សហគមន៍កសិកម្ម ជាសហគ្រាសសេដ្ឋកិច្ចនៅមូលដ្ឋាន និងជាតំណាងស្របច្បាប់របស់ប្រជាកសិករជាសមាជិកក្នុងការធ្វើជាដៃគូកិច្ចសន្យាផលិតកម្មកសិកម្ម
ព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្ម ចំនួន ៣ ក្រោមអធិបតីភាពឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោមមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោកអភិបាលស្រុកតំបែរ ពញាក្រែក និងស្រុកមេមត់ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទាំង៣និងសហគមន៍កសិកម្មមួយចំនួនទៀតសរុបប្រមាណ ៤០នាក់។
សូមជម្រាបជូនថា សហគមន៍កសិកម្ម ជាក្រុមប្រជាកសិករដែលស្ម័គ្រចិត្តចងក្រង ឲ្យក្លាយជាកម្លាំងប្រមូលផ្តុំនៅមូលដ្ឋាន ដើម្បីជំរុញផលិតកម្មកសិកម្ម ដែលឆ្លើយតបទៅនឹងភាពតម្រូវរបស់ទីផ្សារ លើកកម្ពស់ពាណិជ្ជូបនីយកម្មកសិកម្ម រួមចំណែកធ្វើឲ្យប្រសើរឡើងជីវភាពគ្រួសារកសិករ។ សហគមន៍កសិកម្ម ទាំង៣ ត្រូវបានសម្របសម្រួល គាំទ្ររៀបចំពីមន្ត្រីជំនាញការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចាប់ពីការផ្សព្វផ្សាយពីគោលគំនិតសហគមន៍កសិកម្ម រហូតដល់ការរៀបចំមហាសន្និបាតកំណើតដំបូង និងការរៀបចំចងក្រងឯកសារស្នើសុំចុះបញ្ជីទទួលស្គាល់សហគមន៍។ សហគមន៍កសិកម្មទាំង៣ ដែលដូខាងក្រោម ៖
១- សហគមន៍កសិកម្មរំចេកមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ និងបានចុះបចុះបញ្ជីទទួលស្គាល់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយមានសមាជិកសរុបចំនួន៥៤នាក់ ក្នុងនោះស្រី១៣នាក់។
២- សហគមន៍កសិកម្មបៃតងគោកស្រុក បានរៀបចំមហាសន្និបាតកំណើតដំបូតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ និងបានចុះបចុះបញ្ជីទទួលស្គាល់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយមានសមាជិកសរុបចំនួន៦៣នាក់ ក្នុងនោះស្រី១០នាក់។
៣- សហគមន៍កសិកម្មជ័យនិគមនមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិជ័យនិគម ឃុំកណ្តោលជ្រុំ និងបានចុះបចុះបញ្ជីទទួលស្គាល់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយមានសមាជិកសរុបចំនួន៦៨នាក់ ក្នុងនោះស្រី៣៣នាក់។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការសហគមន៍កសិកម្មទាំង៣ ដែលត្រូវបានសមាជិករបស់ខ្លួនជ្រើសរើសជាតំណាងសម្រាប់ដឹកនាំសហគមន៍ឈានទៅរកការអភិវឌ្ឍវិស័យកសិកម្មនៅមូលដ្ឋានស្របទៅតាមការវិវត្តនៃសេដ្ឋកិច្ចសាកលនិងនាំមកចំណូលរបស់គ្រួសារកសិករកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត បានធ្វើការផ្តាំផ្ញើមួយចំនួនបន្ថែមទៀត ដើម្បីឲ្យសហគមន៍កាន់តែរឹងមាំដូចតទៅ ៖
១- ក្រុមប្រឹក្សាភិបាល គណៈកម្មការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្ម ត្រូវ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសហគមន៍ កសិកម្ម ដែលជាឧបករណ៍តម្រង់ទិសក្នុងការបំពេញការងារប្រកបដោយសមធម៌ តម្លាភាព គណនេយ្យភាព លក្ខណៈប្រជាធិបតេយ្យ ជំរុញការអភិវឌ្ឍសហគមន៍ ក៏ដូចជាជីវភាព សមាជិកឲ្យបានធូរធា រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងជួយការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។
២-ថ្នាក់ដឹកនាំសហគមន៍ ត្រូវមានការពិភាក្សាជាមួយសមាជិក ធ្វើយ៉ាងណារក្សាទុក ភាគចំណេញបញ្ចូលក្នុងមូលនិធិអភិវឌ្ឍន៍មុខជំនួញសហគមន៍ឲ្យបានច្រើន ដើម្បីពង្រីកមុខ ជំនួញឲ្យបានច្រើន។ ក្នុងន័យខាងលើនេះ ចង់ប្រៀបធៀបថា “ ឈើមួយដើមបើដើមមាន សុខភាពល្អរឹងមាំ នោះមែកនិងស្លឹកក៏មានសុខភាពល្អដែរ តែបើដើមមិនរឹងមាំនោះមែក និង ស្លឹកនឹងជ្រុះ រប៉ាត់រប៉ាយតាមនោះដែរ “។
៣-សហគមន៍កសិកម្មយើងនៅក្មេងខ្ចីណាស់ ដូចនេះមន្ទីរកសិកម្ម មន្ទីរជំនាញ ពាក់ព័ន្ធ អាជ្ញាធរដែនដីស្រុក ឃុំ ត្រូវបន្តគាំពារ បណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេស ណែនាំតម្រង់ទិសអនុវត្តឲ្យបានជាប្រចាំ ជាពិសេស ជំរុញការផលិតស្តង់ដាផសិតផល កសិកម្ម ឲ្យចេញជារូបរាង ដើម្បីកែលម្អរគុណភាពម្រេចឲ្យបានល្អជាងមុន ព្រមទាំងអនុវត្ត ផលិតកម្មតាមកិច្ចសន្យា ដែលយន្តការរបស់ រាជរដ្ឋាភិបាល ដើម្បីគាំពារដល់ផលប្រយោជន៍ របស់ភាគីអ្នកផលិត និងប្រមូលទិញកសិផលកសិកម្ម។