ស្តារឡើងវិញបានហើយ ជាការប្រសើរ អ្វីដែលកាន់តែប្រសើរ គឺការរក្សាទឹកសម្រាប់ស្រោចស្រពឲ្យបានគ្រប់គ្រាន់
ប្រសាសន៍ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជម្រាបជូនដល់រដ្ឋបាលឃុំបឹងព្រួលនិងបងប្អូនប្រជាកសិករ ដែលទទួលបានស្រូវពូជសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាលតាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅចំណុចបឹងរាំង ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ។
បន្ទាប់ពីផ្តល់ពេលវេលាឲ្យមន្ត្រីជំនាញបង្ហាញពីបច្ចេកទេសដាំដុះស្រូវ ការថែទាំ និងវិធានការទប់ស្កាត់កត្តាចង្រៃ ដល់បងប្អូនប្រជាកសិករ ឯកឧត្តម បានស្នើដល់រដ្ឋបាលឃុំ ធ្វើការប្រជុំពិនិត្យ ពិភាក្សា កំណត់ព្រំប្រទល់បឹងរាំងឲ្យបានច្បាស់និងពិនិត្យលទ្ធភាពធ្វើទំនប់ព័ទ្ធជុំវិញនិងស្តារឲ្យជ្រៅ ដើម្បីរក្សាទុកឲ្យបានច្រើន ចៀសវាងខ្វះទឹកនៅពេលស្រូវចេញកួរ ចេញផ្កា ដាក់ម្សៅ គ្រាប់ស្រូវពេញល្អ ទទួលបានទិន្នផលខ្ពស់។
សូមជម្រាបជូនថា ឃុំបឹងព្រួល មានផ្ទៃដីស្រូវប្រដេញទឹកខូចខាតដោយជំនន់ទឹកភ្លៀង ១៩៣ហិកតា ស្មើនឹង ២២២គ្រួសារ ដែលមកដល់បច្ចុប្បន្ន បានស្តារឡើងវិញជាស្ថាពរ ហើយកំពុងមានលូតលាស់ល្អ។