ការជ្រើសរើសពូជបានសុទ្ធល្អ នាំមកនូវទិន្នផលខ្ពស់
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២០
170

ការជ្រើសរើសពូជបានសុទ្ធល្អ នាំមកនូវទិន្នផលខ្ពស់
រសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោកស្រី ជួប សេង ហុង មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម លោក សំរិទ្ធ វុទ្ធថា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក និងទីប្រឹក្សាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ប្រចាំមន្ទីរ រួមជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំដំរិល បានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មផលិតកម្មស្រូវពូជដំរិល នៅភូមិចន្លោង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ លោក ទួត រីន ជាសមាជិកបណ្តុំអាជីវកម្ម ហើយគាត់បានដំាដុះស្រូវផ្ការំដួល សម្រាប់ផលិតពូជលើផ្ទៃដី ៧០អារ មានការលូតលាស់ ផ្លែផ្កាល្អ ហើយគ្រោងប្រមូលផលនៅសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ 
ការពិនិត្យសណ្ឋានភាពស្រូវ ឃើញថា  គ្រាប់ពណ៌ភ្លឺល្អ កួរស្រូវវែង គ្រាប់ច្រើន មិនមានជំងឺ ដែលមានការកាត់ពូជលាយបានត្រឹមត្រូវ សម្រាប់លក់ និងធ្វើស្រូវពូជ ទុកដាំដុះនៅរដូវក្រោយបាន។ បានល្អហើយ មិនទាន់គ្រប់គ្រាន់នៅឡើយសម្រាប់ការផលិតស្រូវពូជនៅត្រឹមដំណាក់កាលនេះ។ ដើម្បីឲ្យស្រូវពូជ រក្សាបានគុណភាព ប្រសិទ្ធភាព ជាពូជល្អ បន្ទាប់ពីដំណាក់កាលទុំនេះ កសិករត្រូវបន្តអនុវត្តវិធានបច្ចេកទេសមួយចំនួនទៀតដូចតទៅ ៖
-ត្រូវច្រូតកាត់ឲ្យបានទាន់ពេលវេលា រក្សាគុណភាពគ្រាប់ស្រូវល្អ កាត់បន្ថយការបាត់បង់បរិមាណផល ដែលបណ្តាលមកពីការបាក់កកួរ ជ្រុះគ្រាប់ក្នុងវាលស្រែ ឬ ការបំផ្លាញដោយសត្វចាបនិងកណ្តុរ។ ការច្រូតកាត់ ត្រូវធ្វើនៅពេលគ្រាប់ស្រូវទុំល្អ ក្នុងអត្រា ៨៥-៩០%
-ការច្រូតកាត់ដោយម៉ាស៊ីន ត្រូវធ្វើយ៉ាងណាសម្អាតគ្រាប់ស្រូវក្នុងម៉ាស៊ីនឲ្យស្អាតសិន មុននឹងចាប់ផ្តើមច្រូតកាត់
-បន្ទាប់ពីច្រូតរួច ត្រូវយកគ្រាប់ស្រូវទៅហាលសម្ងួតឲ្យស្ងួតល្អ ក្នុងកម្រិតសំណើម ១២-១៤%ប៉ុណ្ណោះ ជៀសវាងការហាលក្នុងលក្ខខណ្ឌថ្ងៃក្តៅខ្លាំងពេក នាំឲ្យដំណុះធ្លាក់ចុះ
-បន្ទាប់ពីហាលបានស្ងួតល្អហើយ ត្រូវសម្អាតឲ្យបានស្អាត រួចត្រូវរក្សាគ្រាប់ពូជក្នុងថង់ស្អាត។ ជាការល្អ គួរដាក់ក្នុងថង់ប្លាស្ទិច និងរក្សាទុកដោយឡែកពីស្រូវចំណី
-ត្រូវសរសេរស្លាកសម្គាល់ឈ្មោះពូជ ដើម្បីកុំឲ្យច្រឡំនៅពេលយកទៅលក់ ឬ ទៅដាំដុះបន្ត
-ផលប្រយោជន៍នៃការសម្រិតសម្រាំងពូជស្រូវបានត្រឹមត្រូវ គឺដើម្បី កាត់បន្ថយបរិមាណពូជ ដែលត្រូវប្រើ ពូជមានដំណុះខ្ពស់ ស្រុះល្អ និងអាចលក់បានក្នុងតម្លៃខ្ពស់។
ថ្ងៃនេះតម្លៃស្រូវចំណី ពូជផ្ការំដួល(ស្រូវសើម)នៅភូមិចន្លោង ឃុំដំរិល ១ ០៦០រៀល/គក្រ។ 
សូមជម្រាបថា ការប្រមូលផលស្រូវកណ្តាលក្នុងខេត្តត្បូងឃ្មុំ សម្រេចបាន ២៨ ៦០០ហិកតា ស្មើ ៨២,៦១%នៃផ្ទៃដីបានដាំដុះ ដោយទទួលបានទិន្នផលជាមធ្យម ៣,២៦តោន/ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter