ចុះពិនិត្យស្ថានភាពស្រូវរដូវប្រាំងដែលបានស្តារឡើងវិញបន្ទាប់ពីទទួល រងគ្រោះខូចខាតដោយជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ២០ មករា ២០២១
245

" ដាំបានទាំងអស់គ្នា  ទទួលបានចំណូលទាំងអស់គ្នា "
ព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយលោក ផាន់ ផា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្បូងឃ្មុំ លោកស្រីមេឃុំបឹងព្រួលនិងសមាជិកក្រុមប្រឹក្សា ឃុំបឹងព្រួល បានចុះពិនិត្យស្ថានភាពស្រូវរដូវប្រាំងដែលបានស្តារឡើងវិញបន្ទាប់ពីទទួល រងគ្រោះខូចខាតដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គកាលពីចុងឆ្នាំ2020 កន្លងមកនេះ បានពិនិត្យឃើញថា ស្រូវមានការលូតលាស់ល្អ តែក៏មានស្រូវដែលទាមទារការចុះមើលថែ បន្ថែមទៀតផងដែរ។
សូមជម្រាបជូនថា ឃុំបឹងព្រួល មានផ្ទៃដីរងការខូចខាតចំនួន ១៩២ហិកតា ហើយទទួល បានការយកចិត្តទុកដាក់អន្តរាគមន៍ផ្តល់ស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លាពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលធ្វើឲ្យផ្ទៃដីរងការខូចខាត ត្រូវបានស្តារឡើងវិញបានទាំងស្រុង។
ទឹកស្រោចស្រព ជាបញ្ហាចម្បងរបស់កសិករកំពុងដាំដុះដំណាំស្រូវនៅតំបន់នេះ ដែលត្រូវពឹងផ្អែកលើទឹកបឹងកន្លែងរាំងទាំងស្រុង។ លោកស្រីមេឃុំបឹងព្រួល បានមានប្រសាសន៍ថា ទឹកបឹងនេះ ត្រូវស្រោចស្រពស្រូវរដូវប្រាំងជុំវិញនោះប្រមាណ ១០០ហិកតា ហើយតាមការពិនិត្យ ទឹកក្នុងបឹងនឹងអស់ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។ ក្នុងទិសដៅរក្សាតម្កល់ទឹកក្នុង បឹងនេះឲ្យបានច្រើន រដ្ឋបាលឃុំ បានរៀបចំកំណត់ព្រំបឹងកន្លែងរាំង ដែលមានទទឹង ២០០ម និង បណ្តោយប្រមាណ ៤៥០ម ជាស្រេចនិងគ្រោងស្នើសុំថ្នាក់ដឹកនាំជួយជីកស្តារឲ្យបានជ្រៅ ក្នុងរដូវប្រាំងនេះ។
កសិករ ជ្រា សុង (096 78 57 136) ដែលកំពុងរៀបចំដីស្ទូងស្រូវប្រាំងបន្តទៀតនោះ បានរៀបរាប់ឲ្យដឹងថា ក្នុងការ ធ្វើស្រែរដូវប្រាំងនេះ គាត់ត្រូវដាក់ទឹកមួយសប្តាហ៍ម្តង ដោយម្តងដាក់កម្ពស់ ៣ធ្នាប់ដៃ ឬ ប្រមាណ ៤ស.ម។ ដូច្នេះ ធ្វើស្រែម្តង ត្រូវបូមដាក់ទឹក ១២ដងយ៉ាងតិច។
ពីការលើកឡើងនេះ យើងអាចគណនាបរិមាណទឹកសម្រាប់ការធ្វើស្រូវរដូវប្រាំងម្តង យ៉ាង ហោចណាស់ត្រូវការទឹក ០,០៤ស.មx១០ ០០០ម៉ែត្រការ៉េx១២ដង = ៤ ៨០០ម៉ែត្រគីប ក្នុងមួយហិកតាដីស្រែ។ នេះ យើងមិនទាន់គិតដល់ជម្រាបចូលដី ការលេចធ្លាយ និងការ ហូរចោលផ្សេងៗផង។ ដូច្នេះ បង្ហាញថា ស្រែប្រាំងចំណាយទឹកយ៉ាងច្រើន នៅពេលដែលទឹកស្តុករបស់យើងតិច។ 
ពីហេតុផលនេះ កសិករ ធ្វើស្រូវប្រាំង ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសសន្សំសំចៃ ទឹកនិងការផ្លាស់ប្តូរមុខដំណាំ ដូចជា ៖
-ត្រូវពង្រាបដីឲ្យបានស្មើ លើកភ្លឺឲ្យបានរឺងមាំទប់ស្កាត់ជម្រាបទឹក មុនការព្រោះ ឬ ស្ទូងស្រូវ
-ត្រូវបង្វែរមកដាំដំណាំអាយុកាលខ្លី ដូចជា ល្ពៅ ត្រឡាច ត្រសក់ស្រូវ...ដែលត្រូវការទឹកតិច ឬ អាចប្រើប្រព័ន្ធស្រោចស្រពបែបសន្សំសំចៃទឹក
-ត្រូវចេះពិភាក្សាគ្នា ចាត់ចែងផែនការដាំដុះកុំឲ្យជាន់គ្នាច្រើនពេក " ដាំបានទាំងអស់គ្នា ទទួលបានចំណូលទាំងអស់គ្នា " ។

ចំនួនអ្នកចូលទស្សនា
Flag Counter