សំណេះសំណាលនិងចែកសម្ភារៈតង់ប្លាស្ទិក កូនត្រីអណ្ដែង កូនកង្កែប និងចំណី នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ១៥ មករា ២០២១
122

ទោះស្ថិតក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩  ថ្នាក់ដឹកនាំកាន់តែគិតគូរដល់សុខទុក្ខគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ
ព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលនិងចែកសម្ភារៈតង់ប្លាស្ទិក កូនត្រីអណ្ដែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវ្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមានប្រជាកសិករងាយរងគ្រោះមកពីស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងក្រុងសួង ចំនួន ៣២គ្រួសារ ដែលកម្មវិធីប្រព្រឹត្តទៅនៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ ឯកឧត្ដម  ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះបងប្អូនប្រជាកសិករដែលកំពុងប្រកបមុខរបរដាំដំណាំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី...។ ឯកឧត្តម បានមានប្រសាសន៍បន្តថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិនិងជាប្រភពចំណូល របស់គ្រួសារកសិករ។ រាជរដ្ឋាភិបាល តែងតែផ្តួចផ្តើមធ្វើយ៉ាងណាឲ្យកសិករមានចំណូលទ្រទ្រង់ជីវភាពក្នុងគ្រួសារ ដូចជាពេលនេះ ទោះបីជាព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ ១៩ រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាកសិករតាមគ្រប់រូបភាព។ ថ្ងៃនេះ កសិករចំនួន ៣២គ្រួសារ នឹងទទួលបាននូវសម្ភារតង់ប្លាស្ទីក កូនត្រីអណ្ដែង ចំណីត្រី បង្កើតជាមុខរបរមួយសម្រាប់ជួយរកប្រាក់ចំណូលក្នុងគ្រួសារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាចិត្តហើយថា នឹងមិនឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ។ សម្តេចតេជោ តែងតែដោះស្រាយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។
សូមជម្រាបជូនថា ក្នុងមហិច្ឆិតាចង់ឃើញកម្ពុជា ជាអធិរាជត្រីអណ្តែងនិងកង្កែប រាជរដ្ឋាភិបាល បានផ្តល់ថវិកា ២ ០០០លានរៀល ដល់រដ្ឋបាលជលផល ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែមានសន្ទុះកើនឡើង ជាពិសេសផ្នែកវារីវប្បកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើនឱកាសការងារ ជំរុញការចិញ្ចឹមត្រី កង្កែបក្នុងក្របខណ្ឌបច្ចេកទេសដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានស្ថានភាពតាមជីវភាពគន្លងថ្មី ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។ ក្នុងនោះខេត្តត្បូងឃ្មុំ ទទួលបានការឧបត្ថម្ភដល់គ្រួសារកសិករងាយរងគ្រោះ ១០០គ្រួសារ ដោយទទួលបានការឧបត្ថម្ភទាំងស្រុងពីរាជរដ្ឋាភិបាលពីចាប់ផ្តើមរហូតដល់ពេលប្រមូលផល រួមទាំងការបណ្តុះបណ្តាលបច្ចេកទេសផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter