កសិករចិញ្ចឹមមាន់ស្រែខ្នាតតូច ត្រូវប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ
ចេញ​ផ្សាយ ២៥ ធ្នូ ២០២០
281

កសិករចិញ្ចឹមមាន់ស្រែខ្នាតតូច ត្រូវប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ
នាព្រឹកថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដដែល លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក ជឺន ជិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះសួរសុខទុក និងពិនិត្យស្ថានភាពរោងចិញ្ចឹមមាន់ស្រែ ដែលគាំទ្រដោយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ របស់រាជរដ្ឋាភិបាលជប៉ុន អនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន ៖
១-កសិករ សុង ហុង (ទូរស័ព្ទលេខ 085 41 04 35) នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ មានរោងចិញ្ចឹមមាន់ទំហំ ៤ម៉ែត្រx១២ម៉ែត្រ បានដាក់ចូលមាន់មេបាចិញ្ចឹមបណ្ដើរៗ ចំនួន ៣០ក្បាល។
២-កសិករ ប៉ូវ បូរ៉ា (ទូរស័ព្ទលេខ 088 32 49 864 ) នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ មានរោងចិញ្ចឹមមាន់ទំហំ ៤ម៉ែត្រx១២ម៉ែត្រ បានដាក់ចូលមាន់មេបាបានសរុប ៨៤ក្បាល និងមានមាន់សាច់ចំនួន ៥០ក្បាលផងដែរ។
ដោយឡែកកសិករ ដែលគាំទ្រដោយកម្វិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ៖
១-កសិករ អ៊ិន ណារី (ទូរស័ព្ទលេខ 087 43 81 61) នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ បានចិញ្ចឹមមាន់មេបាចំនួន ៥៦ក្បាល និងមានមាន់សាច់សរុបចំនួន ២៣០ក្បាល ក្នុងនោះមានមាន់ ១៥០ក្បាល មានទម្ងន់គិតជាមធ្យម ០.៣គ.ក្រទៅ  ០.៥គ.ក្រ/ក្បាល និងមាន់ចំនួន ៨០ក្បាល មានទម្ងន់គិតជាមធ្យម ០,៨គ.ក្រ ទៅ ១គ.ក្រ/ក្បាល ។ 
២-កសិករ គីន វុឌ្ឍី (ទូរស័ព្ទលេខ 097 27 94 607) នៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ បានចិញ្ចឹមមាន់សាច់ចំនួន ១៥០ក្បាល មានទម្ងន់គិតជាមធ្យម ១,៣គ.ក្រ ទៅ ១,៥គ.ក្រ/ក្បាល អាចលក់បានតម្លៃ ១៨ ០០០រៀល/គ.ក្រ និងមានមាន់មេបាចំនួន ៤៧ក្បាល។
តាមការចុះពិនិត្យក្នុងការចិញ្ចឹមមាន់របស់កសិករខាងលើ បានបង្ហាញឲ្យឃើញថា កសិករមានការចាប់អារម្មណ៍ច្រើនលើការចិញ្ចឹមមាន់ស្រែ ព្រោះបានជាប្រភពចំណូលដោះស្រាយជីវភាពបានមួយចំណែក ជាពិសេសក្នុងវិបត្តិនៃជំងឺកូវីដ ១៩នេះ។ កសិករ បានយល់ដឹងពីការសំរាំងមាន់មេបាពូជ ការរៀបចំទ្រុង ការផ្សំចំណី និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកសម្រាប់មាន់ផឹក។
ក្នុងពេលនោះផងដែរ មន្រ្តីជំនាញបានពិនិត្យឃើញចំណុចខ្វះខាតនិងបានណែនាំបន្ថែមពីបច្ចេកទេសមួយចំនួនដល់ប្រជាកសិករដូចជា ៖
-ត្រូវសម្រាំងមាន់មេបាពូជ ដែលមានរាងហាប់ មាឌធំ រោមជិតល្អ មានប្រវត្តិការលូតលាស់រហ័ស និងមានជើងពណ៌លឿងឬខ្មៅ ដែលមានតម្រូវការទីផ្សារល្អ។ ត្រូវប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ
-ត្រូវដាំដើមឈើនៅជុំវិញរោង ដើម្បីជាម្លប់សម្រាប់មាន់
-ត្រូវដាំដុះប្រភេទបន្លែបន្ថែម សម្រាប់ជាធាតុផ្សំចំណីសម្រាប់មាន់ សម្រាប់ខ្លួនឯងបរិភោគ ឬអាចលក់ ដើម្បីជាប្រាក់ចំណូលនៅក្នុងគ្រួសារបន្ថែមទៀត
-ពេលផ្ដល់ចំណីកសិករត្រូវតែចេះសង្កេតបរិមាណចំណីដែលមាន់ស៊ី ដើម្បីប៉ាន់ស្មានចំណីសមល្មម កុំឲ្យខ្ជះខ្ជាយចំណី ដែលអាចជួយកាត់បន្ថយចំណាយថវិកាបានមួយចំនួនផងដែរ 
-ពេលដែលមាន់ស៊ីចំណីហើយ ត្រូវប្រមូលស្នូកចំណីយកទៅលាងសម្អាតទុកដាក់ឲ្យត្រឹមត្រូវ មិនដូច្នេះទេ វាអាចបង្កឲ្យមានពពួកផ្សិត ធ្វើឲ្យមាន់ឈឺ និងឈានទៅដល់ស្លាប់បាន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter