វិធានបច្ចេកទេសមួយចំនួន កសិករដាំពោត ត្រូវយកចិត្តទុកដាក់
ពោតគឺជាដំណាំសេដ្ឋកិច្ចមួយនៅក្នុងប្រទេសកម្ពុជា។ ពោតដែលពេញនិយមដាំមាន ពោតក្រហមនិងពោតស ដោយពោតក្រហមគេដាំដុះសម្រាប់ជាចំណីសត្វ រីឯពោតសគឺដាំក្នុងស្រុកសម្រាប់ការប្រើប្រាស់របស់មនុស្សដូចជា ដុត ស្ងោ អាំង ឆា និងកែច្នែជាម្សៅពោត នំពោត អាហារកំប៉ុង ជាដើម។
ពោត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជា ប្រូតេអុីន ១០ភាគរយ ជាតិប្រេង ៤,៣ភាគរយ កាបូនអុីត្រាត ៧៣,៤ភាគរយ និងជាតិរ៉ែ ១,៤ ភាគរយ។ ការដាំពោតនៅខេត្តត្បូងឃ្មុំ មាន២វគ្គ គឺនៅរដូវវស្សានិងរដូវប្រាំង។ ពេលនេះ ជាវេលាដែលកសិករនៅស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ ត្រូវចាប់ផ្តើមភ្ជួររាស់ដី ដាំពោតរដូវប្រាំងហើយ។ ដើម្បីទទួលបាននូវទិន្នផលខ្ពស់ កសិករចាំបាច់ត្រូវតែអនុវត្តវិធីសាស្ត្របច្ចេកទេសខ្លីៗងាយៗដូចខាងក្រោម ៖
ក. ការរៀបចំដី
+ ការរៀបចំដីនៅរដូវប្រាំង
-ភ្ជួររាស់ដីឲ្យបានម៉ដ្ឋល្អ ត្រូវហាលដីពី ៥ ទៅ ៧ថ្ងៃ ដើម្បីសម្លាប់ស្មៅ សត្វល្អិត និងជំងឺផងដែរ
-យើងអាចភ្ជួរដីលើកទី២ ក្រោយភ្ជួរលើកទី១ បាន៧ថ្ងៃ និងធានាថាដីនោះ នៅមានសំណើមនិងម៉ដ្ឋល្អ
+ ការរៀបចំដីនៅរដូវវស្សា
-ភ្ជួររាស់ដីក្នុងជម្រៅពី ១០-២០សង់ទីម៉ែត្រ(២តឹក) ត្រូវហាលដីពី ៥ ទៅ ១៥ថ្ងៃ ដើម្បីសម្លាប់ស្មៅ សត្វល្អិត និងជំងឺផងផ្សេង
-យើងអាចភ្ជួរដីលើកទី២ ក្រោយភ្ជួរលើកទី១ បានពី ៥ទៅ១៥ថ្ងៃ និងអាចដាក់ជីធម្មជាតិ ទ្រាប់បាតពី ១៥ ទៅ ២០តោន/ហិកតា
-លើករងទទឹង ១ម៉ែត្រ កម្ពស់ពី ២០-៣០សង់ទីម៉ែត្រ(២-៣តឹក) នៅរដូវប្រាំង និង ៣០-៤០ សង់ទីម៉ែត្រនៅរដូវវស្សាបើមានចំប៉ើងអាចយកដាក់គ្របតាមបណ្តោយរង។
ខ.ការជ្រើសរើសពូជ
-គ្រាប់ពូជល្អ ស្ងួតល្អ ផ្តល់ទិន្នផលខ្ពស់
-គ្រាប់ពូជសុទ្ធល្អ មានភាពសុទ្ធលើសពី ៩៥%
-គ្រាប់ពូជ ដែលមានអត្រាដំណុះលើសពី ៨៥%
-គ្រាប់ពូជថ្មី មិនទុកយូរខែ ឆ្នាំពេក
-គ្រាប់ពូជធន់ទៅនឹងជំងឺ សត្វល្អិតបំផ្លាញ និងមិនបែកប្រេះ
-ក្នុងករណីទិញគ្រាប់ពូជ ត្រូវទិញពូជដែលមានជាអក្សរខ្មែរលើសំបកកញ្ចប់ និងមើលកាលបរិច្ឆេទផង។
គ. ការដាំដុះ
-ក្នុងផ្ទៃដី ១ហិកតា គេត្រូវប្រើគ្រាប់ពូជពី ២៥-៣០គក្រ (អាស្រ័យលើពូជ)
-យកគ្រាប់ពូជដែលបានហាលស្ងួតទៅត្រាំទឹករយៈពេល ៤-៦ម៉ោង
-បន្ទាប់មកលាយថ្នាំផ្សិត កាបថេនស៍(Captance) 50WP ដោយប្រើក្នុងកម្រិត ៩០ក្រាម លាយជាមួយគ្រាប់ពោត ៣០គ.ក្រ ដើម្បីការពារជំងឺផ្សិត
-ដាំគ្រាប់ជម្រៅ ៣-៥ស.ម នៅរដូវវស្សា និង ៥-៨ស.ម នៅរដូវប្រាំង
-១រណ្តៅ អាចដាំ ២ ទៅ ៣គ្រាប់ ( ជាការល្អ កសិករគួរបណ្តុះកូនបម្រុងទុកចំនួនពី ៤ ទៅ ៦គីឡូក្រាម ត្រៀមសម្រាប់ដី ១ហិកតា)
-ចន្លោះគុម្ព ៣០-៥០សង់ទីម៉ែត្រ(៣-៥ តឹក) និងចន្លោះជួរ ៥០-៧៥សង់ទីម៉ែត្រ(៥-៧,៥ តឹក)។
ឃ. ការប្រើប្រាស់ជីធម្មជាតិនិងជីគីមីកសិកម្ម
-១៥ថ្ងៃមុនដាំ ដាក់ជីធម្មជាតិ ជីលាមកសត្វដែលពុកផុយ(ជីកំប៉ុស្ត៍ ពី ១៥ ទៅ ២០តោន/ហិកតា ដោយភ្ជួរលប់ក្នុងដី
-មុនដាំកូន ៥-៧ថ្ងៃ ត្រូវប្រើជី ២០-២០-១៥ ទ្រាប់បាត ៥ក្រាម ឬ ១ស្លាបព្រាបាយ/គុម្ព
-ដាំបាន ៧-១០ថ្ងៃ ប្រើជីអ៊ុយរ៉េ ឬ ជីក្រាម(ជីស) ១,៥ក្រាម ឬ ១ស្លាបព្រាកាហ្វេ/គុម្ព ដាក់ឆ្ងាយពីគល់ ១០សង់ទីម៉ែត្រ(១តឹក)
-ក្រោយដាំបាន ៣០ថ្ងៃ ប្រើជី ២០-២០-១៥ ៥ក្រាម ឬ ១ស្លាបព្រាបាយ/គុម្ព ដាក់ឆ្ងាយពីគល់ ១៥-២៥សង់ទីម៉ែត្រ(១,៥-២,៥តឹក)
-ក្រោយដាំបាន ៥០ថ្ងៃ ប្រើជី ២០-២០-១៥ និងជី ០-០-៦០ ១០ក្រាម ឬ ២ស្លាបព្រាបាយ/គុម្ព ដាក់ឆ្ងាយពីគល់ ១៥-២៥សង់ទីម៉ែត្រ(១,៥-២,៥តឹក)
-គ្រប់ពេលដាក់ជី យើងកប់ក្នុងដីដោយឆូតតាមបណ្តោយរងជម្រៅប្រហែល ១០ ទៅ ១៥ សង់ទីម៉ែត្រ(១-១,៥តឹក) រួចលប់ដីមកវិញ។
ង. ការជួសកូននិងបំបែកកូន
-ដាំបាន ២-៣ថ្ងៃ ជួសនៅគុម្ពដែលអត់ដុះពន្លក
-ពោតដុះបាន ១៥ថ្ងៃ ឬ មានស្លឹកពី ៣-៤សន្លឹក ឬ មានកម្ពស់ ១០-១៥ស.ម ទុកកូនដែលល្អ ១-២ដើម/គុម្ព។
ច. ការជ្រួយដី ធ្វើស្មៅ ពូនគល់
-ដកស្មៅឲ្យបានទៀតទាត់
-ធ្វើការជ្រោយដី ពូនគល់លើកទី១ បន្ទាប់ដាំបាន ១៥ថ្ងៃ
-១៥ថ្ងៃក្រោយលើកទី១ ត្រូវជ្រោយដីពូនគល់លើកទី២
-ធ្វើការស្រោចទឹក ឬ បញ្ចូលទឹកពេលឃើញដីចាប់ផ្តើមស្ងួត។
ស្រាវជ្រាវនិងរៀបរៀងដោយ ៖ លោក ហុីម ភីរុន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តត្បូងឃ្មុំ
ពិនិត្យអត្ថបទដោយ ៖ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ