ការធ្វើស្រូវបង្កើនរដូវ(ស្រូវស្រាល) ត្រូវតែមានប្រភពទឹកសម្រាប់អន្តរាគមន៍
ស្រូវដើមរដូវ ឬ ស្រូវបង្កើនរដូវ ជាប្រភេទស្រូវអាយុកាលខ្លី(ស្រូវស្រាល) មិនប្រកាន់រដូវ ដែលប្រជាកសិករបានដាំនៅដើមរដូវវស្សា ហើយធ្វើការប្រមូលផលចាប់ពីពាក់កណ្តាលខែកក្កដា។ បន្ទាប់ពីច្រូតកាត់រួច កសិករអាចដាំដុះស្រូវធ្ងន់ ស្រូវកណ្តាល ឬ ស្រូវស្រាលសារជាថ្មីម្តងទៀត។ គឺបានន័យថា បន្ទាប់ពីកសិករ ច្រូតកាត់ស្រូវដើមរដូវនេះរួច គាត់អាចដាំបន្តស្រូវស្រាល ស្រូវកណ្តាល ឬ ស្រូវធ្ងន់តែម្តង គ្រាន់តែធ្វើការភ្ជួររាស់ដីជាថ្មី។
ជាទូទៅការធ្វើស្រូវដើមរដូវនេះ ពឹងផ្អែកជាចម្បងលើទឹកភ្លៀង តែមន្ត្រីជំនាញតែងតែណែនាំ ដល់កសិករ ពិចារណាលើប្រភពទឹកសម្រាប់អន្តរាគមន៍ ក្នុងករណីមានភាពរាំងស្ងួត កើតឡើងជាយថាហេតុ។ ព្រោះថា ស្រូវដើមរដូវ តែងចាប់ផ្តើមដាំដុះនៅចុងខែមីនា ឬ មុនពេលចូលឆ្នាំប្រពៃណីខ្មែរ(ខែមេសា) ហើយចាប់ផ្តើមប្រមូលផលនៅក្នុងខែកក្កដា ជាចាំបាច់។
ហេតុដូច្នេះហើយ ដំណាំស្រូវដើមរដូវនេះ តែងប្រឈមខ្វះទឹកនៅអំឡុងពេលចាប់ពីពាក់កណ្តាល ខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា ព្រោះតែភូមិសាស្ត្រប្រទេសយើង ទទួលឥទ្ធិពលខ្យល់មូសុង ដែលតែងកើតមានកូនរដូវប្រាំងក្នុងអំឡុងពេលនេះ។ ឆ្នាំនេះ យើងពិនិត្យឃើញថា សម្រាប់ខេត្តត្បូងឃ្មុំ ភ្លៀងមិនបានធ្លាក់រយៈពេលជា ២សប្តាហ៍មកហើយ ដែលធ្វើឲ្យស្រូវរដូវវស្សានៅភូមិសាស្ត្រមួយចំនួន កំពុងប្រឈមការខ្វះទឹក ជាពិសេសស្រូវដើមរដូវ ដែលនៅដំណាក់កាលនេះ កំពុងតែងខ្លួន ករជាគ្រាប់ ភ្ជាប់ជាកួរ ព្យួរជាចង្កោម ប្រលោមជាផល ផ្តល់ជាចំណូលសម្រាប់កសិករនាពេលខាងមុខ។ បើជួបករណីខ្វះទឹកនៅដំណាក់កាលនេះ ទិន្នផលស្រូវនឹងមានការធ្លាក់ចុះអាស្រ័យតាមស្ថានភាពនៃផលប៉ះពាល់ ធ្ងន់ធ្ងរ ឬ ស្រាល។
ករណីសិក្សាមួយនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ នៅប្រមាណ ៦-៧ឆ្នាំមុននេះ កសិករបានចាប់ផ្តើមធ្វើស្រូវដើមរដូវ ហើយទទួលបានផលគាប់ប្រសើរ នៅ ២-៣ឆ្នាំដំបូង ដោយភ្លៀង បានបង្អុរធ្លាក់បានសព្វល្អ គួបផ្សំទឹកបម្រុងតាមទក្សិណហ្លួងព្រះស្តេចកននិងអូរត្រពាំង ធ្វើឲ្យពួកគាត់សប្បាយរីករាយ។ សញ្ញាណវិជ្ជមាននេះ បានជំរុញឲ្យពួកគាត់រួមទាំងកសិករឯទៀត ចាប់ផ្តើមពង្រីកផ្ទៃដីដាំដុះស្រូវដើមរដូវនេះ តែប្រព័ន្ធបម្រុងទឹកមិនបានពង្រីកនោះទេ ជាហេតុធ្វើឲ្យស្រូវរបស់គាត់ ជួបបញ្ហាខ្វះទឹកអន្តរាគមន៍និងខូចខាត ក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ។ សម្រាប់ឆ្នាំ២០២១នេះ ស្ថានភាពស្រូវដើមរដូវក្នុងឃុំអញ្ចើម អាចនឹងប្រឈមខូចខាតដោយកន្លែងទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខទៀតនេះ។
" វស្សាដល់ហើយ ម្តេចឡើយមិនភ្លៀង ស្រែស្រូវស្វិតក្រៀម ត្រៀមចាំធម្មជាតិ
ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ធ្វើស្រែត្រូវកកាយ ប្រឡាយនិងប្រឡង់ "
ចំពោះមុខស្ថានភាពបែបនេះ មានតែប្រភពទឹកអណ្តូងក្រោមដីតែមួយគត់ដែលអាចជួយសង្គ្រោះបាននៅភូមិសាស្រ្តឃុំអញ្ចើមនេះ។ ដើម្បីឲ្យការធ្វើស្រែដើមរដូវនៅភូមិសាស្ត្រនេះ ទទួលបានផល បានចំណូល កាត់បន្ថយហានិភ័យ គាត់ត្រូវនាំគ្នាគិតនិងធ្វើ ៖
១-ផែនការដាំដុះ ដែលស៊ីគ្នានឹងទំហំធារទឹកអន្តរាគមន៍ គឺត្រូវកាត់បន្ថយផ្ទៃដីដាំដុះ ឬ ត្រូវពង្រីកប្រព័ន្ធស្តុកទឹក
២-ភ្លឺស្រែរឹងមាំ មិនជ្រាបទឹក
៣-ដីស្រែត្រូវតែរាបស្មើល្អ
៤-រៀបចង្អូរប្រឡាយជុំវិញស្រែ ឬ កូនស្រះកណ្តាល ឬ ជ្រុងណាមួយ ក្នុងស្រែរក្សាទឹកទុក
៥-ដាក់ត្រី ឬ កង្កែប ចិញ្ចឹមក្នុងចង្អូរប្រឡាយ ឬ កូនស្រះ ក្នុងស្រែ ជាប្រយោជន៍បានផលត្រីផង និង ត្រី កង្កែប ជួយកម្ចាត់កត្តាចង្រៃ និង ជួយធ្វើឲ្យដីក្នុងស្រែកើនជីជាតិ។
សូមជម្រាបជូនថា ខេត្តត្បូងឃ្មុំ ការធ្វើស្រូវមាន ៣ប្រភេទ គឺ ស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់។ ស្រូវស្រាល ត្រូវចែកជា ២ទៀត គឺ ស្រូវស្រាលក្នុងរដូវវស្សា(ស្រូវដើមរដូវ)និងស្រូវស្រាលក្នុងរដូវប្រាំង(ស្រូវប្រាំង)។
ក្នុងឆ្នាំ២០២១នេះ ខេត្តត្បូងឃ្មុំ មានផែនការដាំដុះស្រូវស្រាល ១៣ ៩៣៥ហិកតា (ស្រូវស្រាលដើមរដូវ ៤ ៣៥៥ហិកតា) ស្រូវកណ្តាល ២៩ ៤១០ហិកតា ស្រូវធ្ងន់ ៣២ ៩២៥ហិកតា និងស្រូវរដូវប្រាំង ១២ ០០០ហិកតា។
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ការដាំដុះស្រូវសម្រេចបាន ៖ ស្រូវស្រាល ១២ ០១០ ហិកតា ស្រូវកណ្តាល ២៦ ៣២៥ហិកតា និងស្រូវធ្ងន់ ២៩ ៨៤០ហិកតា។