កម្ចាត់សត្វចង្រៃ ដង្កូវហ្វូង ប្រកបដោយប្រសិទ្ធភាព ត្រូវបាញ់ថ្នាំពេលរសៀល
ចេញ​ផ្សាយ ២៥ ធ្នូ ២០២០
184

កម្ចាត់សត្វចង្រៃ ដង្កូវហ្វូង ប្រកបដោយប្រសិទ្ធភាព ត្រូវបាញ់ថ្នាំពេលរសៀល
នាព្រឹកថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក ផាន់ ផា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្បូងឃ្មុំ បានចុះពិនិត្យការដាំពោតក្រហមរបស់កសិករ គង់ ហ៊ាន នៅភូមិកំពង់ឬស្សី ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានដាំពោតក្រហមលើផ្ទៃដី ១,៥ហ.ត ដោយប្រើពូជអស់ ២៥គ.ក្រ/ហ.ត កាលពីសប្តាយ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាបថា  ពោតក្រហម គឺជាដំណាំសេដ្ឋកិច្ចសំខាន់នាពេលបច្ចុប្បន្ននៅក្នុងប្រទេស កម្ពុជា ដែលត្រូវបានគេដាំដុះសម្រាប់ធ្វើជាចំណីសត្វ។ ខេត្តត្បូងឃ្មុំ ដំណាំពោតក្រហម នា រដូវប្រាំងមានដាំដុះនៅតាមដងទន្លេមេគង្គ ក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំលើផ្ទៃដី ប្រមាណ ៦ ៥៥៥ហិកតា ដែលគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អនុវត្តការដាំដុះបាន ៣ ៤៧៥ហិកតា ស្មើនឹង ៥៣,០១%។ ក្នុងនោះស្រុកក្រូចឆ្មារ អនុវត្តបាន ២ ៤៧៥ហិកតា ស្មើនឹង ៤៧,១០% នៃផែនការ ៥ ២៥៥ហិកតា និងស្រុកត្បូងឃ្មុំ អនុវត្តបាន ១ ០០០ហិកតា ស្មើនឹង ៧៦,៩២% នៃផែនការ ១ ៣០០ហិកតា។ 
រយៈពេល ២ឆ្នាំចុងក្រោយនេះ ការដាំដុះដំណាំពោតក្រហមរបស់កសិករ នៅក្នុងខេត្តត្បូងឃ្មុំ បានជួបប្រទះបញ្ហាមួយចំនួនដូចជា គ្រាប់ពូជមានដំណុះទាប រងការបំផ្លាញពីសត្វចង្រៃ ជាពិសេស ដង្កូវហ្វូងប្រភេទថ្មីនិងសត្វកណ្តុរ។
# រួមចំណែកទប់ស្កាត់កត្តាចង្រៃលើដំណាំពោតរបស់បងប្អូនប្រជាកសិករ លោក ង៉ែត សំបឿន មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សូមណែនាំនូវវិធានការសំខាន់ៗមួយចំនួន ដែលកសិករត្រូវយកចិត្តទុកដាក់ ៖                                                                                                                 -ត្រូវជ្រើសរើសគ្រាប់ពូជ ឲ្យបានត្រឹមត្រូវ ជាពូជដែលមានការទទួលស្គាល់ច្បាស់លាស់ 
-ត្រូវចុះត្រួតពិនិត្យដំណាំជាប្រចាំ ដើម្បីតាមដានការលូតលាស់ វត្តមានដង្កូវហ្វូងប្រភេទថ្មី និងសត្វកណ្តុរ 
-ត្រូវមានវិធានការជាមុន ដើម្បីការពារការបំផ្លាញរបស់ សត្វចង្រៃ និងជំងឺ (ពិសេសដង្កូវហ្វូង ប្រភេទថ្មី សត្វកណ្តុរ និងជំងឺផ្សិតដូន្នីមីលឌូ) ដែលធ្វើឲ្យប៉ះពាល់ និងធ្លាក់ចុះទិន្នផលច្រើន 
-ត្រូវតាមដានពីស្ថានភាពទឹកនិងគួរស្តុកទឹកក្នុងបឹង ព្រែក សម្រាប់ស្រោចស្រពដំណាំ
-ការបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ដង្កូវ ត្រូវអនុវត្តនៅពេលរសៀលចាប់ពីម៉ោង ៣ ដែលពេលនោះសត្វល្អិត ដង្កូវវារចេញពីជម្រកមករកសុីចំណីវិញ។
-គោលការណ៍ ត្រូវ ៤យ៉ាង ដើម្បីប្រើប្រាស់ថ្នាំកសិកម្មមានប្រសិទ្ធភាព ៖ 
១. ជ្រើសរើសថ្នាំឲ្យបានត្រូវ
២. ជ្រើសរើសពេលវេលាប្រើថ្នាំឲ្យបានត្រឹមត្រូវ
៣. បច្ចេកទេសប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ
៤. ប្រើប្រាស់បរិមាណ ឬកំហាបថ្នាំឲ្យបានត្រឹមត្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter