ផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ចំនួន ៤៦គ្រួសារ
ចេញ​ផ្សាយ ២៥ ធ្នូ ២០២០
170

ព្រឹកថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី សហការជាមួយ លោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកតំបែរ លោក តាត សាវុន មេ បញ្ជាការវរសេនាតូចថ្នើរជើង ២១៣ ក្រុមប្រឹក្សាឃុំតំបែរ ចុះជួបសំណេះសំណាល និងប្រគល់ធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែបៃតងសុវត្ថិភាពតំបែររុងរឿង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ចំនួន ៤៦គ្រួសារ នៅភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ។ ធាតុចូលកសិកម្ម រួមមាន ជីគីមី ទុយោសាច សំណាញ់ទ្រើង គ្រាប់ពូជបន្លែ នេះ ជាការរួមចំណែកដោះស្រាយការលំបាកក្នុងការទិញធាតុចូលកសិកម្មសម្រាប់ផលិតកម្មដំណាំបន្លែ និងបង្កើន ប្រាក់ចំណូលគ្រួសារ ជាពិសេសក្នុងសភាពការណ៍វិបត្តិនៃជំងឺឆ្លងរាលដាលកូវីដ-១៩នេះ ដែលជាការយកចិត្តទុកដាក់ គិតគូរពីប្រមុខរាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ថវិកាជាតិមួយចំណែក និងឥណទាន ពីមូលនិធិ អន្តរជាតិ ដើម្បីអភិវឌ្ឍន៍កសិកម្ម(IFAD)  ហើយសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីសំណេះសំណាលនេះ លោកប្រធានមន្ទីរ បានធ្វើការផ្តាំផ្ញើដល់សមាជិកបណ្តុំ អាជីវកម្មទាំងអស់ឲ្យយកធាតុ ចូលនេះទៅដាំដុះបច្ចេកទេសថ្មីៗ ពីការណែនាំរបស់មន្ត្រីជំនាញ ព្រោះថាការដាំដុះត្រឹមត្រូវនឹងទទួលបានទិន្នផលខ្ពស់ ក្លាយជាប្រភពចំណូល ហើយក្លាយជាដើមទុន ក្នុងការពង្រីកការដាំដុះឲ្យកាន់តែធំឡើងៗ ជាបន្តបន្ទាប់និងបានសំណូមពរឲ្យកសិករទាំងអស់ ត្រូវយកចិត្តទុកដាក់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter