ចុះជួបកសិករជាមួយតំណាងទីផ្សារក្នុងការទិញ លក់បន្លែ ស្រុកក្រូចឆ្មារ
ចេញ​ផ្សាយ ១៥ មករា ២០២១
149

ចងក្រងជាក្រុមផលិត ផលិតតាមផែនការតម្រូវរបស់ទីផ្សារ នឹងធ្វើឲ្យប្រភពចំណូលប្រជាកសិករ មានជាប្រចាំ
ព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ 
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ 
លោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ
លោក អុីវ លូហូវ មេឃុំព្រែកអាជី
និងលោកស្រីតំណាងក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ(ប.ស.ក)
ចុះជួបសំណេះសំណាលនិងសម្របសម្រួលដល់ក្រុមកសិករជាមួយតំណាងទីផ្សារក្នុងការទិញ លក់បន្លែ នៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ មានកសិករចូលរួម ៤៥នាក់ ក្នុងនោះស្រី ២០នាក់។
លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា ក្នុងអំឡុងខែធ្នូ ជារៀងរាល់ឆ្នាំប្រភេទបន្លែមួយចំនួន តែងធ្លាក់ចុះតម្លៃ ដោយសារការដាំដុះមានបរិមាណច្រើន ហើយបន្លែលូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ ជាពិសេសប្រជាកសិករតាមដងទន្លេក៏ចាប់ផ្តើមដាំបន្លែបន្ទាប់ពីទឹកស្រកទៅវិញ។ ឆ្លើយតបបញ្ហាប្រឈមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងណែនាំតម្រង់ទិសឲ្យអង្គភាពក្រោមឱវាទ ជំរុញការចងក្រងកសិករជាក្រុម ជាបណ្តុំ ជាសហគមន៍កសិកម្ម រៀបចំផែនការដាំដុះតាមប្រភេទ ទំហំផ្ទៃដី ស្របតាមតម្រូវការរបស់ទីផ្សារតាមពេលវេលានីមួយៗ ដោយធានានូវគុណភាព សុវត្ថិភាពសម្រាប់បរិភោគនិងផ្សារភ្ជាប់ទៅកាន់ទីផ្សារតាមទម្រង់នៃកិច្ចសន្យាផលិតកម្មកសិកម្ម។ ឆ្នាំនេះទៀតសោត វិបត្តិនៃការរីករាលដាលជំងឺ កូវីដ ១៩ បានហាមឃាត់ការរៀបចំពិធីដែលមានលក្ខណៈប្រមូលផ្តុំទ្រង់ទ្រាយធំ ដើម្បីចូលរួមអនុវត្តវិធានសុខាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ ១៩ ក្នុងសហគមន៍ ដែលជះឥទ្ធិពលដល់តម្រូវការប្រើប្រាស់បន្លែ ក៏ដូចជាគ្រឿងឧបភោគ បរិភោគផ្សេងៗទៀត។ ដោយឡែកនៅឃុំព្រែកអាជីនេះ កសិករ បានដាំបន្លែជាច្រើនមុខ ក្នុងនោះត្រសក់ចំណារ មានរហូតដល់ជិត ២០ហិកតា ដែលត្រូវប្រមូលផលព្រមគ្នាក្នុងខែធ្នូនេះ ហើយក៏ជួបបញ្ហាតម្លៃធ្លាក់ចុះ តែមិនមានការបោះចោលនោះទេ។ កន្លងមកទាំងរដ្ឋបាលខេត្ត ស្រុក មន្ទីរកសិកម្ម បានខិតខំទាក់ទងរកអ្នកទិញធំ មកជួយទិញ តែតម្លៃមិនទាន់បានសមរម្យនៅឡើយ តែការទិញលក់តាមកិច្ចសន្យានៅតែមានតម្លៃល្អប្រសើរ។ ហេតុនេះការចងក្រងក្រុម ដាំឲ្យមានផែនការត្រឹមត្រួវ ពិតជាមានសារៈសំខាន់។ មន្ទីរ មានភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយទៅដល់កសិករ ប្រសិនបើមានបញ្ហាដល់ការដាំបន្លែអាចសាកសួរបាន ពេលនោះព័ត៌មានដល់ខាងមន្ទីរ និងជួយរកដំណោះស្រាយជូនតាមលទ្ធភាព។ ម៉្យាងទៀតភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំរបស់យើង នឹងចុះស្រង់ព័ត៌មានការដាំដុះបន្លែ សម្រាប់យកមកធ្វើClip សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធហ្វេកបុក។ ក្រោយពីបង្ហោះតាមប្រព័ន្ធហ្វេកបុកមានឈ្មួយតេមករកបន្លែរបស់កសិករ។ ខាងមន្ទីរ  នឹងបន្តខិតខំរកទីផ្សារជូនដល់កសិករ ណែនាំកសិករដាំបន្លែមានកិច្ចសន្យាអ្នកទិញ អ្នកលក់ និងការដាំដុះឲ្យត្រូវតម្រូវការឈ្មួញចង់បាន។ យើងបានជំរុញដល់កសិករឲ្យបង្កើតជាក្រុមផលិតបន្លែ យ៉ាងហោច ១ក្រុមមានសមាជិកមិនលើសពី ១៥នាក់។
តំណាងក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ(ប.ស.ក) បាននិយាយថា បន្លែផលិតបានយ៉ាងច្រើនក្នុងខែធ្នូនេះ។ ឈ្មួញកណ្តាលន បាននាំត្រសក់មកពីខេត្តសៀមរាប កណ្តាល និងខេត្តបាត់ដំបង  បើនិយាយពីបន្លែរបស់ខ្មែរចាប់៣០០រៀល ទៅ ៤០០រៀល ថ្លៃជាងបន្លែបរទេស ដោយឡែកតែឆៃថាវរបស់ខ្មែរ ដែលមានតម្លៃថោកជាងឆៃថាវបរទេស។ បើយើងប្រៀបធៀបបន្លែរបស់ខែ្មរ និងការនាំចូលពីក្រៅប្រទេស ភាគច្រើនគេហូបបន្លែរបស់ខ្មែរ។ ដោយឡែកក្រុមហ៊ុនរបស់យើង ត្រូវការបន្លែសុវត្ថិភាពសមា្រប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស  រីឯតម្លៃសមរម្យសម្រាប់អ្នកបរិភោគ។ ក្រុមហ៊ុន ត្រូវការត្រសក់ផ្លែល្អធំបំផុត ៩ផ្លែ ទម្ងន់មួយគីឡូ។ ផ្លែ រាងកដប កក្អម ផ្លែមានស្នាម ផ្លែធំហួសហេតុ មិនទទួលទិញទេ។ កសិករ ត្រូវចេះធ្វើចំណាត់ថ្នាក់ទំហំត្រសក់ ដើម្បីលក់បានតម្លៃល្អ ជាងលក់បែបចាប់ឆាយ។ ចំពោះថង់ច្រកវិញ ក្រុមហ៊ុន យើងការថង់ពណ៌សថ្លាងាយមើលឃើញ ក្នុង១ថង់ដាក់តែ១០Kg។
លោក សយ ទូច អភិបាលស្រុក បាននិយាយថាបន្ទាប់ពីទទួលព័ត៌មានត្រសក់មានតម្លៃថោក ស្រុកបានខិតខំរកដំណោះស្រាយជូនប្រជាកសិករ ដោយបានរាយការណ៍ដល់ឯកឧត្តមអភិបាលខេត្តមន្ទីរកសិកម្ម។  បន្ទាប់ពីទទួលព័ត៌មានភ្លាម ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានចុះទៅដល់ចំការត្រសក់របស់កសិករ បានជួយទិញត្រសក់របស់គាត់។ គាត់បានណែនាំកសិករឲ្យដាំបន្លែមានផែនការត្រឹមត្រូវ និងបានជំរុញកសិករឲ្យបង្កើតជាក្រុម ងាយលក់ផលិតផលរបស់គាត់។ ក្នុងនោះបានជួយឧបត្តម្ភអណ្តូងទឹកជូនកសិករដាំបន្លែ។ ទន្ទឹមនេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានទិញគ្រឿងចក្រ ដើម្បីជួយស្តារបឹង ព្រែក ប្រឡាយ រក្សាទឹកទុកឲ្យបានច្រើនសម្រាប់បងប្អូនប្រជាកសិករប្រើប្រាស់ស្រោចស្រព។

ចំនួនអ្នកចូលទស្សនា
Flag Counter