ចុះមើលចម្ការជាប្រចាំ ឆ្លើយតបនឹងការកើតមានជំងឺផ្សិតដូនី មីដ្យូ
ចេញ​ផ្សាយ ១២ មករា ២០២១
281

ជំងឺផ្សិតដូនី មីដ្យូ ( Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួត លើដំណាំពោត អាចទប់ស្កាត់និងកម្ចាត់បាន កសិករ ត្រូវចុះមើលចម្ការជាប្រចាំ
ឆ្លើយតបនឹងការកើតមានជំងឺផ្សិតដូនី មីដ្យូ ( Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួត លើដំណាំពោត លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិភាពកសិកម្ម
សហការជាមួយលោក ផាន់ ផា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំជីរោទិ៍ទី១ បាន ចុះផ្សព្វផ្សាយ ណែនាំពីវិធានការគ្រប់គ្រង ទប់ស្កាត់ និងកម្ចាត់ជំងឺផ្សិតដូនី មីដ្យូ ( Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួត លើដំណាំពោត ដល់ប្រជាកសិករនៅភូមិកំពង់ឬស្សី ឃុំជីរោទ៍ទី១ ដែលមានកសិករចូលរួម ៣០នាក់ ក្នុងនោះស្រី ១៥នាក់ កាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។ 
លោក ដុក សាវឿន បានជម្រាបជូនបងប្អូនប្រជាកសិករថា របបទឹកទន្លេមេគង្គឆ្នាំ២០២០នេះ មិនបានពន្លិចដីចម្ការរបស់បងប្អូននោះទេ ធ្វើឲ្យស្ព័ររបស់ផ្សិត មិនត្រូវបានបំផ្លាញ ហើយស្ព័រនេះ បានបំបែកខ្លួន ពង្រីកខ្លួន មកបំផ្លាញដើមពោតរបស់យើង។ ផ្សិតនេះ បំផ្លាញពោត មិនគិតពីអាយុពោតនោះទេ បើវាមានកម្លាំងពេលណា វាចាប់ផ្តើមវាយប្រហារពេលនោះតែម្តង។ ហេតុនេះ សូមបងប្អូនប្រជាកសិករ ស្វែងយល់ពីរោគសញ្ញានិងអនុវត្តតាមការណែនាំមួយ ចំនួនដូចខាងក្រោម ៖
++++ រោគសញ្ញាដំណាំពោតដែលរងការបំផ្លាញពីផ្សិតដូន្នីមីលឌូ (Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួតពោត មានដូចជា ៖ 
  - ស្លឹកនិងស្រទបស្លឹក មានឆ្នូតសនិងពណ៌លឿង 
  - ស្លឹកមានលក្ខណះតូច ក្រាស់ និងរឹងខុសពីធម្មតា
  - ពោតរងជំងឺនេះ ដើមទាំងមូលរបស់វាក្រិន ដែលបណ្តាលឲ្យទិន្នផលធ្លាក់ចុះ។
++++ វិធានការការពារ ៖
  - ត្រូវជ្រើសរើសពូជពោត ដែលមានលក្ខណៈធន់និងជំងឺផ្សិតដូន្នីមីលឌូ (Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួតពោត
  - ដកដើមពោតដែលមានជំងឺយកទៅដុតចោល និងយកផេះ ឬកំបោរកសិកម្ម មកបាចលើរណ្តៅដីដែលបានដកដើមពោតចេញ ដើម្បីសម្លាប់ស្ព័ររបស់ផ្សិតដែលនៅជាប់ក្នុងដីនោះ
  - ប្រើពពួកមេផ្សិតជីវសាស្រ្ត ដែលអាចជួយបង្អាក់ការលូតលាស់ទៅលើផ្សិតប្រភេទនេះបាន ដូចជា ផ្សិតទ្រីកូឌែម៉ា ដោយត្រូវប្រឡាក់ជាមួយគ្រាប់ពូជពោត នៅមុនពេលដាំដុះ
  - ត្រូវដាំពោត ឲ្យបានព្រមពេលគ្នា
  - គួរជៀសវាងការដាំប្រភេទដំណាំដដែលៗ លើដីតែមួយ បានន័យថា ត្រូវប្តូរប្រភេទដំណាំ។
++++ វិធានកម្ចាត់ ៖ ជំងឺនេះ បើកើតមានហើយ មិនមានវិធានការណាផ្សេងក្រៅពីប្រើថ្នាំពុលកសិកម្មនោះទេ។
កសិករ ត្រូវប្រើថ្នាំកម្ចាត់ដែលមានធាតុសកម្មដូចជា មេតាឡាក់ស៊ីល (Metalaxy) ឬ ថ្នាំព្យាបាលជំងឺផ្សិតផ្សេងទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter