ចុះពិនិត្យការប្រមូលផលនិងលក់ចេញស្វាយកែវរមៀត របស់កសិករ ញាណ ពិសិដ្ឋ
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២១
151

ការអនុវត្តគោលការណ៍ "ការអនុវត្តកសិកម្មល្អ(GAP)" ចាំបាច់សម្រាប់ស្វាយនាំចេញ
បញ្ចប់វេទិកា នាពេលរសៀលថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងសហការី បានអម ដំណើរឯកឧត្តម ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការប្រមូលផលនិងលក់ចេញស្វាយកែវរមៀត របស់កសិករ ញាណ ពិសិដ្ឋ (លេខទូរស័ព្ទ ០៩៧ ៥ ៨៨៨៨ ៣១) នៅភូមិច្រវាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ដែលបានដាំដុះស្វាយកែវរមៀតលើផ្ទៃដី ១០ហិកតា និងកំពុងប្រមូលផលលើផ្ទៃដី ២ហិកតា ទទួលបានបរិមាណផលស្វាយ ២៦តោនក្នុងមួយលើក(មួួយហិកតា បានប្រមាណ ១៣តោន ហើយស្វាយកែវរមៀតផ្តល់ផល ២ដងក្នុងមួយឆ្នាំ) លក់ទៅឲ្យឈ្មួញដែលបានសន្យាទិញស្វាយវេចខ្ចប់ ដោយប្រភេទផ្លែស្វាយចំណាត់ថ្នាក់លេខមួយ តម្លៃ ១ ៤០០រៀល/គ.ក្រ និងផ្លែស្វាយចំណាត់ថ្នាក់លេខពីរ តម្លៃ ៤០០រៀល/គ.ក្រ។ ការសន្យានេះ មានលក្ខខណ្ឌដូចតទៅ ៖
-ម្ចាស់ចម្ការ ត្រូវទទួលខុសត្រូវមើលថែពីស្វាយ ចាប់ចេញផ្ការហូតដល់ក្ដិប 
-ម្ចាស់ចម្ការ ត្រូវមើលថែទាំដាក់ទឹកនិងជី ដើម្បីឲ្យផ្លែស្វាយធំល្អ
-ភាគីអ្នកទិញ ទទួលរាប់រងវេចខ្ចប់និងការចំណាយវេចខ្ចប់ផ្លែស្វាយ
-នៅពេលដល់ថ្ងៃប្រមូលផល ភាគីអ្នកទិញ ជាអ្នកទទួលរ៉ាប់រងចំណាយថ្លៃបេះ វេចខ្ចប់ដាក់កេស និងលើកដាក់លើឡាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់លោក ញាណ ពិសិដ្ឋ ដែលបានខិតខំដាំដុះមើលថែស្វាយរហូតទទួលបានផលល្អ ស្របតាមការសន្យា ព្រមទាំង លក់បានតម្លៃសមរម្យ មិនកកស្ទះ។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរបន្តការខិតខំថែទាំស្វាយឲ្យបានល្អ និងអនុវត្តតាមការសន្យាឲ្យបានត្រឹមត្រូវ ហើយបើកាន់តែល្អ ត្រូវចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដែលមានការដឹងឮពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍បន្ថែមដូចជា ៖
-ត្រូវរៀបចំប្រព័ន្ធស្រោចស្រពដោយប្រើប្រព័ន្ធតំណក់ទឹក ដែលជាបច្ចេកទេសថ្មី សន្សំសំចៃទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ចំណេញទាំងពេលវេលា និងប្រាក់កាស  
-ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំពុលគីមីនិងជីគីមី ចៀសវាងការប្រើខុសបច្ចេកទេស ដែលបណ្តាលឲ្យស្វាយមិនមានគុណភាព សុវត្ថិភាព សម្រាប់អ្នកបរិភោគ និងបាត់បង់ទីផ្សារ។ កាន់តែប្រសើរ ត្រូវអនុវត្តគោលការណ៍ "ការអនុវត្តកសិកម្មល្អ(GAP)" ដែលជាស្តង់ដារសុវត្ថិភាព មានការទទួលស្គាល់
-ត្រូវទាក់ទងទៅមន្ត្រីជំនាញកសិកម្ម ក្នុងករណីត្រូវការបច្ចេកទេសបន្ថែម។

ចំនួនអ្នកចូលទស្សនា
Flag Counter