ចុះសួរសុខទុក្ខសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ដែលបានប្រកបមុខរបរដាំខ្ទឹមស្លឹក
ចេញ​ផ្សាយ ២៩ ធ្នូ ២០២០
327

ព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ដដែលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ដែលបានប្រកបមុខរបរដាំបន្លែ ដូចជាខ្ទឹមស្លឹក ត្រសក់ចំណារ និងត្រប់ស្រួយ នៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
១-កសិករ ច្រាយ រដ្ឋា រស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ បានដាំខ្ទឹមស្លឹកលើផ្ទៃដី ២៣អារ បានដាំខ្ទឹមនេះរយៈពេល ៤០ថ្ងៃហើយ ហើយចាប់ផ្តើមប្រមូលផលនៅថ្ងៃទីមួយនេះ លើផ្ទៃដី ៦រង (១រង ៥០ម) ទទួលផលបាន ជាង ៨០០គគ្រ លក់បានតម្លៃ ១ ៧០០រៀល/គក្រ។ តាមការរំពឹងទុក គាត់អាចប្រមូលផលបានប្រមាណ ៣តោន លើផ្ទៃដីទាំង ២៣រងដែលគាត់បានដាំនេះ។ លោក រដ្ឋា បានរៀបរាប់ថា ត្រឹមថ្ងៃនេះតម្លៃខ្ទឹមធ្លាក់ចុះបន្តិច តែយ៉ាងណា ក៏គាត់អាចទទួលបានប្រាក់ចំណេញពីការដាំនេះផងដែរ ព្រោះការចំណាយលើការដាំទាំង ២៣រងនេះ ក្នុងរង្វង់ ២ ៥០០ ០០០រៀល។ បន្តពីការប្រមូលផលនេះ គាត់នឹងដាំលើផ្ទៃដីទំហំដូចគ្នា ក្បែរនោះ។ អ្វីដែល គាត់បារម្មណ៍នោះ គឺទឹកសម្រាប់ស្រោចស្រព កាន់តែតិចទៅៗ។
២-កសិករ តេន ទុំ 0974447314)រស់នៅភូមិគោកស្រុកដែរ និងជាប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក បានដាំខ្ទឹមស្លឹកលើផ្ទៃដី ៣០អារ ត្រសក់ ៣០អារ(ចាប់ផ្តើមដាំ) និងត្រប់ស្រួយ ៣០អារ ដែលកំពុងប្រមូលផល រយៈពេល ១ឆ្នាំមកហើយ បានបរិមាណផលប្រមាណ ៨តោន លក់បានតម្លៃរង្វង់ ៨០០រៀល/គក្រ។ 
លោក តេន ទុំ បានរៀបរាប់ថា បន្លែឆ្នាំនេះ កសិករលក់បានតម្លៃល្អប្រសើរ ហើយមិនមានជុញនោះទេ។ ពីរបីឆ្នាំចុងក្រោយនេះ ប្រជាកសិករ ក្នុងឃុំគោកស្រុក បានចាប់ អារម្មណ៍ក្នុងការដាំបន្លែដោយបានបង្វែរពីដីដាំដំឡូងមី។សហគមន៍កសិកម្មបៃតងគោកស្រុក មានសមាជិក ៧០គ្រួសារ មានដាំបន្លែប្រមាណ ៤៥ហិកតា ក្នុងនោះដាំខ្ទឹមស្លឹក ប្រមាណ ៤០ហិកតាទៅហើយ។ ដើម្បីធានានិរន្តរភាពទីផ្សារនិងតម្លៃ សហគមន៍កសិកម្ម ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានទាក់ទងទីផ្សារធំៗ ជាពិសេសផ្សារនៅភ្នំពេញ ដើម្បីធ្វើកិច្ចសន្យាទិញ លក់ឲ្យបានជាក់លាក់ ដែលការងារនេះ កំពុងដំណើរការចចារ។ លោក តេន ទុំ ក៏បានថ្លែងអំណរគុណចំពោះមន្ទីរកសិកម្ម ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលតែងយកចិត្តទុកដាក់ គិតគូរ តម្រង់ទិសឲ្យកសិករអនុវត្តតាមបច្ចេកទេស គាំទ្រស្មារតី ផ្តល់ជាសម្ភារៈ គ្រាប់ពូជ ដោះស្រាយការលំបាករបស់ប្រជាកសិករមួយចំណែក។ ជាពិសេសសូមថ្លែងអំណរគុណឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ម៉ាសុីនវៃដីចំនួន ២គ្រឿងដល់សហគមន៍ប្រើប្រាស់នាពេលកន្លងមក។ 
ក្នុងឱកាសនោះដែរ លោក តេន ទុំ ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ គឺប្រភពទឹកសម្រាប់ស្រោចស្រពនាពេលខាងមុខ ដែលពេលនេះ បរិមាណទឹកមានការថយចុះគួរឲ្យបារម្មណ៍។
ជាការឆ្លើយតប លោកប្រធានមន្ទីរ បានសំដែងនូវការកោតសរសើរនូវការប្រឹងប្រែងរបស់ប្រជាកសិករក្នុងការផលិត បង្កើតបានជាស្បៀងសម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់។ ទោះបីស្ថិតក្នុងវិបត្តិកូវីដ ១៩ ការដាំដុះ កាន់តែត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល ព្រមទាំងបានគាំទ្រទាំងស្មារតីនិងសម្ភារៈ ព្រោះវិស័យកសិកម្មក្នុងកាលៈទេសៈ កាន់តែដើរតួនាទីសំខាន់ក្នុងរក្សាសន្តិសុខស្បៀង បង្កើតចំណូលសម្រាប់គ្រួសារកសិករនិងរក្សាលំនឹងសេដ្ឋកិច្ចជាតិ។ សហគមន៍ ត្រូវតែដើរតួជាតំណាងពិតប្រាកដរបស់សមាជិកក្នុងផលិតផ្សារភ្ជាប់ទៅកាន់ទីផ្សារ តាមកិច្ចសន្យាផលិតកម្មកសិកម្ម។ ចំពោះបញ្ហាទឹក សំណូមពរដល់ប្រជាកសិករ ប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹកនិងកៅស៊ូគ្របរង ជាពិសេសប្រព័ន្ធតំណក់ទឹក ដែលមិនត្រឹមចំណេញទឹកនោះទេ វាងាយក្នុងការដាក់ជីបំប៉ននិងទប់ស្កាត់ការដុះលូតលាស់ស្មៅចង្រៃផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter