ពូជស្រូវផ្កាមាលតី ត្រូវបានធ្វើបង្ហាញដល់ប្រជាកសិករ ដើម្បីពង្រីកទំហំផលិតកម្ម ប្រកួតប្រជែងទីផ្សារ
រសៀលថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC)ថ្នាក់ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីអនុវត្តគម្រោង សម្របសម្រួលរៀបចំទិវាស្រែបង្ហាញ ផលិតកម្ម ពូជស្រូវផ្កាមាលតី ដែលចូលរួមអនុវត្តបង្ហាញដោយកសិករ ស៊ឹម ដានី ស្ថិតនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំ ៣ ០០០ម៉ែត្រក្រឡា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ លោកមេឃុំទួលស្នួល លោកប្រធានសហគមន៍កសិកម្មក្ដីសង្ឃឹមកសិករ និងសមាជិកសហគមន៍ សរុប ៦៥នាក់ ក្នុងនោះស្រី ២៥នាក់ ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF)។