ការអនុវត្តបច្ចេកទេសដែលអាចកាត់បន្ថយថ្លៃដើមផលិត នឹងធ្វើឲ្យកសិផល មានភាពប្រកួតប្រជែងនៅលើទីផ្សារ
ព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យការប្រមូលផលដំណាំត្រសក់ចំណារ សណ្ដែកកួរ ននោងជ្រុង របស់កសិករស្ថិតភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
១-កសិករ កន អូន (ទូរស័ព្ទលេខ 071 39 93 375) ជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ ដែលកំពុងប្រមូលផលដំណាំត្រសក់ចំណារលើផ្ទៃដីសរុប ១ ០០០ម៉ែត្រការ៉េ ដែលអាចប្រមូលផលបានជារៀងរាល់ថ្ងៃចន្លោះពី ១៥០គីឡូក្រាម ទៅ ២០០គីឡូក្រាម លក់បានតម្លៃ ៥០០រៀល/គ.ក្រ និងបានកំពុងប្រមូលផលសណ្ដែកកួរបណ្ដើរៗ លើផ្ទៃដី ៧០០ម៉ែត្រការ៉េ ប្រមូលផលបានចន្លោះពី ២០គីឡូក្រាម ទៅ ៣០គីឡូក្រាម លក់បានតម្លៃ ២ ៥០០រៀល/គ.ក្រ។
ក្នុងការចុះពិនិត្យ បានឲ្យឃើញថា កសិករបានប្រើប្រាស់គម្របថង់ប្លាស្ទីច ទុយោដំណក់ ទុយោសាច ដែលចំណេញកម្លាំងពលកម្មច្រើន ចំណាយតិចលើការដកស្មៅ សន្សំសំចៃទឹក និងការប្រើប្រាស់ដំណាំពោតសម្រាប់ជារបាំងការពារសត្វល្អិតចូលបំផ្លាញដំណាំ ហើយក៏អាចផ្ដល់ទិន្នផលផងដែរ។
២-ជាបន្ត បានចុះពិនិត្យការប្រមូលផលរបស់កសិករ សុខ សាត (ទូរស័ព្ទលេខ 097 77 99 214) ជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ កំពុងប្រមូលផលត្រសក់ចំណារលើផ្ទៃដីសរុប ២ ៥០០ម៉ែត្រការ៉េ អាចប្រមូលផលបានជារៀងរាល់ថ្ងៃចន្លោះពី ៣៥០គ.ក្រ ទៅ ៤០០គ.ក្រ /ថ្ងៃលក់បានតម្លៃ ៥០០រៀល/គ.ក្រ និងបានដាំឃ្លូកនៅតាមចន្លោះរងត្រសក់ចំណារ ដែលនៅពេលត្រសក់ចំណារប្រមូលផលចប់ អាចធ្វើការប្រមូលផលឃ្លូកបានវិញម្ដង និងការប្រមូលផលសណ្ដែកកួរលើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ អាចប្រមូលផល ២ថ្ងៃម្ដង បេះបានចន្លោះពី ១៣០គ.ក្រ ទៅ ១៥០គ.ក្រ លក់បានតម្លៃ ២ ៥០០រៀល/គ.ក្រ និងកំពុងប្រមូលផលននោងជ្រុងបណ្ដើរៗ បន្ថែមទៀតលើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ ប្រមូលផល ២ថ្ងៃម្ដង បេះបានចន្លោះពី ៣០គ.ក្រ ទៅ ៥០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ១ ៥០០រៀល/គ.ក្រ។
ក្នុងការចុះពិនិត្យ បានឲ្យឃើញថា កសិករបានប្រើប្រាស់គម្របថង់ប្លាស្ទីច ទុយោសាច ដែលចំណេញកម្លាំងពលកម្មច្រើន ចំណាយតិចលើការជម្រះស្មៅ និងសន្សំសំចៃទឹកបានខ្លះ។
តាមការរៀបរបស់កសិករខាងលើ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅអំឡុងខែនេះ ដំណាំត្រសក់ចំណារ ប្រមូលផលបានច្រើន ដោយសារជាន់គ្នាជាមួយកសិករតាមដងទន្លេដែលបានដាំត្រសក់នៅពេលទឹកស្រកទៅវិញ ដែលធ្វើឲ្យតម្លៃត្រសក់មិនសូវបានខ្ពស់។ ដោយឡែក ពួកគាត់បានប្រើប្រាស់បច្ចេកទេសថ្មី ដែលងាយស្រួលក្នុងការដាំដុះ និងចំណេញកម្លាំងពលកម្មក្នុងការសម្អាតស្មៅ ការស្រោចស្រព ចំណេញពេលវេលាច្រើន នៅទទួលចំណេញបានតិចតួច ទោះបីតម្លៃទាបបន្តិចក្តី។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានលើកឡើងនូវគោលការណ៍តម្រង់ទិសមួយចំនួនដូចជា ៖
-សុំបន្តអនុវត្តការកាត់ខ្នែងខាងក្រោមចេញដែលមិនផ្ដល់ផល ព្រោះខ្នែងជាជម្រកសត្វល្អិត និងប្រជែងស្រូបយកសារធាតុចិញ្ចឹមពីក្នុងដី
-សុំបន្តអនុវត្តក្នុងការដាំដុះដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងគម្របថង់ប្លាស្ទីចដែលចំណេញបានច្រើន
-ត្រូវចាត់ថ្នាក់ទំហំផ្លែត្រសក់ ទៅតាមតម្រូវការរបស់ទីផ្សារ
-ត្រូវប្រុងប្រយ័ត្ននៅពេលមានទឹកដកនៅតាមរង ដែលអាចបង្កឲ្យមានផ្សិត
-ក្រោយពីប្រមូលផល ត្រូវភ្ជួរហាលដីឲ្យបាន ១៥ថ្ងៃមុនពេលដាំដុះបន្ទាប់ ហើយមិនត្រូវដំណាំប្រភេទវល្លិ៍ដូចគ្នានោះទេ។