សូមប្រយ័ត្នដង្កូវហ្វូងប្រភេទថ្មី បំផ្លាញដំណាំពោតលោកអ្នក !
ពោតក្រហម (ពោតចំណីសត្វ) ជាប្រភេទដំណាំកសិ-ឧស្សាហកម្ម អាយុកាលខ្លី ដែលត្រូវបានកសិករក្នុងខេត្តត្បូងឃ្មុំ ធ្វើការដាំដុះនៅតាមដងទន្លេមេគង្គ និងតំបន់ទំនាបលិចទឹកទន្លេមេគង្គ ជាពិសេសនៅស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ដំណាំពោតក្រហម(ពោតចំណីសត្វ) មានផ្ទៃដីផលិតកម្ម ១០ ៥០៥ហិកតា ក្នុងនោះ ពោតរដូវប្រាំង ៦ ៨៥៥ហិកតា ដោយចាប់ផ្តើមដាំដុះចាប់ពីពេលទឹកទន្លេស្រកទៅវិញ គឺអំឡុងពីខែវិច្ឆិកាដល់ខែមករា និងប្រមូលផលនៅចុងខែមីនា ដល់ ដើមខែមេសា និងពោតរដូវវស្សា ៣ ៦៥០ហិកតា ដោយចាប់ផ្តើមដាំដុះពីចុងខែមេសា ដល់ ពាក់កណ្តាលខែឧសភា និងប្រមូលផលចាប់ពីខែកក្កដា ដល់ ចុងខែសីហា។
កន្លងមក មន្ទីរ បានតាមដាននិងពិនិត្យឃើញបញ្ហាប្រឈមលើផលិតកម្មដំណាំពោតក្រហម មានដូចជា សត្វល្អិតចង្រៃ (ដង្កូវហ្វូងប្រភេទថ្មី ដង្កូវកាត់និងដង្កូវចោះផ្លែ) និងជំងឺ (ជំងឺលឿងស្លឹក ជំងឺរលាកដំបៅដើម ជំងឺរលួយគ្រាប់ពោត ជំងឺស្លោកស្លឹកលើកូនពោត និងជំងឺផ្សិតដូន្នីមីលឌូ ឬ ជំងឺបួស)។
ឆ្នាំ២០២០នេះ ទឹកទន្លេមេគង្គតូច ហើយតំបន់ដាំដុះដំណាំពោតក្រហម ភាគច្រើនមិនជន់លិចដោយទឹកជំនន់ទឹកទន្លេមេគង្គនោះទេ ដែលជាកត្តាសមប្រកបដល់ពពួកសត្វល្អិតចង្រៃនិងជំងឺ ពង្រីកខ្លួននិងបង្កបង្កើតបាននូវជំនាន់ក្រោយរបស់ពួកវាកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យបារម្មណ៍។ គួររំឮកដែរថា នៅឆ្នាំ២០១៩ ដំណាំពោតក្រហមនៅទូទាំងប្រទេស ត្រូវបានដង្កូវហ្វូងប្រភេទថ្មី (Fall Armyworms) បំផ្លាញអស់ប្រមាណ ១១ ១៤២ហិកតា ជាពិសេសនៅខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ ដោយឡែកនៅខេត្តត្បូងឃ្មុំ ដំណាំពោតក្រហម ក៏ត្រូវបានដង្កូវហ្វូងប្រភេទថ្មី (Fall Armyworms) បំផ្លាញប្រមាណ ៨៥០ហិកតា នៅឃុំរការខ្មុរ ស្រុកក្រូចឆ្មារ។ បន្ទាប់មក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានពិនិត្យឃើញថា ដង្កូវហ្វូវប្រភេទថ្មី បំផ្លាញដំណាំពោតក្រហម រដូវវស្សា នៅកន្លែងផ្សេងទៀត អស់ជាច្រើនហិកតា។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ កសិករបានប្រើប្រាស់ថ្នាំកសិកម្មជាច្រើនប្រភេទសម្រាប់ការធ្វើការការពារនិងកម្ចាត់ដង្កូវហ្វូងប្រភេទថ្មីនេះ ខ្លះកម្ចាត់បាន ខ្លះកម្ចាត់មិនបាន។ ការប្រើប្រាស់ថ្នាំកសិកម្មច្រើនប្រភេទ ឬ ច្រើនមុខ លាយកម្ចាត់ដង្កូវហ្វូងប្រភេទថ្មីនេះ អាចធ្វើឲ្យកសិករខាត់បង់ប្រាក់កាសជាច្រើន ព្រមទាំងប៉ះពាល់ដល់សុខភាពនិងបរិស្ថាន ជាពិសេសធ្វើឲ្យពពួកសត្វល្អិតចង្រៃ មានភាពសុំា និងបង្កើតកូនចៅជំនាន់ក្រោយកាន់តែច្រើនឡើង។
ស្របពេលនេះរដូវកាលដាំដុះដំណាំពោតក្រហមរដូវប្រាំងក៏បានមកដល់ កសិករមួយចំនួន បានធ្វើការដាំដុះរួចរាល់ រីឯចំនួនទៀតកំពុងរៀបចំដីសម្រាប់ដាំដុះផងដែរ។ ដើម្បីចូលរួម ចំណែកក្នុងការបង្កើតប្រាក់ចំណូលគ្រួសារប្រជាកសិករ តាមរយៈការដាំដំណាំពោតក្រហមនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សូមផ្តល់នូវវិធានបច្ចេកទេសមួយចំនួនសម្រាប់បងប្អូនប្រជាកសិករអនុវត្ត មានដូចតទៅ ៖
១-ត្រូវចុះពិនិត្យចម្ការជាប្រចាំ សម្អាតស្មៅ នៅជុំវិញនិងក្នុងចម្ការ
២-ត្រូវចុះពិនិត្យតាមដាននូវវត្តមានសត្វមានប្រយោជន៍ ដូចជា ស្រមោច ខ្មូតកន្ទុយពីរ ពីងពាងជាដើម ដែលជាសត្រូវធម្មជាតិរបស់ដង្កូវហ្វូងប្រភេទថ្មី
៣-ជីកចង្អូរនៅតាមព្រំចម្ការ រួចរោយផេះពីលើ ឬ បាញ់ប្រេងម៉ាសូតតាមចង្អូរនោះ ដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវ និងកុំឲ្យពួកវាឆ្លងកាត់ចូលទៅក្នុងចម្ការបាន
៤-ប្រើមែកឈើស្រស់ ឬ ស្លឹកចេក ឬ វត្ថុដទៃទៀតដែលអាចជាម្លប់ យកទៅរាយក្នុងចម្ការ ឲ្យបានច្រើនកន្លែងចន្លោះពី ៤ម៉ែត្រ ទៅ ៥ម៉ែត្រ ដើម្បីជាជម្រករបស់ដង្កូវហ្វូងប្រភេទថ្មី
៥-ចំពោះចម្ការមានទឹក ឬ ក្បែរប្រភពទឹក ត្រូវកៀរដង្កូវ រួចបាចដីខ្សាច់លាយជាមួយប្រេងម៉ាសូត ដើម្បីសំលាប់ពួកវា
៦-ប្រើអន្ទាក់ជូរអែម ដើម្បីតាមដាននូវវត្តមានមេអំបៅ ដែលជាភ្នាក់ងារបង្កើតពពួកដង្កូវហ្វូងប្រភេទថ្មី
៧-ប្រសិនបើចាំបាច់ ត្រូវប្រើប្រាស់ថ្នាំកសិកម្មឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដោយត្រូវពិភាក្សាជាមួយនឹងមន្រ្តីជំនាញមុនពេលសម្រេចចិត្តប្រើប្រាស់ថ្នាំកសិកម្ម ដែលមានធាតុសកម្មដូចជា Emamectin benzoat, Indoxacarb, Chloratraniliprol, Flubendiamide , Fiproni ដើម្បីកម្ចាត់ដង្កូវហ្វូងប្រភេទថ្មី។
ស្រាវជ្រាវនិងចងក្រងដោយ ៖ លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្តត្បូងឃ្មុំ
ពិនិត្យនិងកែសម្រួលអត្ថបទដោយ ៖ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ