ជំងឺផ្សិតដូនី មីដ្យូ ( Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួត លើដំណាំពោត អាចទប់ស្កាត់និងកម្ចាត់បាន កសិករ ត្រូវចុះមើលចម្ការជាប្រចាំ
ឆ្លើយតបនឹងការកើតមានជំងឺផ្សិតដូនី មីដ្យូ ( Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួត លើដំណាំពោត លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិភាពកសិកម្ម
សហការជាមួយលោក ជី អាន អភិបាលរងស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំជីរោទិ៍ទី១ បានចុះពិនិត្យ និងផ្តល់ប្រឹក្សាបច្ចេកទេស ណែនាំពីវិធានការគ្រប់គ្រង ទប់ស្កាត់ និងកម្ចាត់ជំងឺផ្សិតដូនី មីដ្យូ ( Downy mildew)ដល់ប្រជាកសិករ កាលពីព្រឹកថ្ងៃសុក្រ ទី20 ខែមករា ឆ្នាំ2021នេះ។
លោក ដុក សាវឿន បានជម្រាបជូនបងប្អូនប្រជាកសិករថា របបទឹកទន្លេមេគង្គឆ្នាំ២០២០នេះ មិនបានពន្លិចដីចម្ការរបស់បងប្អូននោះទេ ធ្វើឲ្យស្ព័ររបស់ផ្សិត មិនត្រូវបានបំផ្លាញ ហើយស្ព័រនេះ បានបំបែកខ្លួន ពង្រីកខ្លួន មកបំផ្លាញដើមពោតរបស់យើង។ ផ្សិតនេះ បំផ្លាញពោត មិនគិតពីអាយុពោតនោះទេ បើវាមានកម្លាំងពេលណា វាចាប់ផ្តើមវាយប្រហារពេលនោះតែម្តង។ ហេតុនេះ សូមបងប្អូនប្រជាកសិករ ស្វែងយល់ពីរោគសញ្ញានិងអនុវត្តតាមការណែនាំមួយ ចំនួនដូចខាងក្រោម ៖
++++ រោគសញ្ញាដំណាំពោតដែលរងការបំផ្លាញពីផ្សិតដូន្នីមីលឌូ (Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួតពោត មានដូចជា ៖
- ស្លឹកនិងស្រទបស្លឹក មានឆ្នូតសនិងពណ៌លឿង
- ស្លឹកមានលក្ខណះតូច ក្រាស់ និងរឹងខុសពីធម្មតា
- ពោតរងជំងឺនេះ ដើមទាំងមូលរបស់វាក្រិន ដែលបណ្តាលឲ្យទិន្នផលធ្លាក់ចុះ។
++++ វិធានការការពារ ៖
- ត្រូវជ្រើសរើសពូជពោត ដែលមានលក្ខណៈធន់និងជំងឺផ្សិតដូន្នីមីលឌូ (Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួតពោត
- ដកដើមពោតដែលមានជំងឺយកទៅដុតចោល និងយកផេះ ឬកំបោរកសិកម្ម មកបាចលើរណ្តៅដីដែលបានដកដើមពោតចេញ ដើម្បីសម្លាប់ស្ព័ររបស់ផ្សិតដែលនៅជាប់ក្នុងដីនោះ
- ប្រើពពួកមេផ្សិតជីវសាស្រ្ត ដែលអាចជួយបង្អាក់ការលូតលាស់ទៅលើផ្សិតប្រភេទនេះបាន ដូចជា ផ្សិតទ្រីកូឌែម៉ា ដោយត្រូវប្រឡាក់ជាមួយគ្រាប់ពូជពោត នៅមុនពេលដាំដុះ
- ត្រូវដាំពោត ឲ្យបានព្រមពេលគ្នា
- គួរជៀសវាងការដាំប្រភេទដំណាំដដែលៗ លើដីតែមួយ បានន័យថា ត្រូវប្តូរប្រភេទដំណាំ។
++++ វិធានកម្ចាត់ ៖ ជំងឺនេះ បើកើតមានហើយ មិនមានវិធានការណាផ្សេងក្រៅពីប្រើថ្នាំពុលកសិកម្មនោះទេ។
កសិករ ត្រូវប្រើថ្នាំកម្ចាត់ដែលមានធាតុសកម្មដូចជា មេតាឡាក់ស៊ីល (Metalaxy) ឬ ថ្នាំព្យាបាលជំងឺផ្សិតផ្សេងទៀត។