ចុះសួរសុខទុក្ខនិងពិនិត្យមើលដាំដុះដំណាំជីរណា របសើកសិករ ៤គ្រួសារ នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
87

មុខរបរ ដាំជីរណា កំពុងផុលផុស នៅទួលតាហោ
ព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមាសាឍឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរាំងឪ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគងជ័យ-ឃុំអំពិលតាពក បានចុះសួរសុខទុក្ខនិងពិនិត្យមើលដាំដុះដំណាំជីរណា របសើកសិករ ៤គ្រួសារ នៅភូមិទួលតាហោ ឃុំគង់ជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានការផុលផុសដាំក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ 
-កសិករ គង់ សុធី លេខទូរស័ព្ទ 097 56 06 194 បានដាំដុះជីរណាលើផ្ទៃដីចំនួន 15អារ ដែលទើបនឹងបានសាបកូនរយៈពេល 1ខែ។
-កសិករ ស៊ុន សារឿន លេខទូរស័ព្ទ 097 85 99 507 បានដាំដុះជីរណានៅលើផ្ទៃដីចំនួន 40អារ ដែលកំពុងនឹងប្រមូលផល។  
-កសិករ មុត សុខុម បានដាំដុះជីរណាលើផ្ទៃដី 15អារ កំពុងតែប្រមូលផល។
-កសិករ ហួត ហ៊ា លេខទូរស័ព្ទ 031 43 30 299 បានដាំដុះជីរណាលើផ្ទៃដី 30អា កំពុងដាំដុះបានរយៈពេល 1ខែកន្លះ។ 
កសិករ គង់ សុធី បានរៀបរាប់ថា អ្នកភូមិទួលតាហោ បានផុលផុសដាំជីរណារយៈពេល ២ឆ្នាំមកហើយ ដោយពិនិត្យឃើញថា ទទួលបានចំណូលគួរសមសម្រាប់ជីវភាពគ្រួសារ តែការចំណាយក៏ច្រើនដែរ។ ការចាប់ផ្តើមដាំដំបូង បើលើផ្ទៃដី ៣០អារ ត្រូវចំណាយគញរប់បែបយ៉ាងក្នុងការដាំជីរណានេះ ប្រមាណ ១០លានរៀល តែប្រព័ន្ធដែលបានរៀបចំយើងអាចប្រើបានច្រើនឆ្នាំ។ ជីរណា ដាំម្តង អាចប្រមូលផលបានពេញមួយឆ្នាំ ដោយវិធីសាស្ត្រដករំលោះ ទុកពូជក្នុងថ្នាល។ បន្ទាប់ពីប្រមូលផលមួយឆ្នាំ ត្រូវរៀបចំសម្អាត ហាលដីម្តង បើមិនដូច្នេះ វា នឹងបង្កើតជាជម្រកពពួកផ្សិត បំផ្លាញជីនៅពេលដាំបន្ទាប់។ កាលដំបូង កសិករទិញគ្រាប់ពីផ្សារ តែបច្ចុប្បន្នគាត់បានរក្សាទុកជីមួយចំណែកឲ្យចេញផ្កាដល់ទុំ ប្រមូលយកគ្រាប់ដាំបន្តបាន ដែលកាត់បន្ថយចំណាយលើការទិញគ្រាប់ ព្រោះគ្រាប់ជីថ្លៃ។ ការដាំជីរណានេះ មិនជាការងាយស្រួលប៉ុន្មាននោះទេ ទាមទារការយកចិត្តទុកដាក់ មើលថែជាប្រចាំ ជាពិសេសទឹកនិងកម្តៅ បើមិនដូច្នេះ នឹងរងការខូចខាតដោយសារពពួកផ្សិតតែម្តង។ មុនផ្ទុះកូវីដ ១៩ កសិករ ដាំជីអាចលក់បានពី ៤០គ.ក្រ ទៅ ៨០គ.ក្រ ក្នុងមួយគ្រួសារ អាស្រ័យទៅតាមទំហំដីដែលបានដាំ ហើយតម្លៃបានជាង ៣ ០០០រៀល ក្នុងមួយគ.ក្រ ។ តែបច្ចុប្បន្នដោយករណីកូវីដផ្ទុះខ្លាំង មិនមានកន្លែងហូបចុក រោងការ រោងបុណ្យ បរិមាណលក់ជីរណា ក៏ថយចុះ ហើយតម្លៃក៏ធ្លាក់ចុះដែរ ជាក់ស្តែងថ្ងៃនេះ តម្លៃបាន ១ ៥០០រៀលក្នុងមួយគ.ក្រ។ តម្លៃនេះ ក៏មិនជាបញ្ហាសម្រាប់កសិករនៅឡើយ សំខាន់សុំឲ្យមានអ្នកទិញ។ បច្ចុប្បន្ន ជីរណា មួយចំនួន ត្រូវបានកសិករម្នាក់ៗយកទៅលក់ខ្លួនឯងខ្លះនីផ្សារអូររាំងឪនិងមួយចំនួនលក់ទៅឲ្យឈ្មួញកណ្តាល ជាអ្នកប្រមូលទិញយកទៅលក់នៅផ្សារសួងនិងបញ្ជូនទៅភ្នំពេញ។
លោក ចាន់ រដ្ឋា មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានរៀបរាប់ថា នៅស្រុកអូររាំងឪ មានកសិករដាំជីរណា ៣ឃុំដែរ សរុបចំនួន ២៥គ្រួសារ តែនៅទួលតាហោ ឃុំគងជ័យ នេះ មានដាំច្រើនជាងគេរហូតដល់ ១៩គ្រួសារ លើផ្ទៃដីជាង ៦,៥ហិកតា។
ចំពោះមុខការខិតខំប្រឹងប្រែងនេះ ខ្ញុំ បានកោតសរសើរដែលបងប្អូនប្រជាកសិករ បានធ្វើការដាំដុះដោយប្រើប្រព័ន្ធទឹកស្រោចស្រពពាក់កណ្តាលស្វ័យប្រវត្តិ (ទុយោសាច) ដែលកាត់បន្ថយចំណាយលើកម្លាំងពលកម្ម ពេលវេលា កំណត់បរិមាណទឹកស្រោចស្រពបានល្អ។ ដោយការដាំដុះប្រមូលផ្តុំ ជិតគ្នា អំណោយផលដល់ការចងក្រងជាក្រុម ឬ បណ្តុំ ដើម្បីប្រមូលផ្តុំទំហំផលិតកម្ម ពង្រឹងអំណាចចចារតម្លៃ និងរកបានដៃគូប្រមូលទិញជាក់លាក់ ធំៗ និងមាននិរន្តរភាព។ ទោះបីស្ថិតក្នុងវិបត្តិកូវីដ ១៩ ព្រឹត្តិការណ៍ធំៗដូចជា អាពាហ៍ពិពាហ៍ បុណ្យ ពិធីជប់លាងធំៗ សណ្ឋាគារ អាហារដ្ឋានធំៗ ដែលត្រូវការបន្លែច្រើន មិនទាន់ឲ្យដំណើរការ តែតម្រូវការបន្លែសម្រាប់បរិភោគក៏នៅមានច្រើន រួមទាំងជី ទោះមិនច្រើនដូចមុនវិបត្តិកូវីដក្តី។ រាជរដ្ឋាភិបាល បានពិនិត្យឃើញថា ក្នុងវិបត្តិកូវីដ វិស័យកសិកម្ម(ការដាំដុះ ចិញ្ចឹមសត្វ ត្រី) បានដើរតួនាទីសំខាន់ណាស់ក្នុងសន្តិសុខស្បៀងរបស់យើង ហើយនៅតែទទូចសុំឲ្យជំរុញការផលិតនេះឲ្យបានកាន់តែច្រើន សម្រាប់បំពេញសេចក្តីត្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងរដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងដាក់ចេញផែនការជំរុញការផលិតផង និង ស្វែងរកទីផ្សារកសិផលជូនកសិករផង ដើម្បីចំណូលរបស់បងប្អូនប្រជាកសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter