ព្រឹកថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក សេង ផូ លោក ឡាយ រ៉េត ទីប្រឹក្សាប្រចាំខេត្តត្បូងឃ្មុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក សន មិនា ប្រធានការិយាល័យគញរឿងយន្តកសិកម្ម លោក ចាន់ រដ្ឋា មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូររាំងឪ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគងជ័យ បានចុះសួរសុខទុក្ខនិងពិនិត្យមើលការដាំដុះ ការប្រមូលផល និងសិក្សាពីការភ្ជាប់ទីផ្សារកសិផលបន្លែ របស់កសិករ ស៊ន វណ្ណី ទូរស័ព្ទលេខ ០៩៧ ៦០០ ៦៤ ៩៤ និងលេខ ០៩៧ ៤៣ ៤៣ ៤៧៣ សមាជិកបណ្តុំអាជីវកម្មបន្លែគងជ័យ ស្ថិតនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ។ លោក ស៊ន វណ្ណី បានរៀបរាប់ប្រាប់ក្រុមការងារថា គាត់បានចូលរួមជាសមាជិក បណ្តុំអាជីវកម្មបន្លែគងជ័យ ហើយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី ពីមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដូចជាបច្ចេកទេសការរៀបចំដី ការដាំដុះ ការប្រើជី ថ្នាំកសិកម្ម និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ។ បច្ចុប្បន្ន លោក ស៊ន វណ្ណី បានដាំឆៃថាវ លើផ្ទៃដីទំហំ ៧០អារ សាលាដ ដាំលើផ្ទៃដីទំហំ ២៥អារ និងផ្ទី លើផ្ទៃដីទំហំ ១៥អារ ដែលតាមការប៉ាន់ប្រមាណ ឆៃថាវ អាចប្រមូលផលបាន ៨តោន សាឡាដ អាចបាន ១តោន និងផ្ទី អាចបាន ១,៥តោន។ មកត្រឹមថ្ងៃនេះនៅតាមចម្ការ ឆៃថាវ ១គីឡូក្រាម តម្លៃ ១ ៣០០រៀល សាលាដ ១គីឡូក្រាម តម្លៃ ២ ០០០រៀល និងផ្ទី ១គីឡូក្រាម តម្លៃ ១ ០០០រៀល។
លោក ស៊ន វណ្ណី បានជម្រាបដល់ក្រុមការងារបន្ថែមទៀតថា សម្រាប់រូបគាត់ ក៏ដូចជាកសិករដាំបន្លែក្នុងឃុំគងជ័យ មិនសូវជួបបញ្ហាប្រឈមនឹងទីផ្សារនោះទេ ដោយគ្រប់គ្នា បានដាំ ហើយយកទៅលក់ដោយខ្លួនឯងនៅផ្សារអូររាំងឪ ហើយមួយចំណែកទៀត លក់ឲ្យឈ្មួញកណ្តាលដែលមកប្រមូលទិញដល់ចម្ការតែម្តង។ សម្រាប់ គាត់ ដាំផង លក់ខ្លួនឯងផង និងប្រមូលទិញពីកសិករដទៃនាំយកទៅលក់ផងដែរ។ ដូច្នេះ មិនមានការបារម្មណ៍ទីផ្សារ ឬ តម្លៃធ្លាក់ចុះនោះទេ។ អ្វីដែលបារម្មណ៍ជាងគេ គឺទឹកសម្រាប់ស្រោចស្រព។
លោក ហាន សុខមឿន ទូរស័ព្ទលេខ ០៨៨ ៦៦ ៤៧ ៣៨៥ អនុប្រធានបណ្តុំអាជិវកម្មបន្លែគងជ័យ បានរៀបរាប់ថា បណ្តុំអាជីវកម្មបន្លែនេះ មានសមាជិក ៥៧គ្រួសារ មកពី ៧ភូមិ ក្នុងឃុំ។ កន្លងមកមន្ត្រីជំនាញមន្ទីរកសិកម្ម គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បានបណ្តុះបណ្តាលបច្ចេកទេសនិងតែងចុះសួរសុខទុក្ខនិងណែនាំតម្រង់ទិសជាប្រចាំឲ្យបណ្តុំចេះជួបប្រជុំគ្នាពិភាក្សាអំពីបទពិសោធន៍ បញ្ហាប្រឈម រកដំណោះស្រាយនិងរៀបចំផែនការដាំដុះឲ្យបានត្រឹមត្រូវ តាមការចង់បានរបស់ទីផ្សារ។ ជារៀងរាល់ខែ សមាជិកបណ្តុំតែងជួបគ្នាម្តង ហើយជជែកគ្នាចង់បានការដាំដុះមួយដែលមានកិច្ចសន្យាទិញលក់ច្បាស់លាស់។ ដោយសមាជិកបណ្តុំទាំងអស់ ជាធអ្នកដាំផង លក់ខ្លួនឯងផង និងមានឈ្មួញកណ្តាលផង ដំណាំបន្លែរបស់គាត់ មិនជួបបញ្ហាជុញ ឬ ធ្លាក់ថ្លៃខ្លាំងនោះទេ។ បច្ចុប្បន្ន សមាជិកបណ្តុំ កំពុងដាំ ឆៃថាវ សណ្តែកកួរ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ត្រកួន ត្រសក់ ននោង ត្រប់ ម្ទេសប្លោក ម្រះ ដែលខ្លះប្រមូលផលបណ្តើរៗ។
ជាការចូលរួមលើកទឹកចិត្តកសិករនិងជាឆន្ទៈ ចង់ឃើញបណ្តុំអាជីវកម្មមានដំណើរការល្អ ជាពិសេសចង់ឃើញ មានកិច្ចសន្យាផលិតកម្មកសិកម្មជាមួយអ្នកបញ្ជាទិញជាក់លាក់ ក្រុមការងារ បាន ៖
-ក្រើនរំឭកឲ្យបណ្តុំអាជីវកម្ម ត្រូវជួបប្រជុំគ្នាឲ្យបានទៀងទាត់និងរៀបចំផែនការផលិតឲ្យបានច្បាស់លាស់។
-ត្រូវអនុវត្តឲ្យបានត្រឹមត្រូវការដាំដុះតាមបច្ចេកទេសកសិកម្មនិងឈរលើគោលការណ៍ អនុវត្តកសិកម្មល្អ "គុណភាពនិងសុវត្ថិភាព ជាចម្បង" ដើម្បីចំណូលនិងចំណេញ ដែលធានាបានសុខភាពទាំងអ្នកដាំនិងអ្នកបរិភោគ ព្រមទាំងកាត់បន្ថយថ្លៃដើមផលិតនិងទទួលបានចំណេញកាន់តែច្រើន។
-ត្រូវផ្លាស់ប្តូរបន្តិចម្តងៗ ពីការប្រើប្រាស់ទឹកច្រើនមកទឹកតិច តាមរយៈប្រើប្រព័ន្ធស្រោចស្រពតំណក់ទឹក បញ្ជូលជីតាមបំពង់ទុយោ។
-បណ្តុំ ត្រូវគិតគូរពីការលក់ឲ្យឈ្មួញកណ្តាល ឬ អ្នកបញ្ជាទិញចុងក្រោយ ជាលក្ខណៈប្រមូលផ្តុំ ដើម្បីទទួលបានតម្លៃល្អប្រសើរ និងបង្កើនទំនុកចិត្តអ្នកបញ្ជាទិញ។