រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន ថ្នាក់ខេត្ត បានដឹកនាំសហការី ចុុះពិនិត្យ តាមដានការធ្វើបង្ហាញផលិតកម្មពូជដំឡូងមី លើប្រភេទពូជ រ៉ាយយ៉ង ៨១ នៅភូមិ៣ម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។
សូមជម្រាបថា តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) មន្ត្រីជំនាញអនុវត្តគម្រោងថ្នាក់ខេត្ត បានផ្តល់វគ្គបណ្តុះបណ្តាលកសិករស្តីពីកសិកម្មវៃឆ្លាតដែលធន់ទៅនឹងអាកាសធាតុ លើដំណាំដំឡូងមី ចំនួន ២០វគ្គ ដែលមានកសិករដាំដំឡូងមីចូលរួមចំនួន ៦០០នាក់ និងអនុវត្តធ្វើបង្ហាញផលិតកម្មពូជដំឡូងមីចំនួន ៥បង្ហាញ/គ្រួសារ ស្មើនឹងផ្ទៃដី ៥ហិកតា ដើយប្រើពូជរ៉ាយយ៉ង៩(Rayong9) និងពូជរ៉ាយយ៉ង ៨១ ដែលមានគុណភាពពូជល្អ ធន់ជំងឺ ទទួលទិន្នផលខ្ពស់ ហើយធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បបានពូជល្អពង្រីកផ្សព្វផ្សាយបន្តដល់កសិករដទៃទៀត និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកប្រព័ន្ធផលិតកម្ម និងផ្គត់ផ្គង់ពូជដំឡូងមី ប្រកបដោយនិរន្តភាពនៅ តំបន់ជនបទ។ នាឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំកសិករអនុវត្តធ្វើបង្ហាញ ៖
-ឧស្សាហ៍ព្យាយាមចុះចម្ការ ធ្វើការសម្អាតស្មៅនិងដើមដំឡូងចាស់ចេញពីចម្ការ
-ប្រើប្រាស់ជី តាមបទដ្ឋានបច្ចេកទេស និងដំណាក់កាលលូតលាស់របស់ដំឡូងមី
-ទប់ស្កាត់ពពួកសត្វល្អិតចង្រៃ ជាពិសេស រុយស ដែលជាភ្នាក់ងារចម្លងជំងឺម៉ូសាអ៊ិច បំផ្លាញដំឡូងមីរបស់បងប្អូន។
ដោយឡែករសៀលនេះដែរ លោកប្រធានមន្ទីរ បានប្រគល់គ្រាប់ពូជស្រូវសុទ្ធគ្រឹះ សម្រាប់ធ្វើបង្ហាញផលិតកម្មពូជស្រូវ លើប្រភេទពូជស្រូវ ផ្កាមាលតី ផ្ការំដួល និងខា១៦ នៅភូមិ៣ម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។ មុនការអនុវត្តជាក់ស្តែង គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន បានផ្តល់ការបណ្តុះបណ្តាលកសិករស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព និងកសិកម្មវៃឆ្លាតដែលធន់ទៅនឹងអាកាសធាតុ លើដំណាំស្រូវ ចំនួន ៣៧វគ្គ ដែលមានកសិករដាំដុះដំណាំស្រូវ ចូលរួមចំនួន ១ ១១០នាក់ និងត្រូវធ្វើបង្ហាញផលិតកម្មពូជស្រូវ ចំនួន ២២បង្ហាញ/គ្រួសារ ស្មើនឹងផ្ទៃដី ១២,៩០ហិកតា មានកសិករគំរូចូលរួមអនុវត្តចំនួន ២២គ្រួសារ លើប្រភេទពូជស្រូវ ផ្កាមាលតី ផ្ការំដួល និងខា១៦ ដើម្បីទទួលបានពូជល្អសម្រាប់កសិករឯទៀត និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកប្រព័ន្ធផលិតកម្ម និងផ្គត់ផ្គង់ពូជស្រូវប្រកបដោយនិរន្តភាពក្នុងតំបន់ជនបទ។ នាឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំកសិករអនុវត្តធ្វើបង្ហាញ ៖ -ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដាំដុះផលិតកម្មពូជស្រូវ គ្រាប់ពូជស្រូវត្រូវហាលថ្ងៃ ២-៣ម៉ោង ដើម្បីដាស់ដំណេកគ្រាប់មុនយកទៅត្រាំទឹក២៤ម៉ោង និងផ្អាប់២៤-៣៦ម៉ោង ទើបយកទៅសាប -ត្រូវរៀបចំថ្នាលសំណាបភ្ចួរដីឱ្យម៉ដ្ឋ ហាលថ្ងៃឱ្យបានពី ៧ ទៅ១០ថ្ងៃ សម្អាតស្មៅ និងពង្រាបដីឱ្យបានរាបស្មើ
ប្រើជីធម្មជាតិ (កំប៉ុស្តិ៍ ដែលពុកផុយល្អ ក្នុងបរិមាណប្រហែល ២០០គ.ក ឬ ប្រហែល ១រទេះគោ សម្រាប់ផ្ទៃដីថ្នាលសាបទំហំ ១០០ម៉ែត្រការ៉េ)
-រៀបចំថ្នាលសំណាប ដែលមានទីតាំងនៅក្បែរប្រភពទឹក មានពន្លឺថ្ងៃគ្រប់គ្រាន់ និងងាយស្រួលគ្រប់គ្រង
-គ្រាប់ពូជស្រូវសម្រាប់សាប គឺប្រមាណ ០,១គ.ក (១ខាំ) សម្រាប់ផ្ទៃថ្នាល ១ម៉ែត្រការ៉េ។
សម្រាប់ស្ទូងលើដី ១ហិកតា ត្រូវការថ្នាលសំណាបទំហំ ពី១៥០ ទៅ ៣០០ម៉ែត្រការ៉េ និងត្រូវការគ្រាប់ពូជសុទ្ធ ១៥ ទៅ៣០ គ.ក្រ។
***គ្រាប់ពូជស្រូវសុទ្ធគ្រឹះ ធ្វើការដាំដុះ ជាពូជស្រូវបាន ចំនួន ២-៣លើកទៀត សម្រាប់ផលិតកម្មដំណាំស្រូវ។