ឡជីវឧស្ម័ន ប្រើលាមកសត្វ តែផ្តល់ឧស្ម័នសម្រាប់ដាំស្លនិងជីធម្មជាតិ
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២១
178

ឡជីវឧស្ម័ន ប្រើលាមកសត្វ តែផ្តល់ឧស្ម័នសម្រាប់ដាំស្លនិងជីធម្មជាតិប្រកបដោយគុណភាព 
ព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC)ថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំផ្សព្វផ្សាយអត្ថប្រយោជន៍ឡជីវឧស្ម័ន កាកសំណល់ជីឡ ដើម្បីជំរុញលើផលិតកម្មកសិកម្ម នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកជំទប់ឃុំថ្មពេជ្រ មេភូមិ និងកសិករសរុបទាំងអស់ចំនួន ២១នាក់ ក្នុងនោះស្រី ៩នាក់។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានជម្រាបជូនដល់អ្នកចូលរួមឲ្យបានដឹងថា រាជរដ្ឋាភិបាល បានសម្រេចបង្កើតគម្រោងនេះឡើង ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកដឹកនាំអនុវត្ត ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងឥណទានឥតសំណងពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF)។ ឡជីវឧស្ម័ន ជាផ្នែកមួយនៃគម្រោង ដើម្បីកាត់បន្ថយការកើនឡើងកម្ដៅលើភពផែនដី បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមគោ ក្របី ជ្រូក មាន់ទា ដែលបង្កើតបានជាថាមពលហ្គាស សម្រាប់ដុតចម្អិន ម្ហូបអាហារ ដាំទឹក ភ្លើងបំភ្លឺ ជាពិសេសបន្សល់កាកសំណល់ ដែលយើងយកទៅធ្វើជាជីលាមកសត្វ សម្រាប់ដាក់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យដីមានគុណភាពល្អយូរអង្វែង ដំណាំទទួលបានទិន្នផលខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសកាត់បន្ថយចំណាយលើការទិញជីគីមី។ ហេតុនេះហើយ  ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញនិងលើកទឹកចិត្តដល់កសិករចិញ្ចឹមសត្វ ត្រូវធ្វើឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់លាមកសត្វឲ្យអស់ពីលទ្ធភាព។
ឆ្លៀតឱកាសនោះផងដែរ លោកប្រធានមន្ទីរ បានឲ្យមេភូមិ និងប្រជាកសិករបង្ហាញពីសក្តានុពលដំណាំកសិកម្មក្នុងឃុំ បញ្ហាប្រឈម និងសំណូមពរ។ មេភូមិនិងប្រជាកសិករ បានលើកឡើងពីដំណាំដែលមានសក្តានុពលក្នុងឃុំមានដូចជា ដំឡូងមី ដំណាំស្រូវ ស្វាយចន្ទី និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ហើយក៏បានលើកពីបញ្ហាសត្វល្អិតនិងជំងឺមួយចំនួន។
 ជាការឆ្លើយតប លោកប្រធានមន្ទីរ បានសំណូមពរដល់មេឃុំ មេភូមិ បងប្អូនប្រជាកសិករ ចូលរួមវគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងពីបច្ចេកទេស ជាពិសេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនេះ។ ពេលជួបបញ្ហាក្នុងការដាំដុះ និងចិញ្ចឹមសត្វ សូមទំនាក់ទំនងមកមន្រ្តីជំនាញតាមលេខទូរស័ព្ទ ០៩៧ ៤៥ ០៨ ៧៩៩, ០៨៨ ៥៣ ៥១ ៣៣៣។

ចំនួនអ្នកចូលទស្សនា
Flag Counter