រដ្ឋ ឯកជន(អ្នកបញ្ជាទិញ អ្នកផ្គត់ផ្គង់ធាតុចូល) សហគមន៍កសិកម្ម(អ្នកផលិត) ជាដៃគូរឹងមាំសម្រាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាធុរកិច្ចរវាងសហគមន៍កសិកម្មផលិតបន្លែសុវត្ថិភាពនិងវិស័យឯកជន ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ ដៃគូឯកជន ផ្សារបន្លែពីភ្នំពេញគ្រឹះមន្ត្រីការិយាល័យជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហគមន៍កសិកម្ម នៅសលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។
គោលបំណងនៃការរៀបចំវេទិកា គឺចង់បង្ហាញពីសក្តានុពលបន្លែសុវត្ថិភាព សមត្ថភាព លទ្ធភាព ក្នុងការផ្គត់ផ្គង់របស់សហគមន៍កសិកម្ម ឬក្រុមកសិករ ឬបណ្ដុំអាជីវកម្មដល់អ្នកបញ្ជាទិញ និងបង្ហាញពីតម្រូវការ លក្ខខណ្ឌតម្រូវការផ្សេងៗ របស់ក្រុមហ៊ុន ឬ អ្នកទទួលទិញបន្លែសុវត្ថិភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងសហគមន៍កសិកម្ម អ្នកផលិតបន្ថែសុវត្ថិភាព និងវិស័យឯកជន ឬស្ថាប័នដែលពាក់ព័ន្ធ។
សូមជម្រាបថា ខេត្តត្បូងឃ្មុំ មានសហគមន៍កសិកម្ម ដែលបានចុះបញ្ជី ចំនួន ២៧សហគមន៍ មានសមាជិកចំនួន ២ ០៥០នាក់ ក្នុងនោះស្រីចំនួន ៧០៦នាក់ និងទុនសរុបចំនួន ១ ៨០៥ ៨៣០ ៥៦៧រៀល។
កសិករចងក្រងជាបណ្តុំចំនួន ៤៩បណ្តុំ មានសមាជិកសរុប ២ ០៨១ គ្រួសារ រួមមានបណ្តុំអាជីវកម្មស្រូវចំណី ៦បណ្តុំ លើផ្ទៃដី ៦៨៣ហិកតា បណ្តុំអាជីវកម្មស្រូវពូជ ២បណ្តុំ លើផ្ទៃដី ៥២ហិកតា បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ១៥បណ្តុំ បណ្តុំអាជីវកម្មបន្លែ ១០បណ្តុំ លើផ្ទៃដី ៧៨ហិកតា បណ្តុំអាជីវកម្មចិញ្ចឹមត្រី ១៤បណ្តុំ មានស្រះ ២៩៣ស្រះ និងបែ ១៩០បែ និងបណ្តុំអាជីវកម្មដំឡូងមី ២បណ្តុំ លើផ្ទៃដី ២០៧ហិកតា។
ខ្ញុំ សូមជម្រាបថា ខេត្តត្បូងឃ្មុំ មានការដាំបន្លែលើផ្ទៃដី ១ ៨៧៦ហិកតា ក្នុងនោះនៅរដូវវស្សា ១ ១៣៦ហិកតា និងរដូវប្រាំង ៧៤០ហិកតា។ បច្ចុប្បន្ន មន្ទីរ ពិនិត្យឃើញថា កសិករភាគច្រើន បានប្តូរឥរិយាបទនៃការដាំបន្លែ ដូចជា ការប្រើប្រព័ន្ធស្រោចស្រព ពីទុយោបាញ់ មកទុយោសាច ឬ ទុយោដំណក់ កាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម ហើយអនុវត្តបានល្អប្រសើរតាមបទដ្ឋានបច្ចេកទេស ការដាំក្នុងផ្ទះសំណាញ់ជាដើម។
ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូង បានមានប្រសាសន៍ពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ក្នុងចូលរួមចំណែកជួយគាំទ្រដល់ការបង្កើតបណ្តាញមុខជំនួញ រវាងសហគមន៍កសិកម្ម ជាមួយវិស័យឯកជន ដែលជាតួអង្គយ៉ាងសំខាន់ ហើយនិងមិនអាចខ្វះបានក្នុងខ្សែច្រវាក់ ផលិតកម្មមុខជំនួញដំណាំបន្លែ តាមរយៈការធ្វើមុខជំនួញជាមួយគ្នា។
ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់អនុសាសន៍ក្នុងអង្គវេទិកាធុរកិច្ចរវាងសហគមន៍កសិកម្មផលិតបន្លែសុវត្ថិភាព និងវិស័យឯកជន ថា ការបោះជំហានទៅមុខប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ កសិករ ៖
- ត្រូវតែជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងស្រុក និងទប់ស្កាត់ការនាំចូលបន្លែពីប្រទេសជិតខាង។ - សហគមន៍កសិកម្មផលិតបន្លែសុវត្ថិភាព ត្រូវរៀបចំប្រតិទិនដាំដុះជាដំណាក់ៗបន្តបន្ទាប់ និងគោរពតាមគោលការណ៍ណែនាំពីមន្រ្តីបច្ចេកទេសកសិកម្ម - ត្រូវខិតខំដាំដុះបន្លែគ្រប់ប្រភេទធានាផ្គត់ផ្គង់ឲ្យបានគ្រប់ចំនួនតាមកិច្ចសន្យារបស់អ្នកបញ្ជាទិញទាំងបរិមាណនិងគុណភាព ហើយក្រុមហ៊ុនតូចៗ ដែលជាអ្នកបញ្ជាទិញត្រូវស្វះស្វែង និងសហការផ្សព្វផ្សាយរកទីផ្សារឲ្យបានពិតប្រាកដមុនពេលដាំដុះ និងពេលត្រូវប្រមូលផល។