ត្រូវការបន្លែសម្រាប់លក់បន្ត សូមទាក់ទងជាការប្រញាប់
នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក លី ហ៊ត ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំជីគរ នៃកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យការដាំដុះ និងការប្រមូលផលដំណាំបន្លែរបស់កសិករ ជាសមាជិកបណ្ដុំ ស្ថិតនៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងការចុះពិនិត្យបានឲ្យឃើញថា ៖
១-កសិករ វង់ ចាន់ថេន (ទូរស័ព្ទលេខ 097 30 72 178) បានកំពុងថែទាំដំណាំត្រសក់ ចំណារ ដែលដាំដុះលើផ្ទៃដីទំហំ ១ ០០០ម៉ែត្រការ៉េ ដោយប្រើប្រាស់ទុយោដំណក់ សម្រាប់ស្រោចស្រព ហើយអាចប្រមូលផលបាននៅសប្ដាហ៍ទី១ ខែមករា ក្នុងបរិមាណផល ប្រមាណ ២ ០០០គ.ក្រ និងសាលាដបានដាំដុះលើផ្ទៃដីទំហំ ៣០០ម៉ែត្រការ៉េ ដែលអាចប្រមូលផលបាននៅដើមខែមករា ក្នុងបរិមាណផលប្រមាណ ៥០០គ.ក្រ និងកំពុងថែទាំដំណាំស្ពៃតឿនៅក្នុងផ្ទះសំណាញ់ទំហំ ១០ម៉ែត្រx៣៦ម៉ែត្រ ដែលអាចប្រមូលផលបាននៅសប្ដាហ៍ទី១ ខែមករា ក្នុងបរិមាណផលប្រមាណ ៥០០គ.ក្រ ទៅ ៦០០គ.ក្រ។
២-កសិករ អេង ស៊ាប (ទូរស័ព្ទលេខ 088 87 50 949) បានកំពុងប្រមូលផលស្ពៃក្រញាញ់ លើផ្ទៃដីសរុប ២ ៥០០ម៉ែត្រការ៉េ លក់បានតម្លៃ ១ ០០០រៀល/គ.ក្រ។