ផ្ទៃដីស្រូវខូចខាត ៩៥ភាគរយ នៅក្នុងស្រុកក្រូចឆ្មារ
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២០
197

ផ្ទៃដីស្រូវខូចខាត ៩៥ភាគរយ នៅក្នុងស្រុកក្រូចឆ្មារ ត្រូវបានស្ដារឡើងវិញ
នៅព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ 
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្ត និងសហកាជាមួយលោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន់ស្រុកក្រូចឆ្មារ ក្រុមប្រឹក្សាឃុំព្រែកអាជី មេឃុំទ្រា មេភូមិ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ   បានចុះពិនិត្យការស្ដារឡើងវិញនូវស្រូវរដូវប្រាំង ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គនាពេលកន្លងមក ក្នុងឃុំព្រែកអាជីនិងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។  
សូមជម្រាបថា ជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ បណ្តាលឲ្យស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋមួយចំនួននៅ ៩ឃុំ ខូចខាតលើផ្ទៃដីចំនួន ១ ១៦២ហិកតា។ 
ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ស្រូវពូជចំនួន ៦៥តោន បានផ្តល់ជូនប្រជាពលរដ្ឋចំនួន ១ ២៤១គ្រួសារ ដែលមានស្រូវខូចខាត សម្រាប់រួមចំណែកស្ដារឡើងវិញលើផ្ទៃដីទាំង ១ ១៦២ហិកតា។
តាមការចុះពិនិត្យនិងវាយតម្លៃរបស់ក្រុមការងារពិនិត្យឃើញថា ផ្ទៃដីស្រូវរដូវប្រាំងដែលរងការខូចខាតនៅឃុំទាំង២ ត្រូវបានប្រជាពលរដ្ឋភ្ជួររាស់ ព្រោះឡើងវិញបាន ១០០%ហិកតា ហើយមានការដុះលូតលាស់ល្អប្រសើរ។ តាមរបាយការណ៍របស់លោក ស៊ុ រ៉ា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ បង្ហាញថា ក្នុងឃុំទាំង៩ មានតែឃុំប៉ើស២និងឃុំក្រូចឆ្មារ ដែលផ្ទៃដីស្តារឡើងវិញទើបសម្រេចបាន ៨០% ចំណែកឃុំឯទៀតស្តារបានទាំងស្រុងហើយ។ ជារួមការស្តាឡើងវិញលើផ្ទៃដីស្រែ ដែលមានស្រូវខូចខាតក្នុងស្រុកក្រូចឆ្មារសម្រេចបាន ១ ០៧៩ហិកតា ស្មើនឹង៩៥%នៃផ្ទៃដីខូចខខាត។
ជាការផ្ដាំផ្ញើ លោកអនុប្រធានមន្ទីរ បានណែនាំដល់លោកប្រធានការិយាល័យ បន្តជួយជំរុញធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានស្ដារឡើងវិញលើផ្ទៃដីដែលនៅសល់។ ទន្ទឹមនោះ ក៏សូមលោកប្រធានការិយាល័យ មេឃុំនិងមេភូមិ ជួយបន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឧស្សាហ៍ចុះមើលស្រែ ថែទាំកុំឲ្យមានស្មៅចង្រៃ សត្វល្អិត ដង្កូវ ឬកត្តាចង្រៃផ្សេងៗ បំផ្លាញស្រូវ នាំទៅរកការខូចខាតជាថ្មីទៀត។ ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកសម្រាប់ស្រោចស្រពផងដែរ។
ចំណែកការប្រមូលផលស្រូវរដូវវស្សាក្នុងស្រុកក្រូចឆ្មារ សម្រេចបាន ១ ៣២០ហិកតា  (ស្រូវស្រាល ៤២៥ហិកតានិងស្រូវកណ្តាល ៨៩៥ហិកតា) ស្មើនឹង ៣០% នៃផ្ទៃដីដាំដុះ ៤ ៤០០ហត ដោយទទួលទិន្នផលជាមធ្យម ៣,១៦តោន/ហិកតា។ ការបង្កបង្កើនផលស្រូវរដូវប្រាំង  ភ្ជួររាស់សម្រេចបាន ៤ ៧៥០ហិកតា ដាំដុះបានសម្រេចបាន ៤ ៧២០ ហិកតា ស្មើនឹង ៩០,៧៧% នៃផែនការដាំដុះ។ 
សូមជម្រាបជូនផងដែរថា រហូតមកដល់ថ្ងៃនេះ ការស្តារឡើងវិញផ្ទៃដីស្រែ ដែលមានស្រូវខូចខាតកន្លងមកនៅក្នុងខេត្តត្បូងឃ្មុំ សម្រេចបាន ១ ៧៨១ហិកតា ស្មើនឹង ៧៨%នៃផ្ទៃដីខូចខាត ហើយអាចស្តារបានទាំងអស់។ ភូមិសាស្ត្រមួយចំនួន ការស្តារឡើងវិញយឺត ដោយសារទឹកស្រកយឺត។
បើមានបញ្ហាពាក់ព័ន្ធកសិកម្ម សូមទាក់ទងលេខទូរស័ព្ទមន្ត្រីជំនាញ ០៩៧ ៧១១៧៣៤៦, ០៨៨ ៩៥ ៥៥ ៣៣២, ០១២ ២០០ ៣២៦។

 

ចំនួនអ្នកចូលទស្សនា
Flag Counter