ចូលរួមពិធីសំណេះសំណាលនិងប្រគល់សម្ភារកសិកម្មនិងគ្រាប់ពូជដល់សម្បទានិកចំនួន ១០គ្រួសារ
ចេញ​ផ្សាយ ២០ មករា ២០២១
158

សម្បទានិក ១០គ្រួសារ ទទួលបានសម្ភារកសិកម្មនិងគ្រាប់ពូជ ដើម្បីដាំដុះបង្កើនចំណូលគ្រួសារ ទោះក្នុងវិបត្តិនៃការឆ្លងរាលជំងឺ កូវីដ ១៩
ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អមដំណើរដោយសហការី សហការជាមួយលោក តាំង ម៉េងរ៉ាត់  អភិបាលរងនៃគណៈអភិបាលស្រុកមេមត់ អបដំណើដោយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ អាជ្ញាធរមូលដ្ឋាន ចូលរួមពិធីសំណេះសំណាលនិងប្រគល់សម្ភារកសិកម្មនិងគ្រាប់ពូជដល់សម្បទានិកចំនួន ១០គ្រួសារទៀត ដើម្បីធ្វើបង្ហាញការដាំដុះតាមបទដ្ឋានបច្ចេកទេសថ្មី ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្នុងការអនុវត្តសកម្មភាពនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន ២ (LASED II) របស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រមូលនិធិដោយធនាគារពិភពលោក នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ 
ក្នុងពិធីសំណេះសំណាលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានមានមតិថ្លែងអំណរគុណដល់សម្បទានិកដែលបានចូលរួមសហការនិងអនុវត្តជាមួយគម្រោងនិងស្នើសុំសម្បទានិក ដែលទទួលបានសម្ភារកសិកម្មនិងគ្រាប់ពូជ ទាំង ១០គ្រួសារ ត្រូវខិតខំប្រឹងប្រែងដាំដុះបន្លែអនុវត្តតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ ដើម្បីបានហូប បានលក់ និងបានចំណូលបន្ថែម។ លោកប្រធានមន្ទីរ បានមានប្រសាសន៍សំណូមពរដល់សម្បទានិកទាំងអស់ ដែលចាប់យកមុខរបរកសិកម្ម ត្រូវខិតខំពង្រឹងនិងពង្រីកទំហំផលិតកម្ម សម្រាប់នាំចេញទៅទីផ្សារខាងក្រៅភូមិ ដោយផ្តើមពីការរៀបចំជាក្រុមផលិត មានផែនការដាំដុះទៅតាមប្រភេទដំណាំ ពេលវេលា និងដំណាក់កាល។ អ្វីដែលបងប្ងូន ទទួលបានសម្រាប់ថ្ងៃនេះ គឺបច្ចេកទេសថ្មីមួយដែលសមស្របសម្រាប់យកទៅអនុវត្ត នៅតំបន់នេះ ដែលប្រើប្រាស់ឧបករណ៍ស្រោចស្រពដោយសន្សំសំចៃទឹក ឧបករណ៍ឆ្លើតតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបញ្ជូលបច្ចេកទេសថ្មីៗជាច្រើនទៀត។ លោកប្រធាន បានមានប្រសាសន៍បន្តទៀតថា យើងទាំងអស់គ្នា ត្រូវគិតថា អ្វីដែលយើងទទួលបាន នឹងក្លាយជាដើមទុន សម្រាប់ធ្វើឲ្យរឹងមាំដោយខ្លួនឯង។ បើសិនជាជួបប្រទះបញ្ហាផ្សេងៗ សូមទំនាក់ទំនងមកមន្ត្រីជំនាញ ដែលចាំជួយគ្រប់ពេលវេលាតាមសេចក្ដីត្រូវការរបស់បងប្អូន ដោយពុំចង់បានផលចំណេញអ្វីផ្សេងក្រៅពីឃើញបងប្អូន បានទទួលចំណូលសម្រាប់គ្រួសារនោះឡើយ។ អ្វីដែលរាជរដ្ឋាភិបាលត្រូវការពីបងប្អូននោះគឺ ឃើញប្រជាកសិករមានអាហារូបត្ថម្ភគ្រប់គ្រាន់ មានប្រាក់ចំណូល ធ្វើឲ្យជីវភាពធូធារ រឹងមាំ លែងត្រូវការជំនួយតទៀត។
ជាមួយគ្នានេះដែរ លោក តាំង ម៉េងរ៉ាត់ អភិបាលរងនៃគណៈអភិបាលស្រុកមេមត់ បានមានមតិសំណេះសំណាលនិងផ្ដាំផ្ញើរដល់សម្បទានិក ឲ្យខិតខំប្រឹងប្រែងលើការងារកសិកម្មនេះ និងផលិតបន្លែដែលមានសុវត្តិភាពតាមសេចក្ដីត្រូវការរបស់ទីផ្សារ និងផលិតផលមានតម្លៃសមស្រប និងបានលើកសុភាសិតថា “ចេះពីរៀន មានពីរក” ដើម្បីឲ្យកសិករទាំងអស់បានដឹង និងស្នើសុំកសិករប្រកបរបរកសិកម្មនិងមុខរបរផ្សេងទៀតដែលអាចជួយដល់សង្គមនិងគ្រួសារ។ ត្រូវជៀសវាងសកម្មភាពឬមុខរបរទាំងឡាយណាដែលមិនមានប្រយោជន៍ និងបំផ្លាញដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល និងជាចុងក្រោយ បានជូនពរដល់សម្បទានិកទាំងអស់មានជីវភាពល្អប្រសើ មានសុភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមជាមួយនឹងស្នើសុំឲ្យពួកគាត់ទំនាក់ទំងមកមន្ត្រីជំនាញតាមសេចក្ដីត្រូវការ។

ចំនួនអ្នកចូលទស្សនា
Flag Counter