សូមអញ្ជើញបញ្ជាទិញបន្លែពីឃុំទ្រា ស្រុកក្រូចឆ្មារ
ព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ដដែលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បាន ឆ្លៀតឱកាសចុះពិនិត្យវឌ្ឍនភាពនៃការស្តារឡើងវិញផ្ទៃដីស្រូវខូចខាត ដោយគ្រោះធម្មជាតិ ខ្ញុំ និងសហការី បានបន្តសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធន់ធានធម្មជាតិ និងបរិស្ថាន ស្រុកក្រូចឆ្មារ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំព្រែកអាជី បានចុះពិនិត្យការដាំដុះដំណាំត្រសក់ចំណារ របស់កសិករ ប៊ន ជុនលាង (0៩៧ ២៦៤ ៩៧ ៩២) នៅភូមិក្តុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលដាំលើផ្ទៃដីសរុប ២០អារ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការលូតលាស់ល្អ ហើយគ្រោងប្រមូលផលនៅសប្ដាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០ខាងមុខ និងការដាំដំណាំល្ពៅរបស់ប្រជាកសិករលើក្នុងភូមិក្តុលក្រោម។
កញ្ញា អាន សុខឡាយ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបរាប់ថា នៅភូមិក្តុលក្រោមនេះ បន្ទាប់ពីរដូវទឹកសម្រក បានដាំដំណាំបន្លែដូចជា ល្ពៅ ត្រឡាច ប៉េងប៉ោះ ត្រប់ និងត្រសក់ចំណារ។ ល្ពៅ ដាំលើផ្ទៃដីប្រមាណ ៤ហិកតា គ្រោងប្រមូលផលនៅសប្តាហ៍ទី៤ ខែធ្នូ រហូតដល់សប្តាហ៍ទី២ ខែមករា ត្រឡាច ដាំលើផ្ទៃដីប្រមាណ ០,២០ហិកតា គ្រោងប្រមូលផលនៅសប្តាហ៍ទី២ ខែធ្នូ ប៉េងប៉ោះ ដាំលើផ្ទៃដីប្រមាណ ១ហិកតា គ្រោងប្រមូលផលនៅសប្តាហ៍ទី៤ ខែមករា ត្រប់វែង ដាំលើផ្ទៃដីប្រមាណ ១,៥ហិកតា គ្រោងប្រមូលផលនៅសប្តាហ៍ទី៤ ខែមករា ត្រសក់ចំណារ ដាំលើផ្ទៃដីប្រមាណ ១,៧០ហិកតា គ្រោងប្រមូលផលនៅសប្តាហ៍ទី៣ ខែធ្នូ ។
ការដាំត្រសក់ចំណារនេះ កសិករបានប្រើប្រាស់ទុយោសាធ មិនមានប្រើកៅស៊ូគ្របរងទេ ហេតុនេះហើយក្នុងចម្គារ មានស្មៅដុះច្រើន ធ្វើឲ្យគ្រួសាររបស់គាត់ត្រូវចំណាយកម្លាំងពលកម្មច្រើន សម្រាប់សម្អាត និងត្រូវដោតចំណារថែមទៀត។
ក្នុងឱកាសនោះ មន្ត្រីជំនាញ បានធ្វើការណែនាំតម្រង់ទិសមួយចំនួនសម្រាប់ពេលនេះនិងលើកក្រោយ ដូចជា ៖
-ត្រូវរៀបចំដីឲ្យបាន ២ ទៅ ៣ដង ដោយរាស់យកស្មៅចេញនិងហាលសម្ងួតដី -ត្រូវគ្របរង ដោយចំប៉ើង ឬ កៅស៊ូប្លាស្ទិក ដើម្បីការពារស្មៅដុះ រក្សាសំណើមបានយូរ -ត្រូវសម្អាតស្មៅជាមុន ទើបប្រើជីបំប៉ន់ដំណាំតាមក្រោយ ដោយជីត្រូវកប់ក្នុងដី ឬ លាយជាមួយទឹកស្រោចតែម្តង -នៅពេលត្រសក់ធំ ត្រូវកាត់ស្លឹកចាស់ៗ ឬ ខ្នែងមួយចំនួនចោល កុំស្តាយ ព្រោះវាជាជម្រកសត្វល្អិត បង្កជំងឺ និងស្រូបយកសារធាតុចិញ្ចឹមពីក្នុងដីច្រើន។ ការកាត់ក៏ត្រូវប្រយ័ត្នផងដែរថា ប្រសិនបើស្លឹក ឬ មែកត្រសក់មានជំងឺ មិនត្រូវប្រើកាំបិត ឬ កន្ត្រៃ រួម កាត់នោះទេ ព្រោះវាអាចចម្លងជំងឺពីមួយទៅមួយបាន
-ត្រូវប្រុងប្រយ័ត្ននៅពេលមានទឹកដកនៅតាមរង ដែលអាចបង្កឲ្យមានជំងឺផ្សិត លើដំណាំ។