ពង្រីកផ្ទៃដីដាំដុះ ត្រូវពិនិត្យលទ្ធភាពទឹកសម្រាប់ស្រោចស្រព
ប្រសាសន៍ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជម្រាបជូនដល់រដ្ឋបាលឃុំប៉ើស២ និងបងប្អូនប្រជាកសិករ ដែលទទួលបានស្រូវពូជសង្គ្រោះបន្ទាន់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅចំណុចបឹងគូ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ។
បន្ទាប់ពីផ្តល់ពេលវេលាឲ្យមន្ត្រីជំនាញបង្ហាញពីបច្ចេកទេសដាំដុះស្រូវ ការថែទាំ និងវិធានការទប់ស្កាត់កត្តាចង្រៃ ដល់បងប្អូនប្រជាកសិករ និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម បានស្នើដល់រដ្ឋបាលឃុំ ធ្វើការប្រជុំពិភាក្សា កំណត់ព្រំប្រទល់បឹងឲ្យបានច្បាស់និងពិនិត្យលទ្ធភាពធ្វើទំនប់ព័ទ្ធជុំវិញរក្សាទឹកទុកឲ្យបានច្រើន ចៀសវាងខ្វះទឹកនៅពេលស្រូវចេញកួរ ចេញផ្កា ដាក់ម្សៅ និងគ្រាប់ស្រូវពេញទឹកល្អ ឈានទទួលបានទិន្នផលខ្ពស់។ ការពង្រីកផ្ទៃដីដាំដុះ ក៏ត្រូវពិនិត្យជាមុននូវលទ្ធភាពទឹកសម្រាប់ស្រោចស្រព។
សូមជម្រាបជូនថា ឃុំប៉ើស២ មានផ្ទៃដីស្រូវប្រដេញទឹកខូចខាតដោយជំនន់ទឹកភ្លៀង ២៤៥ហិកតា ស្មើនឹង ២៦៨គ្រួសារ ទទួលបានស្រូវពូជ ១៣ ៤០០គក្រ ដែលមកដល់បច្ចុប្បន្ន បានស្តារឡើងវិញជាស្ថាពរ ហើយកំពុងមានលូតលាស់ល្អ។