ព្ទលេខ ០៩៧ ៨៨ ១១ ៧៦៤) បានរៀបរាប់ថា បច្ចុប្បន្ន កៅស៊ូគ្រួសារ ប្រឈមនឹងជំងឺនិងសត្វល្អិត ជាងកៅស៊ូរដ្ឋ  និងកៅស៊ូវិនិយោគលើដីសម្បទានដីសេដ្ឋកិច្ច ជាពិសេសជំងឺស្ងួតមុខចៀរ។ ជំងឺស្ងួតរមុខចៀរ ប្រជាកសិករតែងតែសន្និដ្ឋានថា បណ្តាលមកពីកត្តាផ្សេងៗ តែតាមការស្រាវជ្រាវ មូលដ្ឋានធំបំផុត គឺបណ្តាលមកពី ការប្រើសារធាតុរំញោចបញ្ចេញជ័រ លើសពីសមត្ថភាពផលិតជ័ររបស់កៅស៊ូ។ ក្រៅពីជំងឺស្ងួតមុខចៀរ កៅស៊ូនៅប្រឈមជំងឺមួយ ចំនួនទៀត ដែលប្រតិបត្តិករដាំកៅស៊ូ ត្រូវយកចិត្តទុកដាក់ពិនិត្យ ថែទាំ និងព្យាបាល ដូចជា ៖
១-ជំងឺលើដើមនិងមែក មានដូចជា ជំងឺផ្កាកូលាប ជំងឺពុកមុខចៀរ ជំងឺស្អុយមុខចៀរ.....។
២-ជំងឺលើស្លឹក រួមមាន ជំងឺភ្នែកចាប់ ជំងឺក្រៀមកន្ទុយស្លឹក ជំងឺប្រផេះស...។
៣-ជំងឺឬស រួមមាន ជំងឺឬសស ជំងឺឬសក្រហម ជំងឺឬសពណ៌ត្នោត...។
ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីកៅស៊ូជូនដល់ប្រតិបត្តិករកៅស៊ូ លោក យឹង សុកគង់ សូមផ្តល់ជូននូវទស្សនទាននិងវិធានមួយចំនួនដូចខាងក្រោម ៖
១-សម្រាប់កៅស៊ូ ដីក្រហមល្អបំផុត បន្ទាប់មកដីដែលមិនលិចទឹក តែកុំសាកល្បងលើដីដែលលិចទឹក ឬ ដីដែលជាំទឹក។
២-មុនដាំកៅស៊ូ ត្រូវសម្រេចចិត្ដឲ្យបានច្បាស់ថា តើត្រូវដាំពូជអ្វី ? នោះគឺ ត្រូវរកពូជដែលផ្ដល់ការលូតលាស់ល្អ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់ ឬ ត្រូវប្រឹក្សាជាមួយមន្រ្ដីជំនាញឲ្យបានល្អិតល្អន់ជាមុនសិន។ 
៣-ត្រូវថែទាំកៅស៊ូឲ្យមានសុខភាពល្អ ដោយការដាក់ជីបំប៉ន ត្រូវឧស្សាហ៍ពិនិត្យ តាមដានវត្តមានជំងឺនិងកត្តាចង្រៃនានា ទើបយើងអាចចាត់វិធានការទប់ស្កាត់និង ព្យាបាលជំងឺបានទាន់ពេលវេលា។ កុំគិតថាកៅស៊ូ ជារុក្ខជាតិងាយដាំ ហើយមិនត្រូវការមើលថែច្រើន ជាដាច់ខាត។ ប្រហែសបាត់ ប្រយ័ត្នគង់។ 
៤-សូមកុំលាបថ្នាំរំញោចច្រើនដង។ សូមលាបថ្នាំរំញោច ២ខែ ទៅ ៣ខែ តែម្ដង គឺ ១ឆ្នាំ លាបត្រឹមតែ ៤ដង ទៅ ៥ដង តែប៉ុណ្ណោះ។ បើមិនដូច្នេះ លោក អ្នក នឹងចំណាយកាន់តែច្រើនលើដើមកៅស៊ូ ដោយគិតថា កៅស៊ូខ្វះនេះ កៅស៊ូ ឈឺនោះ ចេះតែទិញនេះ ទិញនោះ មកបំប៉ន ឬ ព្យាបាល។ ទីបំផុតលុយក៏អស់ កៅស៊ូ នឹងឆាប់ងាប់ដើម។
៥-សូមថែទាំមុខចៀរ ឲ្យបានល្អ បើចៀររបួសឆ្អឹងត្រូវលាបខ្លាញ់គោ ដើម្បីឲ្យដុះសំបកឡើងវិញ។
នៅឆ្នាំ២០២០កន្លងទៅនេះ ផលិតផលកៅស៊ូក្នុងខេត្តត្បូងឃ្មុំ បានផ្តល់ជាចំណូល សរុបប្រមាណ ៨៨លានដុល្លាអាមេរិក ដែលបានចូលរួមចំណែកគាំទ្រសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ចំនួនអ្នកចូលទស្សនា
Flag Counter