អ្នកដឹងទេថា ធ្វើស្រែប្រាំង ១ហិកតា ត្រូវការទឹកប៉ុន្មាន?
តាមការសង្កេត ពិនិត្យឃើញថា កសិករ មិនបានចាប់អារម្មណ៍គណនា ថាតើ ក្នុងការធ្វើស្រូវប្រាំងម្តង ត្រូវការទឹកប៉ុន្មានម៉ែត្រគីបនោះទេ។ ភាគច្រើនគិតតែថា ស្រូវប្រាំង ប្រើរយៈពេល ៣ខែ ឬ ៣ខែ ១០ថ្ងៃ ឬ ៣ខែ កន្លះ ឬ គិតថា ធ្វើស្រែប្រាំងម្តង ត្រូវបូមទឹកដាក់ស្រែ ៥ដង ឬ ៦ដង អាស្រ័យមានភ្លៀងកក់ខែ ឬ អត់។
តាមការសិក្សា សួរនាំកសិករ គាត់បាននិយាយថា ក្នុងការធ្វើស្រែប្រាំងម្តង គាត់បូមទឹកបញ្ចូលស្រែ ៥ ទៅ ៦ដង ដែលម្តងៗ បូមទឹកដាក់ឲ្យបានកម្ពស់ ១០ ទៅ ១៥ស.ម។ ដូច្នេះ បើយើងគិតបែបងាយៗ សម្រាប់កសិករធ្វើស្រែប្រាំងមួយលើក ត្រូវការទឹក ជាមធ្យម [(៥+៦)/២ = ៥,៥ដង] គុណនឹង [(០,១០+០,១៥)/២ = ០,១២៥ម គុណនឹង ១០ ០០០ម៉ែត្រការ៉េ] = ៦ ៨៧៥ម៉ែត្រត្រីគុណ អាចថា ៧ ០០០ម៉ែត្រត្រីគុណ។
បើ ១ហិកតា ត្រូវការទឹកដាក់ស្រែ ៧ ០០០ម៉ែត្រត្រីគុណ ចុះបើ ១០០ហិកតា នោះត្រូវការទឹក ៧០០ ០០០ម៉ែត្រត្រីគុណ ចុះបើ yហិកតា នោះនឹងត្រូវការទឹកប៉ន្មាន?
ដូច្នេះ មុនគីតដល់ការពង្រីកផ្ទៃដីស្រែប្រាំង ទាំងកសិករនិងអាជ្ញាធរមូលដ្ឋាន សុំគិតពីទំហំធារទឹកសម្រាប់ការស្រោចស្រព។ បើទឹកអាចផ្គត់ផ្គង់លើផ្ទៃដីតិចតួចពេក មិនគួរធ្វើស្រែប្រាំងនោះទេ ព្រោះអាចប្រឈមនឹងសត្វស្លាប ឬ កណ្តុរសុីបំផ្លាញ។
ករណីនេះ កសិករ គួរបង្វែរមកធ្វើការដាំដុះប្រភេទដំណាំដែលមានអាយុកាលខ្លី ដែលឆាប់បានប្រមូលផលវិញ។
មន្ត្រីពិគ្រោះ ៖
១-លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្ត
២-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្ត
សូមអរគុណ ចំពោះការអានពីដើមរហូតដល់ចប់