ត្បូងឃ្មុំ ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
លោក ហេង ពិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំលោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសម្របសម្រួលដំណើរបេសកកម្មរបស់មន្ត្រីស្ថានទូតជប៉ុន ចុះពិនិត្យ និងវាយតម្លៃសមិទ្ធិផលគម្រោងKUSANONE ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងការពង្រឹងសមត្ថភាព និងគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់សហគមន៍កសិកម្មចំនួន២ គឺ ៖
១.សហគមន៍កសិកម្មដំណាំម្រេចដារមេមត់ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ទទួលបានការគាំទ្រជួយសាងសង់ឃ្លាំងស្តុកម្រេចចំណុះប្រមាណ ១០០តោន ១ខ្នង ព្រមទាំងបំពាក់ម៉ាស៊ីនសម្ងួតម្រេច ចំនួន ១គ្រឿង។
២.សហគមន៍កសិកម្មតំបែររុងរឿង ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំតំបែរ ស្រុកតំបែរ ទទួលបានការគាំទ្រសាងសង់ឃ្លាំងស្តុកស្វាយចន្ទីចំណុះប្រមាណ ១០០តោន ១ខ្នង ព្រមទាំងបំពាក់ម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី ចំនួន ១គ្រឿង។
ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងក្នុងនាមសហគមន៍កសិកម្មទាំង២ សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជប៉ុន ដែលបានផ្តល់ជំនួយឥតសំណង គាំទ្រដល់សហគមន៍កសិកម្ម ក្នុងមូលដ្ឋានកែច្នៃកសិផល ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សហគមន៍ក្នុងការផ្តួចផ្តើមគំនិតនៃការកែច្នៃកសិផល បង្កើនតម្លៃកសិផលនិងបង្កើតការងារសម្រាប់កសិករ។