ចុះសួរសុខទុក្ខនិងពិនិត្យការចិញ្ចឹមមាន់ស្រែរបស់លោកពូ ប៉ែន ម៉េងឆៃ នៅស្រុកតំបែរ
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
94

បានឃើញ បានពិនិត្យ បានជជែក បានដឹង ថាតើត្រូវធ្វើយ៉ាងមិច !
ព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យការចិញ្ចឹមមាន់ស្រែរបស់លោកពូ ប៉ែន ម៉េងឆៃ (ទូរស័ព្ទលេខ ០៩៧ ៧៩ ០៨ ០១១) ភូមិសែនចម្រើន ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ ដែលមានមេបាពូជ ចំនួន ២០ក្បាល និងមានកូនមាន់ ចំនួន ៧០ក្បាល ។ កន្លងមក មាន់របស់គាត់បានងាប់អស់ជាងមួយរយក្បាល ដោយសារជំងឺ  ព្រោះមិនទាន់បានអនុវត្តត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។
បន្ទាប់ពីបានទទួលការណែនាំតម្រង់ទិសពីមន្ត្រីជំនាញបសុព្យាបាល និងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ តាមរយៈគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រលោកពូ បានស្វែងយល់ច្រើន ហើយបានយកមកអនុវត្ត ធ្វើឲ្យមាន់របស់គាត់លែងងាប់
 ហើយមានគោលបំណងធ្វើទ្រុងថ្មី និងភ្ញាស់កូនមាន់លក់។
ឆ្លើយតបគោលបំណងរបស់លោកពូ លោកប្រធានមន្ទីរ បានធ្វើការណែនាំពីបច្ចេកទេសមួយចំនួនដូចជា ៖
-គួរតែកែលម្អទ្រុងឡើងវិញ ឲ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេស ដែលងាយធ្វើអនាម័យ និងគ្រប់គ្រង ងាយដាក់ចំណី ងាយប្រមូលផលគ្រាប់ពង
-មិនត្រូវចិញ្ចឹមមាន់ ទា ចូលគ្នាទេ និងមិនត្រូវចិញ្ចឹមព្រលែងឡើយ ដែលអាចបង្ករឲ្យសត្វប្រឈមជំងឺផ្សេងៗ ត្រូវហ៊ុំព័ទ្ធសំណាញ់ជុំវិញ ឲ្យដាច់ដោយឡែកពីគ្នា
-ត្រូវធ្វើវ៉ាក់សាំងឲ្យបានត្រឹមត្រូវ តាមអាយុរបស់មាន់ និងធ្វើការទម្លាក់ព្រូន សត្វល្អិត ដើម្បីធនាសុខភាពសត្វនិងសុវត្ថិភាពសាច់មាន់ដល់អ្នកបរិភោគផងដែរ
-បាញ់ថ្នាំរម្ងាប់មេរោគ នៅជុំវិញរោងចិញ្ចឹមឲ្យបានជាប្រចាំ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter