ចុះសួរសុខទុក្ខនិងពិនិត្យការដាំដុះ និងការប្រមូលផលបន្លែ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២០
437

សន្សំសំចៃទឹកសម្រាប់ស្រោចស្រព តាមបច្ចេកទេសកសិកម្មថ្មី ជាជម្រើសដំបូង ក្នុងការដាំដុះដំណាំរដូវប្រាំងនេះ
រសៀលថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះសួរសុខទុក្ខនិងពិនិត្យការដាំដុះ និងការប្រមូលផលបន្លែរបស់ប្រជាកសិករ ៖
១-កសិករ ភ័ណ្ឌ យាង (ទូរស័ព្ទលេខ ០៨៨ ៧៤ ៣០ ០៣៦) នៅភូមិចំការគរ ឃុំចក ស្រុកអូររាំងឪ ដែលបានដាំដុះបន្លែលើផ្ទៃដីទំហំ ២ ០០០ម៉ែត្រការ៉េ ក្នុងនោះមានស្ពៃក្រញាញ់ ៥០០ម៉ែត្រការ៉េ អាចចាប់ផ្ដើមប្រមូលផលបានបណ្ដើរៗ ដែលអាចប៉ាន់ស្មានទទួលបានផលជាមធ្យម ៣០០គ.ក្រ លក់តម្លៃរាយ ៤ ០០០រៀល/គ.ក្រ លក់ដុំបានតម្លៃរង្វង់ ១ ៥០០-២ ០០០រៀល/គ.ក្រ។ ដាំដុះស្ពៃគីមឆាយ លើផ្ទៃដីទំហំ ៥០០ម៉ែត្រការ៉េ ដែលអាចប្រមូលផលបាន ក្នុងបរិមាណផលជាធម្យម ៤០០គ.ក្រ និងបានដាំដុះស្ពៃក្តោបលើផ្ទៃដីទំហំ ១ ០០០ម៉ែត្រការ៉េ រយៈពេល ១ខែមកហើយ អាចប្រមូលផលបាននៅអំឡុងចុងខែមករា ឆ្នាំ២០២១។
២-កសិករ សឹប អាត (ទូរស័ព្ទលេខ ០៨៨ ៧២ ២៧ ៩៧៨) នៅភូមិដូនទេស ឃុំទួលសូភី ស្រុកអូររាំងឪ ដែលបានដាំឆៃថាវលើផ្ទៃដី ២ ០០០ម៉ែត្រការ៉េ រយៈពេល ២០ថ្ងៃមកហើយ ដែលគ្រោងប្រមូលផលបាននៅសប្តាះ៍ទី៣ ខែមករា ក្នុងបរិមាណផលប្រមាណ ២ ០០០គ.ក្រ ទៅ ២ ៥០០គ.ក្រ និងកំពុងប្រមូលផលត្រសក់ចំណារ ដែលបានដាំលើផ្ទៃដីទំហំ ២ ០០០ម៉ែត្រការ៉េ អាចទទួលផលចន្លោះពី ៣៥០គ.ក្រ ទៅ ៤០០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ៥០០រៀល/គ.ក្រ។ ទោះបីតម្លៃធ្លាក់ចុះបន្តិច តែបានលក់ចេញជាបន្តបន្ទាប់ ំិនមានកកស្ទះនោះទេ។ 
លោក សឹប អាត បានរៀបរាប់ថា ការដាំដុះដោយប្រើប្រាស់ទុយោសាច ងាយស្រួលក្នុងការ ស្រោចស្រព ចំណាយទឹកតិច ចំណេញកម្លាំងពលកម្ម ចំណេញថវិកា  ថែមទាំងចំណេញពេលវេលាសម្រាប់ធ្វើអ្វីផ្សេងទៀតបាន។ គាត់បានបន្តទៀតថា កន្លងមក គាត់បានទទួលការបណ្តុះបណ្តាលពីមន្ត្រីកសិកម្ម និងទទួលបានគ្រាប់ពូជបន្លែ  និងសម្ភារកសិកម្ម ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចអន្តរាគមន៍បន្ទាន់ ឆ្លើយតបនឹងវិបត្តិ កូវីដ ១៩ ដែលជាការគិតគូរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល តែងតែគិតគូរ ខ្វល់ខ្វាយ និងដោះស្រាយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ជាបន្តបន្ទាប់ ជាពិសេសក្នុងវិបត្តិកូវីដ១៩។ 
កសិករទាំង២រូប បានបង្ហាញពីក្តីកង្វល់ខ្វះទឹកសម្រាប់ស្រោចស្រព ដែលមិនអាចឲ្យគាត់បន្ត ដាំដុះទៀតបាន។
ក្នុងឱកាសនោះ ក្រុមការងារ បានណែនាំបន្ថែមឲ្យរៀបចំជួរដាំបន្លែបណ្តោយថ្ងៃ គឺ លិច កើត ដើម្បីឲ្យពន្លឺបានចូលទៅក្នុងរងបន្លែពេញមួយថ្ងៃតែម្តង ដែលជាវិធានការរួមចំណែកកាត់បន្ថយកត្តាចង្រៃជាសត្វល្អិតនិងជំងឺផ្សេងៗ ជាពិសេសជំងឺបង្កដោយពពួកផ្សិត។ ទន្ទឹមនោះ ត្រូវកាត់បន្ថយការប្រើថ្នាំពុលកសិកម្មឲ្យបានជាអតិបរមានិងស្របតាមបទដ្ឋានបច្ចេកទេសមន្ត្រីជំនាញបង្ហាញជូន ដើម្បីធានាសុខភាពនិងសុវត្ថិភាព សម្រាប់ទាំងអ្នកផលិតនិងអ្នកបរិភោគ។ 
ឆ្លើយតបបញ្ហាទឹកស្រោចស្រព ក្រុមការងារ បានណែនាំបន្ថែមឲ្យកសិករប្រើប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ជាពិសេសការប្រើប្រព័ន្ធតំណក់ទឹកនិងប្រើប្រាស់ឧបករណ៍គ្របរង កាត់បន្ថយការហួតទឹកខ្លាំង ដូចជាគ្របដោយកៅស៊ូ ឬ ដោយចំបើងដែលជាវត្ថុធាតុដើមមានក្នុងមូលដ្ឋានស្រាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter