គុណភាព សុវត្ថិភាពបន្លែ សម្រាប់អ្នកបរិភោគ ជាគោលការណ៍ត្រូវប្រកាន់យក
រសៀលថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះសួរសុខទុក្ខនិងពិនិត្យការដាំដុះដំណាំរបស់កសិករ ជា គីមលី (ទូរស័ព្ទលេខ 0៩៧ ៦៤ ៦១ ១៦៨) និងជាប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មពញាក្រែករុងរឿង ស្ថិតនៅភូមិសុខសាន្ត (ហៅភូមិឡថ្មី) ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានផ្ទៃសរុប ១ហិកតា ៣០អារ បានដាំដុះដូងចំនួន ៤០០ដើម ហើយបានដាំដុះ ដំណាំបន្លែតាមចន្លោះរងដូង រួមមានដំណាំ ៤មុខ លើផ្ទៃដីតែមួយ ដែលកំពុងស្ថិតក្នុងដំណាក់កាលថែទាំនិងកំពុងប្រមូលផលរួមមាន ៖ ស្ពៃក្ដោប កំពុងប្រមូលផលលើផ្ទៃដី ១០ម៉ែត្រ x៤០ម៉ែត្រ លក់ជារៀងរាល់ថ្ងៃក្នុងតម្លៃលក់ដុំ ៣ ០០០រៀល/គ.ក្រ លក់រាយ ៤ ០០០រៀល/ឝ.ក្រ និងមិនទាន់ប្រមូលផលមានផ្ទៃដី ២០ម៉ែត្រx៤០ម៉ែត្រ អាចប្រមូលផល នៅរយៈពេល ១ខែទៀត។ ចំណែកស្ពៃបូកគោ កំពុងប្រមូលផលលើផ្ទៃដី ១០ម៉ែត្រx៣០ម៉ែត្រ លក់ជារៀង រាល់ថ្ងៃ ក្នុងតម្លៃលក់ដុំ ៥ ០០០រៀល/គ.ក្រ លក់រាយ ៦ ០០០រៀល/ឝ.ក្រ និងស្ពៃមិនទាន់ ប្រមូលផលលើផ្ទៃដី ១០ម៉ែត្រx៤០ម៉ែត្រ អាចប្រមូលផលបាននៅសប្ដាហ៍ទី៣ ខែកុម្ភៈ។ ពោតបារាំង ដាំដុះលើផ្ទៃដី ១ ០០០ម៉ែត្រការ៉េ អាចប្រមូលផលបាននៅសប្ដាហ៍ទី២ ខែកុម្ភៈ និងខាត់ណាផ្កា ដាំដុះលើផ្ទៃដី ១០ម៉ែត្រx៤០ម៉ែត្រ អាចប្រមូលផលនៅ មួយខែកន្លះទៀត។
តាមរយៈការលើកឡើងរបស់កសិករ ជា គីមលី បានរៀបរាប់ថា ការដាំដុះដំណាំទាំងនេះ មានការលំបាកច្រើនក្នុងការគ្រប់គ្រងនិងការថែទាំ ជាពិសេស កាតរទប់ស្កាត់កត្តាសត្វ ល្អិតចង្រៃ ប៉ុន្តែទោះបីយ៉ាងណាមិញ ដំណាំបន្លែទាំងនេះមិនសូវមានគេដាំច្រើន ហើយតម្រូវ ការទីផ្សារនិងមានតម្លៃខ្ពស់។
ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កសិករ ជា គីមលី ក្នុងការយកចិត្តទុកដាក់ដាំដុះដំណាំដែលមានតម្លៃខ្ពស់លើទីផ្សារនិងជូនពរ ទទួលបានចំណូលច្រើនពីការដាំដុះនេះ ជាពិសេសរក្សាឲ្យបាននូវគុណភាព សុវត្ថិភាពបន្លែសម្រាប់អ្នកបរិភោគ។