បច្ចេកទេសនិងបទពិសោធន៍ ដែលកសិករ ត្រូវយល់ដឹងនិងអនុវត្ត ដើម្បីជោគជ័យក្នុងការដាំដុះដំណាំស្រូវរដូវប្រាំង
គិតមកដល់ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ខេត្តត្បូងឃ្មុំ បានសម្រេចការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើផ្ទៃដី ១០ ៤៧០ហិកតា ស្នើនឹង ៨៥,៥៤% នៃផែនការផ្ទៃដីដាំដុះ ១២ ២៤០ហិកតា ហើយកំពុងមានការលូតលាស់ល្អ។ ទន្ទឹមនោះ ស្រូវរដូវប្រាំងមួយចំនួន ក៏បានដាក់គ្រាប់ ទុំ សមល្មមច្រូតកាត់ផងដែរ។
ក្នុងគោលបំណងផ្តល់នូវបច្ចេកទេសនិងបទពិសោធន៍ដល់កសិករតាមរយៈហ្វេសប៊ុក ដើម្បីទទួលបានទិន្នផលស្រូវរដូវប្រាំងល្អប្រសើរ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្តត្បូងឃ្មុំ សូមបង្ហាញជូននូវជំហានត្រូវអនុវត្តមួយចំនួនដូចតទៅ ៖
ទឹក សារធាតុចិញ្ចឹម និងការគ្រប់គ្រងកត្តាចង្រៃ(ស្មៅ សត្វចង្រៃ ជំងឺ) ជាកត្តាកំណត់ទិន្នផលស្រូវ។
១-ទឹក ៖
ដំណាំស្រូវ មិនមែនជារុក្ខជាតិទឹកទេ តែត្រូវការទឹកជាចាំបាច់សម្រាប់ការលូតសាល់និង បង្កើនផល។ ដើម្បីផលិតស្រូវ បាន ១គីឡូក្រាម ត្រូវការទឹកយ៉ាងតិច ២ ០០០លីត្រ ឬ ២ម៉ែត្រគូប។ ទឹក ជាអ្នកបញ្ជូនសារធាតុចិញ្ចឹមពីក្នុងដី ក្នុងទឹក ទៅដល់ស្លឹក។ ជម្រៅទឹកក្នុងស្រែដែលសមស្រប គឺចន្លោះ ០,៥តឹក ទៅ ៣តឹក។ ការគ្រប់គ្រងទឹកបានល្អ ស្មៅចង្រៃតិច ចំណែកទិន្នផលខ្ពស់ ថែមទាំងធ្វើឱ្យគ្រាប់ស្រូវស្អាត មិនសូវមានសំរាម ផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើបរិមាណទឹកក្នុងស្រែច្រើនពេក(ទឹកជ្រៅ) បណ្តាលឲ្យដើមស្រូវទន់ ងាយដួល បន្ថយការបែកគុម្ព និងធ្វើឲ្យទិន្នផលថយចុះ។ ដើម្បីគ្រប់គ្រងទឹកបានត្រឹមត្រូវ ដីស្រែត្រូវតែរាបស្មើនិងមានភ្លឺមាំទាំ ព្រមទាំងមានប្រព័ន្ធបង្ហូរទឹកចូលនិងចេញត្រឹមត្រូវ។
២-ខេត្តត្បូងឃ្មុំ មានក្រុមដីសំខាន់ៗដូចជា ក្រុមដីកំពង់សៀម ក្រុមដីប្រទះឡាង ក្រុមដីទួលសំរោង និងក្រុមដីកៀនស្វាយ។ ហេតុនេះ ការប្រើប្រាស់ជី ក៏អាស្រ័យលើប្រភេទក្រុមដីនេះដែរ។ ជាទូទៅ ក្នុងមួយវដ្តផលិតកម្មដំណាំស្រូវ ត្រូវប្រើសារធាតុចិញ្ចឹម(ជី) ២-៣លើក ទោះជាស្រូវស្រាល ឬ ស្រូវកណ្តាល ឬ ស្រូវធ្ងន់។ប្រភេទជីដែលកសិករនិយមប្រើប្រាស់នាពេលបច្ចុប្បន្ន មាន ជីអ៊ុយរ៉េ (46-00-00) ដេ អា ប៉េ (D.A.P-18-46-00) ជីហ្វីលីពីន (16-16-8-13S) ជីប៉ូតាស្យូមក្លរ (KCL 00-០០-៦០)និងជី 20-20-15-TE។
សម្រាប់ស្រូវរដូវប្រាំង(ពូជសែនពិដោរ សែនក្រអូប OM49 OM5451...) ត្រូវប្រើជីបំប៉ន ៖
-បាចលើកទី១ (១០-១៥ថ្ងៃ ក្រោយដុះពន្លក) រួមមាន ជីអ៊ុយរ៉េ (46-00-00) ដេ អា ប៉េ (D.A.P-18-46-00) ជីប៉ូតាស្យូមក្លរ (KCL 00-០០-៦០)
-បាចលើកទី២ ពេលស្រូវបែកគុម្ព (២៥ថ្ងៃ ក្រោយដុះពន្លក) រួមមាន ជីអ៊ុយរ៉េ (46-00-00)
-បាចលើកទី៣ ពេលស្រូវកំណកំណើតកួរ (៣៥-៤៥ថ្ងៃ ក្រោយដុះពន្លក)រួមមានជីអ៊ុយរ៉េ (46-00-00)។
៣-ការគ្រប់គ្រងនិងកម្ចាត់កត្តាចង្រៃ
កត្តាចង្រៃរួមមាន ស្មៅ ជំងឺ និងសត្វល្អិត ដែលមានចរិតបំផ្លាញដំណាំស្រូវផ្សេងគ្នា។
៣-១-ស្មៅចង្រៃ ៖ គឺជាប្រភេទរុក្ខជាតិទាំងឡាយណាដែលដុះក្នុងស្រែ ដែយយើងមិនត្រូវការ។ ស្មៅចង្រៃចែកចេញជា ៣ប្រភេទ ៖ ស្មៅស្លឹកតូច ស្មៅស្លឹកធំ និងពពួកកក់។ ស្មៅស្រូបយកសារធាតុចិញ្ចឹម(ជី) លឿនជាងនិងច្រើនជាងដំណាំស្រូវ និងពិបាកក្នុងការកម្ចាត់ទៀតផង។ ស្មៅ ស្រូបយកជីអាសូត