សន្សំសំចៃទឹកក្នុងការស្រោចស្រព ជាជម្រើសដំបូង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ
រសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC)ថ្នាក់ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីអនុវត្តគម្រោង ចុះសម្របសម្រួលប្រគល់សម្ភារកសិកម្ម រួមមាន គ្រាប់ពូជបន្លែ ២០៧កញ្ចប់ កៅស៊ូគ្របរង ២៦ដុំ ទុយោសាច ៦ដុំ ទុយោដំណក់ ១៤ដុំ សំណាញ់ទ្រើង ៧០ដុំ ស្បៃបៃតង ៣ដុំ ដល់កសិករជាសមាជិកសហគមន៍ ចំនួន ១៩គ្រួសារ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើបង្ហាញផលិតកម្មដំណាំបន្លែសុវត្ថិភាព ប្រើប្រាស់ជីធម្មជាតិ ដែលកែច្នៃផ្សំពីជីលាមកគោពុកផុយ លាយជាមួយធ្យូងអង្កាម និងកំបោរស ក្នុងសកម្មភាពជំរុញការប្រើប្រាស់ឡជីវឧស្ម័ន។
ក្នុងកម្មវិធីក៏មានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុតំបែរ សមាជិកក្រុមប្រឹក្សាឃុំគោកស្រុក សរុបទាំងអស់ ២៥នាក់ ក្នុងនោះស្រី ៧នាក់ ដែលគម្រោងនេះគាំទ្រថវិកាពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF)។
នាឱកាសនោះ លោកប្រធានមន្ទីរ បានជម្រាបជូនដល់បងប្អូនប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម ដែលទទួលបានសម្ភារកសិកម្មថា នេះជាការគិតគូរពីរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗលើថ្លៃដើមផលិត និងជំរុញផ្សព្វផ្សាយពីការអនុវត្តបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកាត់បន្ថយការចំណាយទៅលើកម្លាំងពលកម្ម សន្សំសំចៃទឹក ចំណេញវេលា និងថវិកាបានមួយចំនួនក្នុងផលិតកម្ម។ ដូច្នេះក្រោយពីទទួលបាននូវសម្ភារទាំងអស់នេះ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេសដែលមន្រ្តីបច្ចេកទេសបានបណ្ដុះបណ្ដាលឲ្យ ទទួលបានលទ្ធផលជាផ្លែផ្កា ជាពិសេសបំពេញតាមតម្រូវការទីផ្សា និងបន្តអនុវត្តបច្ចេកទេសដែលបានធ្វើបង្ហាញប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងមាននិរន្តរភាពក្នុងផលិតកម្ម។ ទន្ទឹមនេះ ត្រូវចែករំលែកបទពិសោធន៍ដល់សមាជិកសហគមន៍ និងកសិករដទៃៗទៀតនៅក្នុងមូលដ្ឋានរៀងខ្លួន។
ឆ្លៀតឱកាសនោះដែរ លោកប្រធានមន្ទីរ បានក្រើនរំឭកនិងណែនាំដល់សមាជិកសហគមន៍ ត្រូវចេះរួបរួមគ្នា ជជែកគ្នា ក្នុងរៀបចំផែនការផលិតឱ្យបានច្បាស់លាស់ មានគុណភាពតាមការតម្រូវរបស់ទីផ្សារ និងត្រូវស្វែងរកដៃគូទិញកសិផលជាក់លាក់។ បងប្អូន ត្រូវចាប់យកឱកាសបន្ថែមទុនដាំដុះដែលមានអត្រាការប្រាក់ទាប ជាពិសេសឥណទានពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្បន៍ជនបទ និងកសិកម្ម ដែលមានអត្រាការប្រាក់ទាប សម្រាប់ជាទុន ដើម្បីយកមកពង្រីកមុខរបរក្នុងផលិតកម្មបន្ថែម។