យុវជន ជាកម្លាំងជំរុញកំណើនផលិតកម្មកសិកម្ម ក្នុងបរិបទ យន្តូបនីយកម្មនិងពាណិជ្ជូបនីយកម្មកសិកម្ម
ព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងទី ១៨ ខែធ្នូ ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមបិទវគ្គបណ្ដុះបណ្ដាល ចិញ្ចឹមមាន់ស្រែយកសាច់និងមាន់ភ្ញាស់យកកូន ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គាំទ្រដោយគម្រោងសន្តិសុខស្បៀង សម្រាប់កសិករក្រីក្រ ពីមូលនិធិរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួមចំនួន ៥០ នាក់ ក្នុងនោះ ស្រី ១៣នាក់ ហើយ ៨០% ជាយុវជនវ័យក្មេង។
ជាកិច្ចចាប់ផ្តើមលោកប្រធានមន្ទីរ បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសនាមដែលបានប្រឹងប្រែងបង្ហាត់បង្ហាញដល់សិក្ខាកាម ចំៗនូវអ្វីដែលជាបញ្ហាដែលសិក្ខាកាមកំពុងជួបប្រទះ ព្រោះសិក្ខាកាម សុទ្ធតែជាអ្នកចិញ្ចឹមមាន់ស្រាប់ ប៉ុន្តែខ្វះខាតបទពិសោធន៍។ ទន្ទឹមនេះ ក៏សូមកោតសរសើរដល់ប្អូនៗជាយុវជន ដែលបានចាប់យកមុខរបរចិញ្ចឹមស្រែ ហើយបានចូលរួមរៀនសូត្រ ដោយការយកចិត្តទុកដាក់ និងសង្ឃឹមថា ទាំងអស់គ្នាបានទទួលការយល់ដឹងនិងជម្រះរាល់បញ្ហានានាដែលជួបប្រទះកន្លងមក។ វិញ្ញាបនបត្រដែលនឹងទទួលបាននាពេលបន្តិចទៀតនេះ គ្រាន់តែជាសញ្ញាណបញ្ជាក់ថាយើងបានចូលរួមទទួលការបណ្តុះបណ្តាល តែតម្លៃនៃវិញ្ញាបនបត្រនេះ ស្ថិតនៅលើភាពជោគជ័យដែលយើងបានអនុវត្តជាក់ស្តែង។ តាមរយៈការបណ្តុះបណ្តាលនេះ សង្ឃឹមថា ប្អូនៗ នឹងប្រឹងប្រែងបទដ្ឋានចិញ្ចឹមរបស់ខ្លួនឲ្យកាន់សមស្របតាមបច្ចេកទេស ជាពិសេសការធ្វើឲ្យកាន់តែទំនើប តាមបទដ្ឋាន យន្តូបនីយកម្មនិងពាណិជ្ជូបនីយកម្មកសិកម្ម តាមការវិវត្តនៃសង្គមនិងសេដ្ឋកិច្ច។ ជាពិសេសក្នុងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកំណត់យកវិស័យកសិកម្ម ជាវិស័យអាទិភាពដែលត្រូវតែជំរុញឲ្យកាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត ព្រមទាំងបានផ្តល់ជូនកញ្ចប់ថវិកាជាតិ ជាឥណទានដែលមានអត្រាការប្រាក់ទាបសម្រាប់បងប្អូនប្រជាកសិករពង្រីកផលិតកម្មកសិកម្មរបស់ខ្លួន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលមកដល់ពេលនេះ កសិករក្នុងខេត្តត្បូងឃ្មុំ មួយចំនួន បានទទួលឥណទាននេះរួចមកហើយ ហើយនឹងទទួលបានជាបណ្តើរៗទៀត។ ក្នុងនោះ ការពង្រីកអាជីវកម្មចិញ្ចឹមមាន់នេះ ក៏ស្ថិតក្នុងកញ្ចប់អាទិភាពឥណទានដែលមានការប្រាក់ទាបផងដែរ។ ទាំងរដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានប្រឹងប្រែងសម្របសម្រួលធ្វើយ៉ាងណាឲ្យកសិករយើង បានទទួលឥណទានពីរាជរដ្ឋាភិបាល ទៅពង្រីកអាជីវកម្មរបស់ខ្លួន។
ជាការផ្តាំផ្ញើបន្ថែមទៀត លោកប្រធានមន្ទីរ បានសំណូមពរដល់ប្អូនៗដែលចិញ្ចឹមមាន់ស្រែ ប្រកាន់ខ្ជាប់ពូជសុទ្ធមាន់ស្រែ ទើបយើងមានភាពប្រកួតប្រជែងលើទីផ្សារខ្ពស់ ហើយត្រូវធ្វើយ៉ាងណា ឲ្យមាន់ស្រែនោះ ជាមាន់ដែលមានគុណភាពនិងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
ទន្ទឹមនេះ ការចងក្រងជាក្រុម ឬ ជាបណ្តុំ ឬ ជាសហគមន៍អ្នកចិញ្ចឹមមាន់ស្រែ ពិតជាមិនអាចខ្វះបាននោះទេ ក្នុងសម័យសកលភាវូបនីយកម្ម ដែលយើងត្រូវកំណត់នូវគោលដៅរបស់យើង សម្រេចឲ្យបាននូវ កិច្ចសន្យាផលិតកម្មកសិកម្ម។