កសិករសប្បាយចិត្តព្រោះត្រសក់មានតម្លៃល្អ តែបារម្មណ៍ ខ្វះទឹកដាំដុះបន្ត
ចេញ​ផ្សាយ ១៨ ធ្នូ ២០២០
125

កសិករសប្បាយចិត្តព្រោះត្រសក់មានតម្លៃល្អ តែបារម្មណ៍ ខ្វះទឹកដាំដុះបន្ត
កម្មវិធីទី២ ព្រឹកថ្ងៃសុក្រទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តចុះសួរសុខទុក្ខប្រជាកសិករដាំបន្លែរបស់កសិករ ឈាន នី នៅភូមិព្រែកអាជី ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលដាំត្រសក់ចំណារលើផ្ទៃដី ៧០អារ ដែលគ្រោងប្រមូលផលនៅដើមសប្តាហ៍ក្រោយនេះហើយ។ បងប្រុស ឈាន នី (០៧០ ៣៩ ១៨ ០៦) បានបង្ហាញពីក្តីសប្បាយរីករាយព្រោះដំណាំត្រសក់ចំណារពេលនេះ មានតម្លៃល្អប្រសើរ ហើយសង្ឃឹមថាលើផ្ទៃដីនេះ គាត់នឹងអាចបានចំណូលមិនក្រោម ១០ ០០០ដុល្លានោះទេ។
បន្ទាប់ពីផ្តល់ពេលវេលាឲ្យមន្ត្រីជំនាញបង្ហាញពីបច្ចេកទេសដាំដុះបន្លែ ការថែទាំ និងវិធានការទប់ស្កាត់កត្តាចង្រៃ ឯកឧត្តម បានសំដែងនូវការសប្បាយរីករាយជាមួយគ្រួសារបងប្រុសនិងស្នើសុំដល់បងប្រុសព្យាយាមអនុវត្តតាមបច្ចេកទេសទាំងការដាំដុះថែទាំនិងការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតនិងកត្តាចង្រៃ។ ទន្ទឹមនេះ សូមរដ្ឋបាលឃុំ ធ្វើការប្រជុំពិភាក្សា ពិនិត្យលទ្ធភាពរក្សាទឹកទុកក្នុងអូរ ព្រែកឲ្យបានច្រើន ដើម្បីដាំដុះបន្លែឲ្យបានច្រើនដង ព្រោះបន្លែឆាប់ទទួលបានចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។  ជាពិសេសក្នុងវិបត្តិកូវីដ ១៩នេះ តម្រូវការបន្លែខ្ពស់ ហើយរាជរដ្ឋាភិបាល ក៏ដាក់ផែនការជាអាទិភាពជំរុញផលិតកម្មដំណាំអាយុកាលខ្លីនិងចិញ្ចឹមត្រី សត្វ។
សូមជម្រាបជូនថា ស្រុកក្រូចឆ្មារ មានផ្ទៃដីដាំបន្លែរដូវប្រាំងចំនួន ១០៦ហិកតា រួមមាន ត្រឡាច ៥ហិកតា ល្ពៅ ១២ហិកតា ត្រសក់ចំណារ ២៣ហិកតា ប៉េងប៉ោះ ៣១ហិកតា ត្រសក់ស្រូវ ១០ហិកតា ម្ទេសប្លោក ៥ហិកតា ត្រប់វែង ១២ហិកតា ដំឡូងជ្វា ១៧ហិកតា ឪឡឹក ៦ហិកតា ស្ពៃក្តោប ៨ហិកតា ល្ហុង ០,៥ហិកតា។  ឃុំដែលដាំបន្លែច្រើនជាងគេមានឃុំកំពង់ទ្រាស ព្រែកអាជី និងឃុំទ្រា។ ពេលនេះ ដំណាំនីមួយៗ បានប្រមូលផលបណ្តើរៗហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter