ព្រឹកថ្ងៃស្រុក ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មតំបែរសាមគ្គី ដើម្បីរៀបចំកិច្ចសន្យានៅពេលខាងមុខជាមួយក្រុមហ៊ុនអង្គរគ្រីន តាមរយៈការអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយមានសមាជិកសហគមន៍ស្ម័គ្រចិត្ត ចូលរួមចំនួន ២៣នាក់ ក្នុងនោះស្រី ៣នាក់ ដែលប្រព្រឹត្តនៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ។
ក្នុងការពិភាក្សា លោកប្រធានមន្ទីរ បានធ្វើការជម្រាបជូនដល់ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍ ពីការចុះកិច្ចសន្យាលក់ស្វាយចេញទៅបាន ត្រូវបំពេញបាននូវលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ ដែលដំណើរការនេះ ក៏ចាំបាច់មានការអនុវត្តស្តង់ដារសុវត្ថិភាពតាមគោលការណ៍ " ការអនុវត្តកសិកម្មល្អ(GAP) " ដោយមានការចុះមកពិនិត្យនិងវាយតម្លៃនៅលើទីវាលផ្ទាល់ និងការអនុវត្តបច្ចេកទេសបានត្រឹមត្រូវ ដើម្បីស្វាយមានគុណភាព សុវត្ថិភាព សោភ័ណ្ឌភាព។
ក្រុមប្រឹក្សាភិបាល ត្រូវរៀបចំចុះបញ្ជីចម្ការស្វាយរបស់សមាជិកម្នាក់ៗ ដើម្បីងាយស្រួលក្នុងការកំណត់ឲ្យដឹងច្បាស់ពីទិន្នន័យផ្ទៃដីចម្ការ និងបរិមាណផល ព្រមទាំងពេលវេលាអាចប្រមូលផលបាន យកទៅពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើកិច្ចសន្យាលក់ និងតម្រូវការតាមលក្ខខណ្ឌកិច្ចសន្យា ហើយការធ្វើកិច្ចសន្យាជាក់លាក់មួយធ្វើឲ្យមានតម្លៃថេរសម្រាប់លក់ចេញ។