ការប្រគល់កូនមាន់ស្រែនិងចំណី ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ឈូក ចំនួន ២៤គ្រួសារ ស្រុកមេមត់
ចេញ​ផ្សាយ ១២ មករា ២០២១
154

បណ្តុំអាជីវកម្ម នឹងរួមចំណែកកាត់បន្ថយថ្លៃដើមផលិតនិងទទួលបានចំណូលកាន់តែប្រសើរ
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីសំណេះសំណាលនិងប្រគល់កូនមាន់ស្រែនិងចំណី ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ឈូក ចំនួន ២៤គ្រួសារ នៅភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានមានរាយការណ័ជូនអង្គពិធីជ្រាបថា ការប្រគល់ជូនកូនមាន់និងចំណីមាន់នាឱកាសនេះ ជាការគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនៅមូលដ្ឋានដឹកនាំសម្របសម្រួលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ អនុវត្តនៅ ២៤ខេត្ត ក្នុងគោលបំណងបញ្ចូលបច្ចេទេសកសិកម្មថ្មី ធន់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងផលិតកម្មរបស់គ្រួសារកសិករខ្នាតតូច បង្កើនផលិតកម្ម ផ្សារភ្ជាប់ទៅកាន់ទីផ្សារ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម ដែលចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៥ ដោយឡែកខេត្តត្បូងឃ្មុំ ចាប់ផ្តើមអនុវត្តឆ្នាំ២០១៩។ ក្នុងគោលបំណងនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអង្គភាពអនុវត្តកម្មវិធីនៅថ្នាក់ខេត្ត បានសម្របសម្រួលរៀបចំបណ្តុំអាជីវកម្ម ៤៩បណ្តុំ មានសមាជិកចូលរួម ២០៨១គ្រួសារ នៅក្រុង ស្រុកទាំង៧ ក្នុងខេត្ត ដោយផ្តោតទៅការដាំបន្លែ ស្រូវពូជ ចិញ្ចឹមមាន់ស្រែ ចិញ្ចឹមត្រី/កង្កែប និងបណ្តុំអាជីវកម្មដំឡូងមី។ ដោយឡែកសម្រាប់បងប្អូនប្រជាកសិករនៅភូមិឈូក ឃុំត្រមូង ស្រុកមេមត់នេះ ត្រូវបានចងក្រងជាបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ដែលមានសមាជិកចូលរួមចំនួន ២៤គ្រួសារ ជាកសិករមានការចិញ្ចឹមមាន់ស្រាប់ ដែលនឹងត្រូវទទួលបានកូនមាន់ពូជចំនួនពី ២៣ក្បាលទៅ ៤០ក្បាល សរុបទាំងអស់ ១ ១៤៤ក្បាល អាស្រ័យទៅតាមទំហំទ្រុងរបស់គ្រួសារកសិករនីមួយៗនិងចំណីកូនមាន់ ១ការ៉ុង ក្នុងមួយគ្រួសារ ស្មើ ២៤ការ៉ុង។ សូមឲ្យទាំងកាយ ទាំងចិត្ត គឺចង់ចិញ្ចឹមមាន់ មិនមែនមកទទួលតែកូនមាន់នោះទេ។
ក្នុងឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលមានក្តីនឹករឭកដល់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែមិនទាន់អាចមកបានដោយសារជាប់កិច្ចបន្ទាន់ផ្សេង។ ចំពោះការទទួលបាននូវពូជកូនមាន់និង ជាផ្នែកមួយសម្រាប់ប្រាក់ចំណូលនៅក្នុងគ្រួសារ ពេលដែលទទួលបានកូនមាន់ហើយធ្វើយ៉ាងណាខិតខំប្រឹងប្រែង អនុវត្តតាមការណែនាំបច្ចេកទេសពីមន្រ្តីជំនាញ ធ្វើការចិញ្ចឹមដាក់ទ្រុងឲ្យបានត្រឹមត្រូវ ត្រូវយកចិត្តទុកដាក់ ថែរក្សា ដើម្បីក្លាយជាប្រភពចំណូលមួយនៅក្នុងគ្រួសារ។
ចំពោះការចងក្រងបណ្ដុំ គឺមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាកសិករក្នុងការប្រកបមុខរបរចិញ្ចឹមសត្វ ដាំដុះដំណាំបន្លែ ព្រោះបណ្ដុំជាការប្រមូលផ្ដុំទាំងការទទួលបានបច្ចេកទេស ទាំងការបញ្ជាទិញធាតុចូលដែលមានតម្លៃសមរម្យ និងងាយធ្វើកិច្ចសន្យាលក់ ទិញ រវាងអ្នកបញ្ជាទិញ និងសមាជិកបណ្ដុំ ដែលការទិញលក់តែរៀងៗខ្លួន តាមទម្លាប់ចាស់ពីមុនមក ងាយប្រឈមទៅនឹងការប្រែប្រួលទាំងតម្លៃនិងទាំងបរិមាណទិញលក់នោះ។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្ដម ក៏បានជូនពរបងប្អូន មាមីង ឲ្យមានសុខភាពល្អ ប្រកបរបរទទួលទានបានល្អប្រសើរ ជាពិសេសជៀសផុតពីជំងឺកូវីដ ១៩ ទាំងអស់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter