វេទិកាផ្សព្វផ្សាយបច្ចេកទេសកសិកម្មនិងចងក្រងបណ្តុំអាជីវកម្មកសិកម្ម
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២១
194

មានទឹក មានបច្ចេកទេស ដំណាំ នឹងផ្តល់ទិន្នផលល្អ 
វេទិកាផ្សព្វផ្សាយបច្ចេកទេសកសិកម្មនិងចងក្រងបណ្តុំអាជីវកម្មកសិកម្ម ត្រូវបានរៀបចំឡើងនៅចំណុចបឹងកណ្តេរ ឃុំឈូក ស្រុកក្រូចឆ្មារ ក្រោមអធិបតីភាពឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមជាកិត្តិយសពីលោកអភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ ប្រធសនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីជំនាញចំណុះមន្ទីរ លោកមេឃុំ មេភូមិ ប្រជាពលរដ្ឋដាំដុះជុំវិញអាងទឹកបឹងកណ្តេរ សរុប 72នាក់។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរាយការណ៍ជូនអង្គវេទិកា ថា ការរៀបចំវេទិកានាពេលនេះ មានគោលបំណងក្តាប់ស្ថានភាពដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ បញ្ហាប្រឈម តម្រូវការ និងរកដំណោះស្រាយ ដើម្បីជំរុញលើកកម្ពស់ផលិតកម្មកសិកម្មក្នុងភូមិសាស្ត្រជុំវិញអាងបឹងកណ្តេរ ឲ្យកាន់តែល្អប្រសើរ។
លោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ បសនមានប្រសាសន៍ថា អាងទឹកបឹងកណ្តេរនេះ ត្រូវបានរៀបចំជួសជុលឡើងវិញក្រោមគំនិតផ្តួចផ្តើមនិងគាំទ្រថវិកាផ្ទាល់ពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ដែលធ្វើឲ្យអាងទឹកនេះអាចរក្សាទឹកបានវិញលើផ្ទៃអាងជាង 300ហិកតា ហើយអាចស្រោចស្រពស្រែស្រូវរដូវប្រាំង ពោតក្រហម ឆ្នាំជក់ និងបន្លែ លើផ្ទៃដីប្រមាណជាង 1 000ហិកតា ជាពិសេសដើម្បីឲ្យការដាំដុះស្រូវឲ្យបានយ៉ាងតិច2ដង ក្នុងមួយឆ្នាំ។ មិនត្រឹមតែបានទឹកសម្រាប់ស្រោចស្រព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រក្សាផ្ទៃបឹងទាំងមូល រួមទាំងព្រៃលិចទឹកជាប់បឹងទំហំប្រមាណ 1 500ហិកតា ជាកន្លែងអភិរក្សព្រៃ ត្រី និងសត្វស្លាប។ ដូច្នេះ សូមបងប្អូនប្រជាកសិករ ចូលរួមដាំដុះឲ្យបានគ្រប់គ្នា ត្រឹមត្រូវតាមបច្ចេកទេស ឲ្យសមស្របទៅនឹងការប្រឹងប្រែងយកចិត្តទុកដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចំពោះយើង។
មានប្រសាសន៍បើកវេទិកា ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ជាមួយសមិទ្ធផលដ៏ធំធេងនេះ ដែលបានរួមចំណែកក្នុងការជំរុញផលិតភាពកសិកម្ម ជាពិសេសបងប្អូនប្រជាកសិករយើងនៅជុំវិញអាងទឹកនេះ។ តាមរបាយការណ៍របស់លិកអភិបាលស្រុកអម្បិញមិញ បានបង្ហាញឲ្យឃើញពីទឹកចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនយើងនៅទីនេះ។ ដូច្នេះសូមបងប្អូនប្រើប្រាស់ឲ្យអស់ពីលទ្ធភាពនូវអ្វីដែលនៅមានចំពោះមុខយើងនេះ។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាកសិករ ទាំងបច្ចេកទេសនិងទីផ្សារ ព្រមទាំងប្រភពទុនជួយគាំទ្រមួយចំណែកផងដែរ។ នៅពេលនេះ យើងមានទឹកហើយ ហើយបើយើងបន្ថែមបច្ចេកទេសទៀតនោះ នឹងជួយឲ្យទិន្នផលរបស់យើងកាន់តែប្រសើរ ព្រមទាំងឆ្លើយតបលក្ខខណ្ឌតម្រូវរបស់ទីផ្សារ។ មានទឹកច្រើន មិនមែនយើងប្រើប្រាស់ទឹកខ្ជះខ្ជាយនោះទេ បើប្រើទឹកលើសពីតម្រូវការ ក៏មិនល្អសម្រាប់ដំណាំដែរ។ បច្ចុប្បន្ននេះ ក្រសួងកសិកម្ម កំពុងបញ្ចូលបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សន្សំសំចៃតឹកប្រើទុយោតំណក់ ទុយោសាច កៅស៊ូគម្រប ការរៀបចំដីដោយប្រព័ន្ធកាំរស្មីដែលធ្វើឲ្យដីរៀបស្មើល្អ ស្រែត្រូវប្រើទឹកតិច ការប្រើគ្រឿងចក្រជំនួសកម្លាំងមនុស្សជាដើម។
សម្រាប់វេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនលើកឡើងនូវបញ្ហាប្រឈម ការលំបាក និងសំណូមពរជាក់ស្តែង។ ហេតុនេះ សូមបងប្អូនលើកឡើងឲ្យអស់នូវអ្វីដែលមានក្នុងចិត្តយូរមកហើយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ។
ក្នុងអង្គវេទិកា ប្រជាកសិករ ៥រូប បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលើកឡើងបញ្ហាប្រឈមនិងសំណូមពរដូចតទៅ ៖
១-ដោយលំបាកក្នុងការបូមទឹកច្រើនដង ប្រជាកសិករសំណូមពរជីកប្រឡាយបន្តនិងរៀបចំប្រឡាយតូចៗដល់ក្បាលដីស្រែ បូមទឹកតែម្តងបានហើយ។ 
២-ដោយទិន្នផលនៅទាប ដោយសារដីកាន់តែក្សោះជីជាតិ សំណូមពរបណ្តុុះបណ្តាល ណែនាំពីរបៀបប្រើប្រាស់ជីគីមីនិងថ្នាំកសិកម្ម។ 
៣-សុំការបណ្តុុះបណ្តាល ណែនាំពូជត្រី សម្រាប់ចិញ្ចឹម ព្រោះកន្លងមកចិញ្ចឹមដូចជាមិនធំ ហើយក៏ធ្លាប់ភ្ញាស់ត្រីឆ្ពិនផងដែរ។
ទាក់ទងបញ្ហាប្រឈមនិងសំណូមពរលើកឡើង ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ឱកាសជូនមន្ត្រីជំនាញ គ្រឿងយន្តកសិកម្ម ណែនាំបង្ហាញអំពីការរៀបចំដីដាំដុះ មន្ត្រីជំនាញក្សេត្រសាស្ត្រ ណែនាំបង្ហាញអំពីការដាំដុះ ពូជ និងការថែទាំ មន្ត្រីជំនាញជលផល បង្ហាញណែនាំបច្ចេកទេសចិញ្ចឹុមត្រី និងមន្ត្រីជំនាញបសុព្យាបាល ណែនាំបង្ហាញអំពីការចិញ្ចឹមសត្វ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ទស្សនទានមួយចំនួន ដើម្បីលើកកម្ពស់ផលិតកម្មកសិកម្មរបស់បងប្អូន ឲ្យទទួលបានលទ្ធផលល្អប្រសើរដូចតទៅ ៖
១-ដី ត្រូវវៃឲ្យម៉ត់ល្អ ហើយពង្រាបឲ្យស្មើ
២-ត្រូវប្រើពូជ ដែលមានភាពមានភាពស៊ាំ នឹងភូមិសាស្ត្រ នឹងអាកាសធាតុ ពូជដែលប្រើទឹកតិច
៣-ត្រូវដាំពូជ ដែលជាតម្រូវការរបស់ទីផ្សារ
៤-ចិញ្ចឹមត្រី ចិញ្ចឹមសត្វ បន្ថែមលើមុខរបរដាំដុះ
៥-បង្កើតសហគមន៍កសិកម្ម ឬ បណ្តុំ អាជីវកម្មកសិកម្ម ឬ ក្រុមផលិតកម្មកសិកម្ម
៦-ត្រូវកំណត់រកដៃគូឯកជន សហការទីផ្សារជាមុន។

ចំនួនអ្នកចូលទស្សនា
Flag Counter