ការដាំដុះ ត្រូវគិតពី "គុណភាពនិងសុវត្ថិភាព ជាចម្បង " ដើម្បីចំណូលនិងចំណេញ
ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដដែល
លោកប្រធានមន្ទីរ និងសហការី បានបន្តចុះសួរសុខទុក្ខនិងពិនិត្យការដាំដុះជីគ្រប់មុខរបស់កសិករ ខៀវ សុខឃឿន (ទូរស័ព្ទលេខ ០៨៨ ២៧ ៥៨ ៣៥៨) ដែលបានប្រកបមុខរបរដាំដុះ ខ្ទឹមស្លឹក ជីរណា ជីអង្កាម ជីនាងវង និងជីស្លឹកម្លូ ស្ថិតនៅភូមិដូនទេស ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
កសិករ ខៀវ សុខឃឿន បានរៀបរាប់ថា គាត់បានដាំដុះជីនេះ អស់រយៈពេល ២ឆ្នាំកន្លងមកហើយ ហើយប្រមូលផលលក់ទៅផ្សារក្នុងស្រុកនិងក្រៅស្រុក តាមការបញ្ជាទិញ ដូចជាខេត្តព្រៃវែងនិងខេត្តកំពង់ចាម ទទួលបានប្រាក់ចំណូលជាប្រចាំថ្ងៃ។ ទន្ទឹមនឹងដាំ លក់ខ្លួនឯង លោកប្រធានមន្ទីរ ក៏ប្រមូលទិញពីកសិករ ឯទៀតយកទៅលក់ផងដែរ។ ជីដែលបានដាំដុះនិងកំពុងប្រមូលផលមាន ដូចជា ៖
-ខ្ទឹមស្លឹក ដាំដុះលើផ្ទៃដី ១ ០០០ម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដី ៤០០ម៉្រែតការ៉េ អាចប្រមូលផលបាននៅមួួយអាទិត្យទៀត ដែលអាចទទួលបានទិន្នផល ៧០០គីឡូក្រាម លក់តម្លៃក្នុងរង្វង់ ៣ ០០០រៀល/គីឡូក្រាម និងកំពុងរៀបចំដីទំហំ ៦០០ម៉្រែតការ៉េសម្រាប់ដាំដុះបន្ថែម
-ជីអង្កាម ដាំដុះលើផ្ទៃដី ១៥០ម៉ែត្រការ៉េ កំពុងប្រមូលផលរាល់ថ្ងៃ អាចប្រមូលបាន ១០គីឡូក្រាម/ថ្ងៃ លក់តម្លៃ ៣ ០០០រៀល/គីឡូក្រាម
-ជីនាងវង ដាំដុះលើផ្ទៃដី ៣ ០០០ម៉ែត្រការ៉េ អាចប្រមូលបានប្រមាណ ៣០គីឡូក្រាម/ថ្ងៃ លក់បានតម្លៃ ៣ ០០០រៀល/គីឡូក្រាម
-ជីស្លឹកម្លូ ដាំដុះលើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ អាចប្រមូលផលបានរាល់ថ្ងៃ អាចប្រមូលផលបានជាមធ្យម ២០គីឡូក្រាម/ថ្ងៃ លក់បានតម្លៃ ៣ ០០០រៀល/គីឡូក្រាម
-ជីរណា បានដាំដុះលើផ្ទៃដី ៣ ៥០០ម៉ែត្រការ៉េ អាចប្រមូលផលបាននៅមួយអាទិត្យទៀត អាចប្រមូលផលបានជាមធ្យម ៤០គីឡូក្រាម/ថ្ងៃ លក់បានតម្លៃជាមធ្យម ៣ ០០០រៀល/គីឡូក្រាម។
អ្វីដែលធ្វើឲ្យគាត់អាចគ្រប់គ្រងបាន ជាពិសេសការប្រើប្រាស់ទឹក គឺគាត់ប្រើទុយោសាចខាងលើ(Springler) ដែលកាត់បន្ថយកម្លាំងពលកម្ម ដោយប្រើកម្លាំងតែ ២នាក់យាយតាប៉ុណ្ណោះ។
អ្វីដែលក្រុមការងារ ចាប់អារម្មណ៍និងពិនិត្យឃើញពីជោគជ័យរបស់គាត់ទាំងពីរនាក់ គឺភាពជឿជាក់(ទីផ្សារ) តស៊ូ ការប្តេជ្ញាចិត្ត ហ៊ានលះបង់(ប្តូរទម្លាប់មកប្រើទុយោសាច) និងការផ្តល់ទំនុកចិត្តពីអតិថិជន។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បានណែនាំឲ្យកសិករ សុំឥណទានពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលជាកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កសិករក្នុងការពង្រីកទំហំផលិតកម្មកសិកម្ម ក្នុងវិបត្តិកូវីដ ១៩ ដែលមានអត្រាការប្រាក់ទាប។ ទន្ទឹមនេះ សំណូមពរដល់កសិករ ផលិតដោយរក្សានូវ គុណភាពនិងសុវត្ថិភាពកសិផល ដើម្បីសុខភាពទាំងអស់គ្នា ទាំងអ្នកដាំនិងអ្នកបរិភោគ។