ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ឡជីវឧស្ម័ន និងកាកសំណល់ឡ នៅស្រុកតំបែរ
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២១
149

រសៀលថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ឡជីវឧស្ម័ន និងកាកសំណល់ឡ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកតំបែរ លោកមេឃុំគោកស្រុក លោកមេភូមិដូនមាស ប្រជាពលរដ្ឋ សរុប ២៩នាក់ ក្នុងនោះស្រី ១៧នាក់។ 
តាមការៀបរាប់ពីលោកមេភូមិដូនមាស បានឲ្យដឹងថា ក្នុងភូមិសាស្ត្រភូមិដូនមាស ប្រជាពលរដ្ឋ ដាំដំណាំចម្បងគឺកៅស៊ូ និងស្វាយចន្ទី ហើយប្រជាពលរដ្ឋ តែងជួបបញ្ហាប្រឈមលើដំណាំនោះគឺ កៅស៊ូ មិនចេញជ័រ(ជំងឺស្ងួតមុខជៀរ)និងស្វាយចន្ទីក្រៀមត្រួយ ផ្កា ក្តិបមិនកាន់ (សត្វល្អិតចង្រៃ និងជំងឺលើផ្កាផ្លែ)។
ចំពោះមុខបញ្ហាប្រឈមនេះ លោកប្រធានមន្ទីរ បានស្នើសុំដល់ប្រជាកសិករចូលរួមទទួលការផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ទាក់ទងដំណាំនីមួយៗ ព្រមទាំងការចិញ្ចឹមសត្វផងដែរ។
សូមឲ្យអាជ្ញាធរឃុំ មេភូមិ ជួយណែនាំពន្យល់ល់ប្រមូលផ្តុំកសិករដែលដាំដុះនិងចង់បានការយល់ដឹងពីជំនាញបច្ចេកទេសកសិកម្មជាក់លាក់ មកទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញ។ 
ដោយឡែកការជួបជុំគ្នាពេលនេះ លោកប្រធានមន្ទីរ បានជម្រាបជូនដល់អ្នកចូលរួមឲ្យបានដឹងថា រាជរដ្ឋាភិបាល បានសម្រេចបង្កើតគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកដឹកនាំអនុវត្ត ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងឥណទានឥតសំណងពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) ក្នុងបំណងជំរុញផលិតកម្មកសិកម្មឲ្យកាន់តែប្រសើរឡើង តាមរយៈការរៀបចំនូវរចនាសម្ព័ន្ធមានផ្លូវ ទឹក ឃ្លាំង.... ហើយឡជីវឧស្ម័ន ជាផ្នែកមួយនៃគម្រោង ដើម្បីកាត់បន្ថយការកើនឡើងកម្ដៅលើភពផែនដី ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមគោ ក្របី ជ្រូក មាន់ទា ដែលបង្កើតបានជាថាមពលហ្គាស សម្រាប់ដុតចម្អិន ម្ហូបអាហារ ដាំទឹក ភ្លើងបំភ្លឺ ជាពិសេសបន្សល់កាកសំណល់ ដែលយើងយកទៅធ្វើជាជីលាមកសត្វ សម្រាប់ដាក់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យដីមានគុណភាពល្អយូរអង្វែង ដំណាំទទួលបានទិន្នផលខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសកាត់បន្ថយចំណាយលើការទិញជីគីមី។ ហេតុនេះហើយ  ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញនិងលើកទឹកចិត្តដល់កសិករចិញ្ចឹមសត្វ ត្រូវធ្វើឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់លាមកសត្វឲ្យអស់ពីលទ្ធភាព។
លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់មេឃុំ មេភូមិ បងប្អូនប្រជាកសិករ ពេលជួបបញ្ហាក្នុងការដាំដុះនិងចិញ្ចឹមសត្វ សូមទំនាក់ទំនងមកមន្រ្តីជំនាញតាមលេខទូរស័ព្ទ ០៩៧ ៤៥ ០៨ ៧៩៩, ០៨៨ ៥៣ ៥១ ៣៣៣។

ចំនួនអ្នកចូលទស្សនា
Flag Counter